- ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

សៀមរាប៖ សមរាត្រី ឬហៅថា Equinox តែងកើតមាន២ដងក្នុងមួយឆ្នាំ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នោះ គឺនៅក្នុងខែមីនា ហៅថាសមរាត្រីរដូវប្រាំង និងខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា។ ក្នុងខែមីនា ព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត កើតឡើងនៅថ្ងៃទី២៣ ខែមីនា។ យ៉ាងណាមិញ មហាជនមួយចំនួន តែងទៅចាំអង្កេត និងរង់ចាំមើលព្រឹត្តិការណ៍នេះរយៈពេល៣ថ្ងៃ ដែលពួកគេជឿថា វានឹងកើតនៅចន្លោះថ្ងៃ២០-២២ខែមីនា។
ព្រះអាទិត្យពណ៌មាស នឹងសណ្ដូកខ្លួនសន្សឹមៗ ចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត ។ ព្រឹត្តិការណ៍នេះ បានបង្កើតជាទស្សនីយភាពដ៏អស្ចារ្យបំផុត នៅលើប្រាសាទបុរាណខ្មែរ និងមានតែមួយលើលោក។ សាធារណជន ពិសេសភ្ញៀវទេសចរ ទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍នេះ ដែលខ្លះក្រោកទៅរង់ចាំឈរលើស្ពានហាល តាំងពីម៉ោង៣ ឬម៉ោង៤ ទៀបភ្លឺ។ ទេសចរមានទូរសព្ទកាន់ ស្ទើរគ្រប់ដៃ បានចុចផ្តិតរូបភាពដ៏អស្ចារ្យនេះមិនសំច័យឡើយ។ ពួកគេថតរូបខ្លួនឯង ជាមួយដៃគូ និងជាគ្រួសារ ដើម្បីទុកជាការចងចាំដ៏ល្អនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ខេត្តសៀមរាប និងត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ។ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ ក្នុងន័យរំឭកដល់ទេសចរ កុំឱ្យខកខាន រំលងទស្សនាព្រឹត្តិការណ៍មួយនេះ។
សមរាត្រីនៅខែមីនា ឆ្នាំ២០២៤។ រូបភាព៖ MOON- Sok Sanita
អ្នកផលិតមាតិកាទេសចរណ៍ដ៏ល្បីមួយរូបនៅខេត្តសៀមរាប កញ្ញា សុខ សានីតា ឬ MOON- Sok Sanita ក៏បានត្រៀមខ្លួនដើម្បីផ្តិតរូបភាពក្នុងព្រឹត្តិការណ៍សមរាត្រីនាពេលខាងមុខដែរ។ ទោះបីចូលរួមច្រើនដងក៏ពិតមែន តែ MOON នៅតែស្ងប់ស្ងែងនឹងព្រឹត្តិការណ៍មួយនេះ និងបន្តផ្តិតយករូបភាពស្អាតៗ ផ្សព្វផ្សាយទៅកាន់ពិភពលោក។ MOON ចង់ឱ្យមនុស្សម្នាដឹងថា អង្គរវត្តខ្មែរពិតជាអច្ឆរិយៈ និងជាព្រឹត្តិការណ៍ពិត ហើយមិនមានការបង្កើតដោយបច្ចេកវិទ្យា AI ឡើយ។
ដោយឡែកអ្នកផលិតមាតិកាដ៏ល្បីមួយរូបទៀត គឺលោក ពៅ អរុណ ក៏បានត្រៀមខ្លួន និងសម្ភារសម្រាប់ ផ្តិតរូបភាពក្នុងព្រឹត្តិការណ៍សមរាត្រីនេះដែរ។ ចូលរួមតាំងពីឆ្នាំ២០១៧មក អរុណ ចាត់ទុកសមរាត្រី ថាជាថ្ងៃដ៏ពិសេសមួយ គឺព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ដែលមាននៅមួយនៅប្រាសាទខ្មែរ។ អរុណ បន្តនិយាយយ៉ាងដូច្នេះ៖« ក្នុងនាមជាប្រជាជនខ្មែរម្នាក់ ខ្ញុំមានអារម្មណ៍រំភើបពេលបានឃើញផ្ទាល់ ហើយក៏សប្បាយចិត្តនៅពេលឃើញ អ្នកមកចូលរួមពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងមានទាំងភ្ញៀវជាតិ និងអន្តរជាតិ»។
អរុណ យល់ថា ការកើនឡើងនៃចំនួនទេសចរក្នុងព្រឹត្តិការណ៍សមរាត្រីនេះ ក៏ដោយសារមានការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់ទូរសព្ទដៃទំនើប ដែលពួកគេបានបង្ហោះតាមបណ្ដាញសង្គមនានា ដែលទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើន ដែលចង់ឃើញទិដ្ឋភាព ដ៏អស្ចារ្យនេះ។
សមរាត្រីរដូវវស្សា នឹងកើតឡើង នៅក្នុងខែកញ្ញា ចំថ្ងៃទី២២កញ្ញា៕