- ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:០០ នាទី រសៀល

កំពង់ស្ពឺ៖ នារី មានសមត្ថភាពដូចបុរស ហើយមានភាពទន់ភ្លន់ជាងបុរស ដែលសមបម្រើការងារនៅផ្នែកនៅច្រកចេញចូលតែមួយ។ នេះជាការរលើកឡើងរបស់លោកស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលចង់ឃើញ នារីមានតួនាទីកាន់តែច្រើននៅថ្នាក់ក្រោមជាតិ ខណៈបច្ចុប្បន្នចំនួននារីបម្រើការនៅថ្នាក់ក្រោមជាតិ មិនទាន់ច្រើននៅឡើយ។
«ជំងឺរបស់យើង គឺនារីបម្រើការនៅថ្នាក់ក្រោមជាតិនៅមានកម្រិត»។ លោក ស សុខា ថ្លែងបែបនេះ ដោយណែនាំឱ្យពិនិត្យឡើងវិញអំពីការប្រគល់តួនាទីភារកិច្ច និងការផ្ដល់មុខតំណែងដល់មន្ត្រីជានារីក្របខណ្ឌក្រសួងមហាផ្ទៃថ្នាក់ក្រោមជាតិ។ លោក ស សុខា ហៅការខ្វះខាតនារីបម្រើការងារនៅថ្នាក់ក្រោមជាតិ ថា ជា «ជំងឺ» ក៏ព្រោះតែ វាជាបញ្ហា២០ទៅ៣០ឆ្នាំមកហើយ។
ឧបនាយករដ្ឋមន្រ្តី ស សុខា យល់ឃើញថា តួនាទីមួយចំនួន មិនចាំបាច់ជាបុរសនោះទេ ។ ពោលគឺតួនាទីនៅច្រកចេញចូលតែមួយនៅតាមថ្នាក់ខេត្ត និងថ្នាក់ស្រុក គួរមាននាទីបម្រើការងារច្រើន ដែលជាការងារស្រាល និងត្រូវការភាពទន់ភ្លន់។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចង់ឃើញវត្តមាននារីកាន់តែច្រើននៅផ្នែកនគរបាល និងសេវាសាធារណៈ។
«តួនាទីប្រចាំការនៅប៉ុស្ដ៍ និងឃុំ ប្រសិនបើប្រឡងបានពិន្ទុស្មើគ្នា គួរតែនារីមានអាទិភាព។ ការងារប្រចាំថ្ងៃនៅទីតាំងដដែល ស្ត្រីអាចមានសមត្ថភាពគិតគូរបានច្បាស់លាស់»។ លោក ស សុខា ថ្លែងបែបនេះ ដោយបន្តថា ការងារបម្រើសេវាដល់ប្រជាពលរដ្ឋ ត្រូវការភាពទន់ភ្លន់។ លោកមើលឃើញថា កន្លងមកការផ្ដល់សេវាសាធារណៈស្រ្តីមានភាពទន់ភ្លន់ជាងបុរស។
បើតាមលោក ស សុខា ក្រសួងមហាផ្ទៃ មាននារីបម្រើការងារច្រើនជាងគេ ។ ប៉ុន្តែ លោកមិនទាន់ពេញចិត្តចំនួននេះនៅឡើយ។ រដ្ឋមន្រ្តីចង់ឃើញនារីមានតួនាទីកាន់តែច្រើននៅក្នុងក្រសួងមហាផ្ទៃ៕