- ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១២:០០ នាទី រសៀល

ក្រសួងមហាផ្ទៃ សម្រេចដកដំណែងលោក សោម សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមករណីប្រព្រឹត្តអំពើពុករលួយ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏សម្រេចដាក់ទណ្ឌកម្មកម្រិតទី១ លើអធិការរង នាយករង និងនាយរង នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបមួយចំនួនទៀតផងដែរ។
លោក សោម សារ៉ន បានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍ រួមមាន រថយន្តម៉ាក Camery ឆ្លាម១គ្រឿង គោយន្តកែច្នៃ១គ្រឿង និងបានឱ្យនគរបាលបង់ប្រាក់ ៥០០ដុល្លារ ជាថ្នូរ នឹងការតែងតាំងមុខតំណែង និងឡើងឋានន្តរស័ក្តិ។ លោក សារ៉ន ក៏បានឱ្យអាណាព្យាបាលរបស់ជនសង្ស័យប្រើប្រាស់គ្រឿងញៀន បង់ប្រាក់ចំនួន ២០០ដុល្លារ ជាថ្នូរនឹងការដោះលែង និងបានឱ្យមន្រ្តីនគរបាលបង់ប្រាក់ចំនួន ៤០០ដុល្លារក្នុងមួយបន្ទប់ជាថ្នូរនឹងការចូលបម្រើការងារនៅក្នុងអគារថ្មី។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ។
លើសពីនេះ លោក សោម សារ៉ន បានឱ្យជនជាតិបង់ក្លាដែស ឆ្លងដែនខុសច្បាប់ ដោយបង់ប្រាក់ចំនួន ៥ ០០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ លោក សោម សារ៉ន បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅកាន់មន្រ្តីក្រោមឱវាទ ដែលទង្វើទាំងនេះបានប្រព្រឹត្តផ្ទុយនឹងបទវិន័យនគរបាលជាតិ។
ក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចជូនអគ្គស្នងការនគរបាលជាតិ ដើម្បីដាក់ទណ្ឌកម្មវិន័យកម្រិតទី១ ចំពោះលោក វ៉ា សំណាង វរសេនីយ៍ត្រី អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌, លោកអនុសេនីយ៍ឯក ផាត់ ផល នាយករងផ្នែកអន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន នាយករងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការនគរបាលខេត្តស្វាយរៀង បានព្រមានតាមរូបភាពជាលាយលក្ខណ៍អក្សរលើកទី១។ ក្រសួងមហាផ្ទៃ ដាក់ទណ្ឌកម្មកម្រិតទី២ ចំពោះលោក សោម សារ៉ន ស្នងការនគរបាលស្រុកស្វាយទាប ក្រោមរូបភាពដកតំណែង និងបន្ថយឋានន្តរស័ក្កិចំនួន ២ថ្នាក់។
បើតាមក្រសួងមហាផ្ទៃ ការដកតំណែងនេះ ជាលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវលើខ្លឹមសារគណនីយហ្វេសប៊ុកឈ្មោះ Bong Vy ដែលបានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុកលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕