ជនជាតិខ្មែរ៥នាក់ ជាប់ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងជនជាតិចិនម្នាក់នៅខេត្តកណ្តា​ល
  • ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៤០ នាទី រសៀល
ជនជាតិខ្មែរ៥នាក់ ជាប់ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងជនជាតិចិនម្នាក់នៅខេត្តកណ្តា​ល
ជនជាតិខ្មែរ១នាក់ក្នុងចំណោម៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងជនជាតិចិនម្នាក់នៅខេត្តកណ្តាល។

កំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកណ្តាល ស្រាវជ្រាវរកឃើញជនសង្ស័យជនជាតិខ្មែរចំនួន ៥នាក់ មានជាប់ព័ន្ធពាក់នឹងករណីចាប់បង្ខាំងចិន ។ ក្នុងចំណោមជនសង្ស័យទាំង៥នាក់នេះ គឺមានម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ខណៈ៤នាក់ទៀត កំពុងរត់គេចខ្លួន។​

TTN-Free-Banner-In-Article-PC

ប្រជាពលរដ្ឋ ថតបានជនជាតិចិនម្នាក់ លោតចេញពីរថយន្តម៉ាក Prius ដែលកំពុងបើកបរនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានា កាលពីថ្ងៃទី៣ ខែមីនា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋានខេត្តកណ្តាល នាថ្ងៃទី៨ ខែមីនា  ជនរងគ្រោះជាជនជាតិចិននោះ  ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវបានជនជាតិខ្មែរឈ្មោះ ជា វុទ្ធី ចាប់បង្ខាំង និងដឹកតាមរថយន្ត។ 

ជនសង្ស័យ ជា វុទ្ធី ដែលប៉ូលិសចាប់ខ្លួនបាននោះ មានអាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី នៅភូមិព្រៃឈើទាល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន​ សមត្ថកិច្ច កំពុងស្រាវជ្រាវជនសង្ស័យជាជនជាតិខ្មែរ៤នាក់ទៀតដែលជាប់ព័ន្ធនឹងករណីចាប់បង្ខាំងជនជាតិខាងលើ។​

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានសរសររៀបរាប់យ៉ាងលម្អិតលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា  នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១:០៥នាទី ឈ្មោះ ជា វុទ្ធី បានទៅដឹកជនរងគ្រោះឈ្មោះ LIU SEN ជនជាតិចិន ចេញពីព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ហើយបន្តដំណើរទៅយកបក្ខពួកចំនួន៣នាក់ទៀត ភេទប្រុស ជាជនជាតិខ្មែរ នៅម្តុំផ្លូវក្រវ៉ាត់ក្រុងទី៣។ ពេលមកដល់ផ្លូវក្រវាត់ក្រុងទី៣ ជា វុទ្ធី​ បានឃើញបក្ខពួកពាក់អាវ ពណ៌ខ្មៅ ឈរនៅចិញ្ចើមផ្លូវ ហើយបានអែបរថយន្ត។ បក្ខពួកនោះ ក៏បានឡើងលើរថយន្ត ដោយម្នាក់បានមកជិះខាងមុខស្តាំដៃ រីឯបក្ខពួកចំនួន ២នាក់ទៀត បើកទ្វារក្រោយចូលក្នុងរថយន្ត។ ជនសង្ស័យ  ក៏បានដឹកជនរងគ្រោះ បន្តទៅមុខក្នុងគោលដៅទៅបាវិត។

ជនរងគ្រោះជនជាតិចិន ក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យជនជាតិខ្មែរនៅក្នុងរថយន្ត។ ជនរងគ្រោះ ក៏បានបើកទ្វាររថយន្ត រួចលោតចេញពីរថយន្ត។ ជនសង្ស័យ ជា វុទ្ធី បានប្រាប់សមត្ថកិច្ចថា គេបានទាក់ទងទៅឈ្មោះ ឧត្តម ដែលជាអ្នកចាត់ចែង និងបានប្រាប់ថា៖ «បងៗ វារត់រួចហើយ បន្ទាប់មកឈ្មោះ ឧត្តម នោះ ក៏ឱ្យខ្លួនទម្លាក់បក្ខពក០៣នាក់នោះចុះ រួចឲ្យខ្លួនគេចទៅណាទៅៗ ផុតពីកន្លែងហ្នឹង។»

បច្ចុប្បន្ន ជនសង្ស័យផ្សេងទៀត មិនទាន់ចាប់បាននៅឡើយ។ កម្លាំងជំនាញពាក់ព័ន្ធ កំពុងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធដែលរត់គេចខ្លួន៕ 


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា