- ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:០០ នាទី ល្ងាច

អ្នកស្រី ឋិន វណ្ណា បានចាក់សោទ្វាររបងផ្ទះមិនឲ្យក្រុមកីឡាករ១១នាក់ ចេញពីផ្ទះ ដោយសារខឹងប្តីជាគ្រូប្រដាល់ចេញបាត់ពីផ្ទះ៤ថ្ងៃ ដែលស្ថិតនៅនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការចាក់សោរបងខាងក្រៅបែបនេះ អាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កីឡាករទាំង១១នាក់នោះ ក្នុងករណីមានភ្លើងឆេះ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
នៅថ្ងៃទី៧ ខែមីនា អ្នកស្រី ឋិន វណ្ណា មានជម្លោះជាមួយស្វាមី ដែលជាគ្រូបង្វឹកប្រដាល់។ ស្រ្តីរូបនេះ ខឹងទូរសព្ទទាក់ទងស្វាមីមិនបាន និងមិនមកផ្ទះអស់រយៈពេល ៤ថ្ងៃ។ អ្នកស្រី វណ្ណា ក៏សម្រេចចាក់សោរបងផ្ទះមិនឱ្យកូនសិស្សប្រដាល់ចំនួន ១១នាក់ ចេញទៅប្រកួតប្រដាល់។
ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ផងដែរ។ ក៏ប៉ុន្តែ អ្នកស្រី ឋិន វណ្ណា បែរជាប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទៅវិញ។ តែយ៉ាងណាមិញ អ្នកស្រី ក៏បានដោះសោរបងផ្ទះ និងឱ្យកូនសិស្សប្រដាល់ចេញទៅប្រកួតវិញ។
«ខ្ញុំសុំទោសបងៗសមត្ថកិច្ច ដែលខ្ញុំមិនបានសហការជាមួយគាត់។ ខ្ញុំសុំទោសបងៗសារព័ត៌មានទាំងអស់។ នេះជាកំហុសមួយ ដែលខ្ញុំធ្វើឱ្យសង្គមវឹកវរ ដោយសារតែរឿងផ្ទាល់ខ្លួនបន្តិចបន្តួច ដែលខ្ញុំអាចទប់អារម្មណ៍បាន។ ខ្ញុំសុំឱ្យមហាជនឈប់យល់ច្រឡំ និងឈប់ជេរខ្ញុំតាមបណ្ដាញសង្គមទៅ ព្រោះខ្ញុំបានខុសទៅហើយ។» ។ អ្នកស្រី វណ្ណា បានចេញវីដេអូសុំទោស ដែលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសាធារណៈ នារសៀលថ្ងៃទី៨ ខែមីនា នេះ។
អ្នកស្រី ឋិន វណ្ណា បានចូលខ្លួនមកសារភាពកំហុសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ថាខ្លួន ឈប់ប្រព្រឹត្តសកម្មភាពទាំងនេះតទៅទៀត។ បច្ចុប្បន្នកីឡាប្រដាល់ទាំង១១នាក់ ចេញទៅប្រកួតខេត្តបាត់ដំបង៕