- ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី ព្រឹក

សៀមរាប៖ សួនកុមារ៣ទីតាំង នឹងត្រូវរៀបចំនៅក្នុងក្រុងសៀមរាប ដើម្បីបម្រើប្រយោជន៍សាធារណៈ ពិសេសកុមារ។ បើតាមលោក ធា សថានី អភិបាលរងក្រុងសៀមរាប ទីតាំងសួនទាំង៣នោះ គឺមាន១កន្លែង ស្ថិតនៅខាងលិចស្ទឹងសៀមរាប ល់មុខចន្លោះវត្តព្រះឥន្ទកោសី និងព្រះឥន្ទកោសា, ១កន្លែងទៀតនៅ សួនច្បារឯកឧត្តម អ៊ុង អឿន រីឯ១កន្លែងទៀត គឺស្ថិតនៅខាងកើតស្ទឹងសៀមរាប ទល់មុខផ្សារអង្គរទ្រេត។
លោក សថានី បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ អាជ្ញាធរបានរៀបចំសួនកុមារមួយកន្លែងសិន គឺនៅខាងលិចស្ទឹងសៀមរាប ចន្លោះវត្តព្រះឥន្ទកោសី និងវត្តព្រះឥន្ទកោសា ដែលសាធារណជន និងកុមារ អាចទៅកម្សាន្តបាន។ ចំណែក២ទីតាំងទៀត រដ្ឋបាលក្រុងសៀមរាប នឹងរៀបចំនៅអំឡុងខែ ឧសភា។
រូបភាព៖ លោក ធា សថានី
គម្រោងរៀបចំសួនកុមារនេះ ជាគំនិតផ្តួតផ្តើមពីអភិបាលខេត្តសៀមរាប ដោយមានការគាំទ្រពីស្ថាប័ន និងសប្បុរសជន ដែលជាដៃគូសហការ។ អភិបាលរងក្រុងសៀមរាបរូបនេះ បញ្ជាក់ពីគោលបំណងសំខាន់នៃការបង្កើតសួនកុមារទាំង៣កន្លែងយ៉ាងដូច្នេះ៖« បំណងរបស់យើង គឺចង់ឱ្យទីសាធារណៈដែលមានម្លប់ កន្លែងបរិយាកាសល្អៗ បម្រើផលប្រយោជន៍កុមារ មនុស្សចាស់ សាធារណជនទូទៅឱ្យបានច្រើន។ យើងចង់ពង្រីកទីតាំងសាធារណៈរបស់យើង ដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យើងទាំងអស់ ក៏ដូចជាភ្ញៀវទេសចរ»។
គេសង្កេតឃើញថា ការពង្រីកសួនច្បារ និងសួនកុមារនៅក្នុងក្រុងសៀមរាប រីកចម្រើនគួរឱ្យកត់សម្គាល់។ ទីតាំងទាំងនោះ ដូចនៅសួនច្បារព្រះរាជដំណាក់ សួនច្បារហាត់ប្រាណ ដោយមានបំពាក់សម្ភារ ឬឧបករណ៍ហាត់ប្រាណ ផ្លូវថ្មើរជើង និងការកែលម្អសួន និងទីតាំងមួយចំនួនទៀតនៅជុំវិញស្ទឹងសៀមរាបជាដើម។ បើតាម លោក សថានី ការរៀបចំបែបនេះដើម្បីបង្កើតសោភ័ណភាពទីក្រុង លើកកម្ពស់សុខុមាលភាពប្រជាជន ជំរុញឱ្យមានសកម្មភាពក្រៅផ្ទះ និងការកម្សាន្តកាន់តែប្រសើរ៕