មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បកស្រាយពីករណីខ្វះឱសថ និងសេវា ប.ស.ស
  • ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បកស្រាយពីករណីខ្វះឱសថ និងសេវា ប.ស.ស

ពលរដ្ឋជាច្រើន បានចូលបញ្ចេញមតិយោបល់ រិះគន់សេវាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយគណនេយ្យហ្វេសប៊ុកឈ្មោះ ប្រជាជនខេត្តសៀមរាប បានបង្ហោះលិខិតអបអរសាទរមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភី «អង្គភាពផ្ដល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្រប់កម្រិត៣គំរូឆ្នាំ២០២៤ ក្នុងចំណោមមន្ទីរពេទ្យបង្អែកកម្រិត៣ចំនួន១០ទូទាំងប្រទេស»។ បច្ចុប្បន្ន គណនេយ្យហ្វេសប៊ុក ប្រជាជនខេត្តសៀមរាប បានលុបលិខិតនោះ និងបានបង្ហោះការស្រាយបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

TTN-Free-Banner-In-Article-PC

តាមរយៈបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាំងនោះ ភាគច្រើនពួកគេរិះគន់សេវាមន្ទីរពេទ្យ និងការប្រើប្រាស់ ប.ស.ស របស់មន្ទីរពេទ្យមិនបានល្អ។ មតិយោបល់ទាំងនោះ បង្ហាញពីការឈឺចាប់ ដែលខ្លះបានអះអាងថា សេវាមន្ទីរពេទ្យមិនល្អ រួមទាំងមានថ្នាំមិនគ្រប់គ្រាន់ និងមានបញ្ហាជាច្រើនទៀត ដែលពួកគេមិនពេញចិត្តនឹងសេវារបស់មន្ទីរពេទ្យនេះតែម្ដង។ 

លិខិតស្រាបបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឃើញ និងបានអានការបញ្ចេញមតិជាច្រើនទៅក្នុងការបង្ហោះលិខិតនោះ។ «ក្នុងចំណោមលិខិតទាំងនោះ ក៏មានមតិមួយចំនួន បានធ្វើការរិះគន់ដល់ដំណើរការ និងចំណុចខ្វះខាតនៃការផ្ដល់សេវាសុខភាពរបស់មន្ទីរពេទ្យផងដែរ។» មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានរៀបរាប់បែបនេះ។ 

«ចំនួនអតិថិជនមកទទួលសេវាក្នុងមន្ទីរពេទ្យនេះ មានការកើនឡើងយ៉ាងគំហុកពី ១០ ទៅ១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះ ក៏មានប្រជាពលរដ្ឋ មកពីបណ្ដាខេត្តក្បែរខេត្តសៀមរាប ដែលមានចំនួន ១៨ ទៅ២០ភាគរយ ភាគច្រើនជាករណីធ្ងន់ និងស្មុគស្មាញ។ បន្ទុកការងារដ៏ធ្ងន់នេះ ក៏ជាកត្តាបង្កឱ្យមានភាពខ្វះចន្លោះក្នុងការផ្ដល់សេវាជៀសមិនផុត។» នេះបើតាមការបកស្រាយបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ 

ជាមួយគ្នានេះ មន្ទីរពេទ្យក៏បានបកស្រាយករណីខ្វះឳសថព្យាបាលផងដែរ។ អ្នកជំងឺច្រើន ដែលមានសភាពធ្ងន់ និងស្មុគស្មាញ បណ្ដាលឱ្យកើតបញ្ហាប្រឈមទៅនឹងការខ្វះខាតឳសថ ពិសេស គឺឳសថ ដែលមិនស្ថិតក្នុងបញ្ជីឳសថសារវ័ន្ត ផ្គត់ផ្គង់ដោយក្រសួងសុខាភិបាល។ 

មន្ទីរពេទ្យ អះអាងថា៖ «មន្ទីរពេទ្យពុំដែលមានករណីរើសអើងចំពោះអតិថិជន ប.ស.ស ឬអតិថិជន ដែលប្រើបណ្ណសមធម៌ឡើយ។» មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលយកមតិរិះគន់កែលម្អទាំងអស់ យកមកពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយកែលម្អសេវា ដើម្បីឱ្យគុណភាពនៃសេវា មានភាពកាន់តែប្រសើរឡើង៕ 


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា