- ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៣០ នាទី ល្ងាច

«រថយន្តសង្រ្គោះបន្ទាន់» ជាអាទិភាព! សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ទៅកាន់ថ្នាក់ដឹកនាំ នគរបាលដែលមានភារកិច្ចការពារថ្នាក់ដឹកនាំ និងប្រតិភូ ដោយបិទផ្លូវធ្វើដំណើររយៈពេលយូរ ឱ្យបើកផ្លូវដល់រថយន្តសង្រ្គោះបន្ទាន់ ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។ ជាមួយគ្នានេះ សម្តេចស្នើឱ្យកាត់បន្ថយពេលបិទផ្លូវឱ្យខ្លីជាងមុន ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅបំពេញការងារផ្សេងៗបានទាន់ពេលវេលា។
«ឡានដឹកអ្នកជំងឺបន្ទាន់ ពេលដែលមានបិទផ្លូវ គឺសុំធ្វើយ៉ាងណាឱ្យអាទិភាពទៅគាត់ ព្រោះមានអ្នកជំងឺធ្ងន់។ ពិតណាស់ អាចមានរថយន្តក្លែងក្លាយ ប៉ុន្តែយើងអាចត្រួតពិនិត្យរៀបចំច្រកណាមួយឱ្យគាត់ទៅមុខ កុំឱ្យគាត់ឈប់ ព្រោះត្រូវការជួយជីវិតប្រជាពលរដ្ឋ។ បើក្បួនថ្នាក់ដឹកនាំ មិនទាន់ចេញមកទេ គឺសម្រួលឱ្យគាត់ទៅមុនទៅ។»។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែបែបនេះក្នុងសារពិសេសនារសៀលថ្ងៃទី៩ ខែមីនា។
សម្ដេចក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ផងដែរ។ សម្ដេចយល់ច្បាស់អំពីការលំបាកពេលខ្លះក្នុងការបំពេញភារកិច្ចតាមតួនាទីក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ ៖ «ខ្ញុំធ្លាប់បានណែនាំច្រើនមកហើយនៅពេលមានក្បួន VIP ឆ្លងកាត់ ធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ខ្លាំងលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ។ នៅពេលមានថ្នាក់ដឹកនាំឆ្លងកាត់ រួមទាំងខ្ញុំផង ធ្វើយ៉ាងណាកាត់បន្ថយពេលវេលានៃការបិទផ្លូវ។ ហើយពេលខ្លះ ក៏មិនបាច់បិទផ្លូវទាំងអស់ដែរ ទុកច្រកឱ្យបងប្អូនធ្វើដំណើរ ព្រោះគាត់ក៏រវល់ដែរ។» ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ គឺត្រូវប្រកបដោយភាពបត់បែន ទៅតាមករណីចាំបាច់នីមួយៗ។ ជាពិសេសករណីពាក់ព័ន្ធ ជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការដែលត្រូវខិតខំបន្តរួមគ្នាធ្វើ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
សម្ដេច ហ៊ុន ម៉ាណែត ក៏សុំការយោគយល់អំពីប្រជាពលរដ្ឋ បើទោះបីជាសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ។ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ៕