ជ្រូកទឹកនៅថៃ ប្រឈមការផុតពូជ ដោយសារខ្វះអាហារ
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:០០ នាទី ព្រឹក
ជ្រូកទឹកនៅថៃ ប្រឈមការផុតពូជ ដោយសារខ្វះអាហារ
រូបភាព ៖ Thailand Travel Map

ជិត ៤០ភាគរយនៃជ្រូកទឹកក្នុងប្រទេសថៃ ដែលត្រូវបានរកឃើញក្នុងឆ្នាំ ២០២៤  គឺបានជួបនូវកង្វះអាហារូបត្ថម្ភ ព្រោះខ្វះស្មៅសមុទ្រ។ នេះបើយោងតាមនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ (DMCR) របស់ថៃ និងមូលនិធិសត្វព្រៃពិភពលោក(WWF) ដែល បានបញ្ជាក់ថា ស្មៅសមុទ្រ គឺជាប្រភពអាហារចម្បងរបស់ប្រភេទសត្វនេះ។

TTN-Free-Banner-In-Article-PC

របាយការណ៍ ស្តីពី វិបត្តិសត្វជ្រូកទឹកនៅឆ្នេរសមុទ្រ Andaman ដែលធ្វើឡើងក្នុងខែមករា និងចេញផ្សាយនៅថ្ងៃទី៨ ខែមីនា បង្ហាញថា ប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ វាលស្មៅសមុទ្រជាច្រើននៅក្នុងខេត្ត Trang, Krabi និង Phuket ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យសត្វជ្រូកទឹកជាច្រើន​ នៅឆ្ងាយពីកន្លែងចិញ្ចឹមធម្មជាតិរបស់ពួកគេ។ ជា​លទ្ធផល ​ចំនួនជ្រូកទឹក​មានជំងឺ ​កំពុង​កើន​ឡើង​ក្នុង​អត្រា​គួរ​ឱ្យ​ព្រួយបារម្ភ។

បញ្ហានៃការថយចុះស្មៅសមុទ្រនេះ គឺមិនទាន់មានប្រភពច្បាស់លាស់នៅឡើយទេ ។ ប៉ុន្តែ វាអាចបណ្តាលមកពីកត្តាមួយចំនួន ដូចជា ៖ ការកកកុញនៃដីល្បាប់ ការទន្ទ្រានតំបន់ឆ្នេរ ការកើនឡើងសីតុណ្ហភាពទឹកសមុទ្រ និងពពួកមំសាសី ដែលបានរារាំងប្រភេទសត្វសមុទ្រមួយចំនួនពីការងើបឡើងវិញយ៉ាងឆាប់រហ័ស។

លោក ឯកណារិន អារីយ៉ាវង្សវីវ៉ាត់ ប្រធានផ្នែកអភិរក្សធនធានសមុទ្រ និងឆ្នេរសមុទ្រនៃអង្គការ WWF ប្រទេសថៃ បានលើកឡើងថា ចំនួនជ្រូកទឹកដែលបានរកឃើញនាអំឡុងឆ្នាំ២០២៣-២០២៤ មានជាមធ្យម៤២ក្បាល។ នេះកំណើនគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ ២០១៩ - ២០២២ មានជ្រូកទឹកចំនួន២០ក្បាលប៉ុណ្ណោះ ។ លើសពីនេះ អត្រាកំណើតរបស់ថនិកសត្វនេះបា នធ្លាក់ចុះពី៩ភាគរយក្នុងឆ្នាំ ២០២០-២០២៣ មកត្រឹមតែ ៣ភាគរយក្នុងឆ្នាំ ២០២៤។

បើតាមលោក ឯកណារិន ការស្ទង់មតិបានជួយបំភ្លឺពីស្ថានភាពបច្ចុប្បន្ន និងតម្រូវការបន្ទាន់សម្រាប់គំនិតផ្តួចផ្តើមអភិរក្សទាំងរយៈពេលខ្លី និងរយៈពេលវែង ដោយហេតុនេះការលើកកម្ពស់ការការពារស្មៅសមុទ្រ និងសត្វជ្រូកទឹកជាអាទិភាពរបស់ជាតិ។ លោក​បាន​ព្រមាន​ថា ប្រសិនបើ​ស្មៅ​សមុទ្រ​បាត់​បង់​ជ្រូកទឹកក៏​នឹង​ផុត​ពូជ។

ចាប់តាំងពីដើមឆ្នាំនេះមក អ្នកជំនាញ DMCR បានរកឃើញជ្រូកទឹកចំនួន ៧ក្បាល ហើយប៉ាន់ស្មានថាចំនួនសត្វប្រភេទនេះនៅក្នុងសមុទ្រ Andaman ឥឡូវនេះមានត្រឹមតែប្រហែល ១០០ក្បាលប៉ុណ្ណោះ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង