អរគុណដែលបានជួយ តែកុំធ្វើ«ត្រីងៀតឆ្លៀតពង»!
- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៥ នាទី ព្រឹក

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញសប្បុរសជន មិនថាឧកញ៉ា អ្នកមានទ្រព្យ អ្នកជំនួញ អ្នករកស៊ី និងលក់ផលិតផលអនឡាញជាដើម តែងតែធ្វើសកម្មភាពសង្គម ជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះ ដោយសារបញ្ហាអ្វីមួយ។ សកម្មភាពទាំងនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន។ ប៉ុន្តែមហាជន ក៏ស្នើសុំកុំឱ្យយកសកម្មភាពជួយអ្នកដទៃនេះ ធ្វើជាឈ្នាន់ទាញយកប្រយោជន៍ ក្នុងការប្រកបជំនួញ និងរបររកស៊ីរបស់ខ្លួន។

អ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានឃើញហើយ ពីសកម្មភាពមនុស្សធម៌ជួយពលរដ្ឋក្រីក្រ និងរងគ្រោះ ដោយសារការប្រមាថមាក់ងាយ រំលោភបំពាន ការកេងប្រវ័ញ្ច និងកត្តាជីវភាពជាដើម។ ទីណាមានពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារកត្តាណាមួយនោះ គេតែងតែសង្កេតឃើញក្រុមអ្នកមានទ្រព្យ អ្នកជំនួញ និងអ្នករកស៊ីលក់ផលិតផលអនឡាញផង នាំគ្នាទៅជួយបុគ្គលនោះជាបន្តបន្ទាប់។ សកម្មភាពបែបនេះ ពិតជាគួរឱ្យស្ងើចសរសើរ និងទទួលបានការគាំទ្របំផុត ក្រោមរូបភាពមនុស្សធម៌ និងស្របតាមពាក្យស្លោកមួយឃ្លាថា «ខ្មែរជួយខ្មែរ»។ ពាក្យ«ខ្មែរជួយខ្មែរ» នេះ មានអត្ថន័យធំធេងណាស់ សម្រាប់លើកទឹកចិត្តឱ្យពលរដ្ឋចេះស្រលាញ់គ្នា សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ដោយសមត្ថភាពខ្មែរខ្លួនឯង។
តែយ៉ាងណា ការជួយទុក្ខធុរៈ និងជួយដោះស្រាយបញ្ហាអ្នកដទៃនេះ សូមជួយដោយស្មោះត្រង់ ប្រសើរជាងការជួយ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្ដែង ករណីក្មេងស្រីដើរលក់សណ្ដែកដីម្នាក់ នៅខេត្តព្រះសីហនុ ដែលត្រូវបានក្រុមអ្នកលក់ផលិតផលអនឡាញ ធ្វើវីដេអូ Prank បែបលេងសើច ដោយធ្វើឱ្យកំពប់សណ្ដែកដីពាសពេញលើដី កាលពីចុងខែកុម្ភៈ។ វីដេអូ Prank នេះ ត្រូវបានមហាជនបានរិះគន់លើក្រុមអ្នកលក់ផលិតផលអនឡាញ និងបង្ហាញអារម្មណ៍អាណិតអាសូរក្មេងស្រីម្នាក់នោះ យ៉ាងខ្លាំង។ ក្រោយផ្ទុះចលនារិះគន់នេះ ក៏មានសប្បុរសជនជាច្រើន បានទៅស្កាត់ជួបក្មេងស្រី នៅខេត្តព្រះសីហនុ ដោយនាំយកថវិកាជាច្រើនផង ទៅជួយដល់រូបនាង។ ក្នុងនោះ ក៏មានអ្នកលក់ផលិតផលឡេថែរក្សាស្បែកមួយក្រុម ទៅជួបសួរសុខទុក្ខក្មេងស្រី ហើយយកផលិតផលឡេរបស់ខ្លួន ដាក់តាំងបង្ហាញដោយប្រយោល ក្នុងវីដេអូជួបសួរនាំក្មេងស្រីទៅវិញ។ គោលបំណងទៅជួយក្មេងស្រី តែឆ្លៀតផ្សព្វផ្សាយពីផលិតផលខ្លួន ដូចពាក្យចាស់មួយឃ្លាពោលថា «ត្រីងៀតឆ្លៀតពង»។
សុភាសិត «ត្រីងៀតឆ្លៀតពង» នេះ មានន័យថា ត្រី ដែលគេវះងៀតហើយ មិនអាចមានពងទៀតទេ , ឯពាក្យឆ្លៀតពង គឺសំដៅទៅលើការឆ្លៀតឱកាសកេងចំណេញរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការប្រើប្រាស់ឋានៈ តួនាទី និងសិទ្ធិអំណាចជាដើម ។ និយមន័យជារួម សុភាសិតនេះ ចង់សំដៅលើការប្រព្រឹត្តខុសពីច្បាប់បញ្ញត្តិ និងក្រមសីលធម៌ ក្នុងការងារ និងការរស់នៅ។ ឧទាហរណ៍ មានមន្ត្រីផ្ដល់សេវាសាធារណម្នាក់ ត្រូវបម្រើសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ និងស្មោះអស់ពីចិត្ត ប៉ុន្តែមន្ត្រីនោះ បែរជាលួចទារកម្រៃជើងសាររាល់ឯកសារនានាពីពលរដ្ឋ ដែលអនុវត្តផ្ទុយពីបទបញ្ញតិ។ នេះគឺជាទង្វើឆ្លៀតឱកាសរកប្រាក់ក្រៅផ្លូវការរបស់មន្ត្រីម្នាក់នោះ។
ឧទាហរណ៍មួយទៀត មន្ត្រីចុះវាស់វែងដីធ្លី ឬក្បាលដីជូនពលរដ្ឋ ក៏មិនទទួលបានប្រាក់កម្រៃ ឬលាភសក្ការទេ ប៉ុន្តែបើមន្ត្រីនោះ លួចទារលុយពីពលរដ្ឋ ជាថ្នូរនឹងការវាស់វែងនេះ គឺប្រព្រឹត្តខុសក្រមសីលធម៌ និងបញ្ញត្តិដែរ។
ងាកទៅករណីខាងលើវិញ បើអ្នកលក់ផលិតផលឡេថែរក្សាស្បែកមួយក្រុម ទៅជួបក្មេងស្រីលក់សណ្ដែកដី នៅក្នុងវីដេអូPrankនោះ ដោយគ្រាន់តែសួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត និងផ្ដល់ថវិកាលើកទឹកចិត្តក្មេងស្រី គឺជារឿងមួយគួរឱ្យស្ញប់ស្ញែង និងកោតសរសើរចំពោះសមានចិតុ្តរបស់ពួកគេ ។ ប៉ុន្តែបើជួបក្មេងស្រី ដោយភ្ជាប់ជាមួយបំណងទាញប្រយោជន៍ តាមរយៈការផ្សព្វផ្សាយពីផលិតផលឡេរបស់ខ្លួន ដោយប្រយោលទៅវិញនេះ គឺបង្ហាញពីទង្វើអសីលធម៌ និងកេងចំណេញពីក្មេងស្រីរងគ្រោះ។
សរុបមកវិញ សំណេរនេះ គ្មានបំណងហាមឃាត់សប្បុរសជន មិនឱ្យជួយពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះនោះទេ។ ការជួយគ្នាក្នុងគ្រាលំបាក គឺជាទង្វើដ៏ល្អឥតគណនាក្នុងសង្គម សូម្បីតែរដ្ឋាភិបាល ក៏លើកទឹកចិត្តឱ្យពលរដ្ឋ ចេះសាមគ្គីគ្នា រួបរួមគ្នា ជួយគ្នាទៅវិញទៅមក តាមរយៈពាក្យស្លោក «ខ្មែរជួយខ្មែរ»ទៀតផង។ ប៉ុន្តែសូមឱ្យសកម្មភាពជួយសង្គ្រោះអ្នកដទៃនេះ ជាទង្វើប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងសីលធម៌ ហើយចៀសវាងការឆ្លៀតឱកាសនិយម ដូចជា«ត្រីងៀតឆ្លៀតពង»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: