សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា បន្តប្រកាន់ជំហរការទូតឯករាជ្យ អព្យាក្រឹត​ និងមិនចូលបក្សសម្ព័ន្ធ
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០០ នាទី ព្រឹក
សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា បន្តប្រកាន់ជំហរការទូតឯករាជ្យ អព្យាក្រឹត​ និងមិនចូលបក្សសម្ព័ន្ធ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែមីនា។

ភ្នំពេញ៖ កម្ពុជា នៅតែប្រកាន់ខ្ជាប់នូវជំហរ​ឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ នៅ​ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ដោយផ្អែកលើគោលការណ៍នៃច្បាប់​​អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញរបស់​កម្ពុជា និងផលប្រយោជន៍ស្នូលរបស់ជាតិ។ នេះគឺជាការ​បញ្ជាក់របស់ សម្តេច ហ៊ុន ម៉ាណែត នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៨ ខែមីនា នាពេលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមបិទសន្និបាតប្រចាំឆ្នាំ របស់ក្រសួងការបរទេស ដែលធ្វើឡើងកាលពីថ្ងៃទី ៥ ខែមីនា។

TTN-Free-Banner-In-Article-PC

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងពិធីបិទ​សន្និបាតនោះ ប្រមុខរាជរដ្ឋាភិបាល ​ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ ​​នៃការពង្រឹងគោលនយោបាយ​ការបរទេសបុរេសកម្ម និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់​កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមានឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឯកភាពជាតិ ក៏ដូចជាការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីអាទិភាពសំខាន់ៗចំនួន៦ នៃគោលនយោបាយ​ការបរទេសរបស់កម្ពុជាដែរ ដែលរួមមាន ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ស្និទ្ធ​​ស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នាទៅ​វិញទៅមក ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយ-សន្តិ​សុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ 

​​បើតាមសម្តេច ហ៊ុន ម៉ាណែត គោលនយោបាយការបរទេសអាទិភាពមួយទៀត របស់កម្ពុជា គឺការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងអភិបាលកិច្ចសកល ការ​គាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹងការរួមចំណែករបស់កម្ពុជា ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។

«ការពង្រឹងមជ្ឈភាពរបស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់អា​ស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការរួមចំ​ណែកដល់ផលប្រយោជន៍ និងវិបុលភាពរួមរបស់អាស៊ាន និងការឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។»។

ពីវេទិកាដដែលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាក់ពីការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ក្នុងអាទិភាពគោលនយោបាយការបរទេសដែរ ដើម្បីពង្រីកវត្តមានរបស់កម្ពុជា នៅលើទីផ្សារ​ពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនយោគពីបរទេស លើកកម្ពស់​ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច និងកិត្តិនាមរបស់ប្រទេស​កម្ពុជា។ 

លើសពីនេះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការពង្រឹងកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។ អាទិភាពនៃគោលនយោបាយ​ការបរទេសរបស់កម្ពុជាសំខាន់មួយទៀត គឺការពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើនប្រ​សិទ្ធ​ផលប្រតិបត្តិការ និងវិជ្ជាជីវៈ នៃសេវាកម្មបរទេសរបស់កម្ពុជា។ 

នៅក្នុង​សន្និបាតនេះ ក្រសួង ក៏បានសម្ពោធសៀវភៅ  “The Taste of Angkor II” ដែលជាសៀវភៅថ្មី ស្តីពីមុខម្ហូប​របស់ប្រទេសកម្ពុជាផងដែរ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានបន្ថែមថា សៀវភៅថ្មីនេះ ត្រូវបានសម្ពោធ បន្ទាប់ការបោះពុម្ពលើកទីមួយ ទទួលបានជោគជ័យ ហើយក្រសួងការបរទេស ក៏សន្យា​បង្ហាញបន្ថែមទៀតនូវទំនៀមទម្លាប់ និងវប្បធម៌ធ្វើម្ហូប​ដ៏សម្បូរបែ​បរបស់​កម្ពុជា។

សូមរំឭកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសន្និបាតប្រចាំឆ្នាំ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំក្រសួង និងប្រ​ធាន​បេសកកម្មការទូត និងកុងស៊ុលកម្ពុជាទូទាំងពិភពលោក ដើម្បី​ពិ​និត្យ​សមិទ្ធផលឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥។ 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែល បញ្ជាក់ថា ​សន្និបាតដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ​បរទេសនេះ មានរៀបចំកិច្ចប្រជុំចង្អៀតរយៈពេល២ថ្ងៃ  ដោយអង្គប្រជុំ​បានពិភាក្សារ ​ផ្តោត​លើការវិវត្តសំខាន់ៗ ក្នុងតំបន់ និងសកលលោក, ការធ្វើបទបង្ហាញ​​អំពីកាលានុវត្តភាពវិស័យធុរកិច្ច និងវិនិយោគរបស់កម្ពុជា, យុទ្ធសាស្ត្រលើកកម្ពស់​ទេសចរណ៍ ព្រមទាំងហានិភ័យ និងការពាក់ព័ន្ធនៃបច្ចេកវិទ្យាព័ត៌មាន។ 

អង្គសន្និបាត ក៏បាន​ពិភាក្សាលើទិដ្ឋភាពតំបន់ និងពិភពលោក ដែលមានការវិវត្តឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងស្មុគស្មាញ ដោយសង្កត់ធ្ងន់លើផលបច្ច័យ​សំខាន់ៗ នៃការវិវត្តទាំងនេះមកលើកម្ពុជា និងលើគោលនយោបាយការបរទេស ក៏ដូចជាបានពិភាក្សាលើបញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងការប្រែប្រួលភូមិសាស្ត្រ​នយោ​បាយ ផលប៉ះពាល់នៃបរិវត្តកម្មបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា AI លើផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ ការបំ​ពេញការងាររបស់ MFAIC ក្នុងឆ្នាំ២០២៤ ភាពចាំបាច់ក្នុង​ការកែសម្រួលឡើងវិញ នូវអាទិភាពសំខាន់ៗ និងទិសដៅអនាគត នៃគោលនយោបាយ​ការបរទេសរបស់កម្ពុជា៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា