ករណីជនស៊ីវិលចាប់មនុស្សញាត់ចូលឡាននៅខណ្ឌដង្កោ សមត្ថកិច្ច ថាជាការបង្ក្រាប​បទ​ល្មើស​គ្រឿងញៀន
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០៦ នាទី រសៀល
ករណីជនស៊ីវិលចាប់មនុស្សញាត់ចូលឡាននៅខណ្ឌដង្កោ សមត្ថកិច្ច ថាជាការបង្ក្រាប​បទ​ល្មើស​គ្រឿងញៀន
គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាន។ រូបពី មន្ទីរប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចេញមកបំភ្លឺថា ករណី​ជនស៊ីវិលមួយក្រុម បានចាប់​មនុស្ស​ញាត់​ចូលឡានទាំងបង្ខំ ដែលកើតឡើងកាល​ពី​រសៀលថ្ងៃទី៩ ខែមីនា នៅក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ គឺជាការបង្ក្រាប​ជន​សង្ស័យក្នុង​បទល្មើលគ្រឿងញៀន។

TTN-Free-Banner-In-Article-PC

ការបំភ្លឺនេះ គឺឆ្លើយតបនឹង​រូបភាព និងវីដេអូ ដែលអ្នកអ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម បាន​បង្ហោះ ដោយភ្ជាប់ខ្លឹមសារនៃការពិពណ៌នា បង្កឱ្យមានការយល់ច្រឡំថាជាករណី​ចាប់​បង្ខាំងមនុស្សខុសច្បាប់ និងមានរូបភាពឃោរឃៅ។ រូបភាព និងវីដេអូអំពី​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យនេះ របស់​អ្នកជំនាញ ត្រូវបានអ្នកប្រើប្រាស់សមត្ថកិច្ចនេះ ត្រូវបាន​ចែករំលែកពីមួយទៅមួយ ជាមួយនឹងមតិរិះគន់ដល់សមត្ថកិច្ចទៀតផង។

​តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែមីនា មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់​ដើមចមនៃការបង្ក្រាបរបស់​សមត្ថកិច្ចដែល​ស្លៀកពាក់ស៊ីវិលនេះ ថា នៅទៀបភ្លឺ ថ្ងៃទី៩ ខែ​មីនា សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តិ​នៅភូមិ​សាស្ត្រ​ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ ប៉ូលិស ឃាត់ខ្លួនជន​សង្ស័យ​៣​នាក់ ព្រមទាំង​សារធាតុញៀន និងសារសារធាតុផ្សំប្រមាណជិត​៣០០​គីឡូក្រាម រួមទាំង​សម្ភារៈ​វេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃសារធាតុញៀនមួយចំនួនធំ។

​បើតាមមន្ទីរប្រឆាំងគ្រឿងញៀន ​ក្រោយសាកសួរជនល្មើលដែលឃាត់ខ្លួនបាននោះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេខ្លោង ដោយកំណត់បានមុខសញ្ញា​ដែល​កំពុងលាក់ខ្លួន​ក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយ​កម្លាំងជំនាញក៏បានចុះច្បាមមុខសញ្ញា និងឃ្លាំមើលនៅភូមិសាស្ត្រដែលសង្ស័យ។

​ដល់ម៉ោងប្រមាណ២រសៀល ថ្ងៃទី៩ ខែមីនា ​​​សមត្ថកិច្ច បានឃើញមុខសញ្ញា២នាក់ ហើយ​ពួក​គេភិតភ័យនិងព្យាយាមរត់គេចខ្លួន នៅពេលឃើញក្រុមសមត្ថកិច្ចវិញ។ ពេលនោះ ​សមត្ថកិច្ច ក៏សង្ស័យ និង​ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ ដោយសន្និដ្ឋានបឋមថា មុខសញ្ញាទាំង២នាក់នេះ មានភិនភាគដូចមុខសញ្ញា ដែលកម្លាំងសមត្ថកិច្ច​កំពុងតែបន្តការតាមចាប់ខ្លួន។

«បន្ទាប់ពីចាប់ខ្លួនរួចហើយ ក៏បញ្ជូនបន្តមកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្តាប់​ចម្លើយ និងបានធ្វើតេស្តទឹកនោម ជាលទ្ធផលកម្លាំងយើង​រកឃើញថាមុខសញ្ញាទាំង២​នាក់ មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើនោះទេ។ ប៉ុន្តែមុខសញ្ញាទាំង២នាក់ ពាក់ព័ន្ធ​នឹងការប្រើប្រាស់គ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចយើងបានចាប់យកសារធាតុញៀនមួយកញ្ចប់ទៀតផង។»។ នេះជាការបញ្ជាក់របស់ មន្ទីរប្រឆាំងគ្រឿងញឿន ដែលបានបន្តទៀតថា

ក្នុងពេលឃាត់ខ្លួមមុខសញ្ញាទាំង២នាក់ មានប្រជាពលរដ្ឋ ថតវីដេអូ និងរូបភាពបង្ហោះ​ដោយ​​ចោទប្រកាន់មកលើសមត្ថកិច្ច ដោយបង្កើតឱ្យមានការបញ្ចេញមតិ ធ្វើឱ្យប៉ះពា​ល់​កិត្តិ​យសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិ​ការស៊ើបអង្កេតរបស់សមត្ថកិច្ច​មិនទាន់បានបញ្ចប់។

​មន្ទីរប្រឆាំងគ្រឿងញៀន បានស្នើឱ្យម្ចាស់គណនីដែលបង្ហោះវីដេអូ និង​សារព័ត៌មាន​ផ្សេងទៀត ដែលយកព័ត៌មាននេះ ទៅផ្សព្វផ្សាយបន្ត ​កែតម្រូវ​ការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់ ដើម្បីចៀសវាងរងវិធានការច្បាប់ ពីមន្ទីរប្រឆាំងគ្រឿងញៀន។

​មន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ទៅពលរដ្ឋ ដែលមានឆន្ទៈចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ពុំគួរផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ក្នុងអំឡុងពេលសមត្ថកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ស្តែងឡើយ។ ការធ្វើបែបនេះ បណ្តាលឱ្យបែកព័ត៌មានសម្ងាត់ ហើយមុនផ្សព្វផ្សាយព័ត៌មាន ត្រូវសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី