លោក Mark Carney ជាប់ជាប្រធានបក្សសេរីនិយម ជំនួសលោក ចាស្ទីន ទ្រូដូ
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:០០ នាទី រសៀល
លោក Mark Carney ជាប់ជាប្រធានបក្សសេរីនិយម ជំនួសលោក ចាស្ទីន ទ្រូដូ
លោក Mark Carney មេដឹកនាំបក្សសេរីនិយម។ រូបភាព ៖ AFP

អតីត​ទេសាភិបាល​ធនាគារកណ្តាល ​លោក Mark Carney ត្រូវបាន​​ជ្រើសរើស​ជា​មេដឹកនាំ​គណបក្ស​សេរីនិយម តាមរយៈការបោះឆ្នោត ហើយ​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​កាណាដា​ជំនួស​លោក ចាស្ទីន ទ្រូដូ។

TTN-Free-Banner-In-Article-PC

លោក Mark Carney នៅថ្ងៃទី៩ ខែមីនា បានទទួលសំឡេងគាំទ្រ ៨៥,៩ភាគរយ ក្នុងការបោះឆ្នោតផ្ទៃក្នុងរបស់បក្សសេរីនិយម ដោយក្លាយជាមេដឹកនាំបក្សនេះ ហើយនឹងបន្តតំណែងនាយករដ្ឋមន្ត្រីកាណាដារបស់ លោក ចាស្ទីន ទ្រូដូ។ អតីតឧបនាយករដ្ឋមន្ត្រី លោកស្រី Chrystia Freeland ទទួលបាន ៨ភាគរយ នៃការបោះឆ្នោត ខណៈលោកស្រី Karina Gould និងលោក Frank Baylis ទទួលបានច្រើនជាង ៣ភាគរយ នៃការបោះឆ្នោត។

កាលពីថ្ងៃទី៦ ខែមករា លោក ទ្រូដូ បានប្រកាសពីគម្រោងលាលែងពីតំណែងជាមេដឹកនាំបក្សសេរីនិយម ហើយនឹងបញ្ចប់អាណត្តិជានាយករដ្ឋមន្ត្រីកាណាដា នៅពេលគណបក្សកាន់អំណាចជ្រើសរើសអ្នកជំនួស បាន។

គេ​មិន​ច្បាស់​ទេ​ថា​ តើ​លោក លោក Carney នឹង​ចូល​កាន់​តំណែង​នៅ​ពេល​ណា​នោះ​ទេ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​អ្នក​ក្រៅ​នយោបាយ​ បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាណាដា។ លោក ទ្រូដូ និង​អ្នក​ស្នង​តំណែង​របស់​លោក ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួប​ពិភាក្សា​​គ្នា​អំពី​ការ​ផ្ទេរ​អំណាច​នៅ​ប៉ុន្មាន​ថ្ងៃ ​ខាង​មុខ។

លោក Carney អាយុ ៥៩ឆ្នាំ ជាទេសាភិបាលធនាគារកណ្តាលកាណាដាពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ និងបានដឹកនាំធនាគារកណ្តាលអង់គ្លេសពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។ បេក្ខជនរូបនេះអះអាងថា ខ្លួនជាបុគ្គលល្អបំផុតក្នុងការដឹកនាំការឆ្លើយតបរបស់កាណាដាចំពោះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយសារបទពិសោធន៍របស់លោកធ្លាប់ជាមនុស្សដំបូងគេដែលគ្រប់គ្រងធនាគារកណ្តាលនៃប្រទេស G7 ចំនួនពីរ។

ទំនាក់ទំនងអាម៉េរិក-កាណាដា មានភាពតានតឹងនាពេលថ្មីៗនេះ ខណៈប្រធានាធិបតីអាម៉េរិកគំរាមយកពន្ធលើទំនិញភាគច្រើនពីកាណាដា ដោយបានអំពាវនាវម្តងហើយម្តងទៀតឱ្យប្រទេសនេះត្រូវបានដាក់បញ្ចូលជា«រដ្ឋទី៥១» របស់ខ្លួន ព្រមទាំងហៅនាយករដ្ឋមន្រ្តី ទ្រូដូ ថាជា«អភិបាល»។ លោក Carney បានរិះគន់ប្រធានាធិបតី ត្រាំ ចំពោះការចង់កាន់កាប់កាណាដា ហើយបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះត្រូវតែបញ្ឈប់។

«ប្រធានាធិបតី ត្រាំ កំពុងវាយប្រហារកម្មករកាណាដា គ្រួសារ និងអាជីវកម្ម។ យើងមិនអាចអនុញ្ញាតឱ្យគាត់ទទួលបានជោគជ័យទេ»។ លោក Carney បានព្រមានបែបនេះ។ 

អំឡុងពេលនៃយុទ្ធនាការបោះឆ្នោត លោក Carney បានប្រកាសពីការគាំទ្រចំពោះការដំឡើងពន្ធលើ «រាល់ប្រាក់ដុល្លារនៃទំនិញ»ដើម្បីឆ្លើយតបទៅអាម៉េរិក ដោយសង្កត់ធ្ងន់ថា កាណាដាត្រូវការយុទ្ធសាស្រ្តដើម្បីបង្កើនការវិនិយោគ។ លោក​តែងរិះគន់ថា សេដ្ឋកិច្ច​​កាណាដា​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ទ្រូដូ មិន​បាន​រីកចម្រើន​គ្រប់គ្រាន់​ឡើយ។

ការរើសមេដឹកនាំបក្សសេរីនិយម ធ្វើឡើងមុនពេលកាណាដា អាចរៀបចំការបោះឆ្នោតសភា ដោយមិនលើសពីខែតុលាខាងមុខ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង