- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៥០ នាទី រសៀល

មេបញ្ជាការទ័ពអាកាសកូរ៉េខាងត្បូង បានចេញមុខសុំទោសជាសាធារណៈនៅថ្ងៃទី១០ ខែមីនា ជុំវិញការទម្លាក់គ្រាប់បែកខុសទីតាំងលើភូមិអ្នកស្រុកដោយយន្តហោះចម្បាំងកាលពីសប្តាហ៍មុន។ មេទ័ពរូបនេះ បានហៅឧបទ្ទវហេតុនេះថា«មិនគួរកើតឡើង» ។

យន្តហោះចម្បាំង KF-16 ចំនួន ២គ្រឿង បានទម្លាក់គ្រាប់បែក MK-82 ចំនួន ៨គ្រាប់ នៅខាងក្រៅកន្លែងហ្វឹកហ្វឺនក្នុងទីក្រុង Pocheon ចម្ងាយប្រហែល ៤០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងសេអ៊ូល អំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃទៅ៦ ខែមីនា ដោយបានធ្វើឱ្យមនុស្ស ២៩នាក់រងរបួស រួមទាំងជនស៊ីវិល ១៥នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
«កងទ័ពអាកាស ដែលគួរតែការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន បានបង្កគ្រោះថ្នាក់ដល់ប្រជាជន។ វាជាឧបទ្ទវហេតុដែលមិនគួរកើតឡើង ហើយមិនគួរកើតឡើងវិញ»។ លោក Lee Young-su អគ្គសេនាធិការកងទ័ពអាកាសបានថ្លែងបែបនេះនៅចំពោះមុខសន្និសីទសារព័ត៌មានមួយ។
លោក Lee បានស្តីបន្ទោសចំពោះឧបទ្ទវហេតុនេះ ដែលជាការទម្លាក់គ្រាប់បែកខុសដែលមិនធ្លាប់មានពីមុនមកលើទីក្រុងដែលមានជនស៊ីវិល ហើយបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែង ដើម្បីការពារគ្រោះថ្នាក់បែបនេះ នាពេលខាងមុខ។
លោកក៏បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឲ្យត្រឡប់មករស់នៅប្រចាំថ្ងៃ និងផ្តល់សំណងដល់ពួកគេ បន្ថែមពីលើការផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រ និងវិបត្តិ។
មុននេះ ការស៊ើបអង្កេតបឋមរបស់ទ័ពអាកាសរាយការណ៍ថា កំហុសអាកាសយានិកត្រូវបានគេសង្ស័យថា បានបង្កឱ្យមានការបំផ្ទុះដោយចៃដន្យ ខណៈអ្នកបើកយន្តហោះម្នាក់បានចូលទៅក្នុងសម្របសម្រួលគោលដៅខុសពីពេលមុនពេលហោះឡើង។
បច្ចុប្បន្ន យោធារបស់កូរ៉េខាងត្បូងបានផ្អាកការហ្វឹកហ្វឺនបាញ់គ្រាប់ពិតទាំងអស់ រហូតដល់មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុត្រូវបានកំណត់៕