ថៃអនុញ្ញាតឲ្យសិស្សសាលា«ទុកម៉ូដសក់»  ក្រោយហាមអស់ ៥០ឆ្នាំ
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣០ នាទី ល្ងាច
ថៃអនុញ្ញាតឲ្យសិស្សសាលា«ទុកម៉ូដសក់»  ក្រោយហាមអស់ ៥០ឆ្នាំ
សិស្សសាលាថៃកាត់សក់ ។ រូបភាព ៖ AFP

បទបញ្ជារបស់ក្រសួងអប់រំថៃដែលរឹតបន្តឹងលើការកាត់សក់របស់សិស្ស ត្រូវបានដកចេញបន្ទាប់ពីអនុវត្តអស់ពាក់កណ្តាលសតវត្សរ៍។ នេះបើតាមសារព័ត៌មាន Bangkok Post។

TTN-Free-Banner-In-Article-PC

សេចក្តីសម្រេចរបស់តុលាការថៃ ដែលបានប្រកាសកាលពីថ្ងៃទី៥ ខែមីនា បានលុបចោលបទបញ្ជាឆ្នាំ ១៩៧៥របស់ក្រសួងអប់រំថៃ ដែលតម្រូវឱ្យសិស្សប្រុសមានសក់ខ្លី និងគ្មានពុកមាត់ ហើយសិស្សស្រីត្រូវមានសក់វែងហួសត្រចៀក និងគ្មានការតុបតែងមុខ។ តុលាការ​បាន​អះអាង​ថា នេះ​បាន​រំលោភ​លើ​សេរីភាព​បុគ្គល និង​មិន​ស៊ីសង្វាក់​គ្នា​នឹង​សង្គម​ដែល​មាន​ការ​ផ្លាស់​ប្តូរ។

នៅក្នុង​សេចក្តីសម្រេច​នេះ បទ​ប្បញ្ញត្តិ​លើ​ម៉ូដ​សក់ និង​ឯកសណ្ឋាន​គឺ​អាស្រ័យ​លើ​សាលា។ លោក Siripong Angsakulkiat អ្នកនាំពាក្យក្រសួងអប់រំថៃបានបញ្ជាក់ថា ក្រសួងផ្តល់អាទិភាពលើការផ្តល់សិទ្ធិអំណាចដល់សិស្ស និងបង្កើតលក្ខខណ្ឌសម្រាប់សាលារៀនក្នុងការកសាងបរិយាកាសសិក្សាដ៏ទូលំទូលាយ និងផ្តោតលើសិស្ស។

នៅ​​ថៃ សក់​ខ្លី​ជា​និមិត្តរូប​នៃ​ភាព​ស្អាតស្អំ និង​វិន័យ​ក្នុង​សាលា​រដ្ឋ​ជា​យូរ​មក​ហើយ។ សាលារៀនជាច្រើនហាមឃាត់សិស្សមិនឱ្យកាត់សក់ ឬលាបពណ៌សក់របស់ពួកគេ។ បើ​ល្មើស​នឹង​ត្រូវ​ដាក់​ពិន័យ។ គ្រូ​ខ្លះ​ថែម​ទាំង​កាត់សក់​សិស្ស​ក្នុង​ពេល​គោរព​ទង់ជាតិ ជា​ទម្រង់​នៃ​ការ​ដាក់​ទណ្ឌកម្ម។

ជាច្រើនឆ្នាំមកនេះ សិស្សសាលាបានតវ៉ាចំពោះច្បាប់នេះ ដោយលើកហេតុផលថា វារំលោភលើសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រឈមមុខនឹងសម្ពាធបែបនេះ នៅឆ្នាំ ២០២០ ក្រសួងអប់រំបានបន្ធូរបន្ថយបទប្បញ្ញត្តិដោយអនុញ្ញាតឱ្យសិស្សមានសក់វែង ប៉ុន្តែសិស្សប្រុសមិនត្រូវបានអនុញ្ញាតឱ្យមានសក់សំយ៉ុងចុះក្រោមកនោះទេ ហើយសិស្សស្រីត្រូវចងសក់ឱ្យស្អាត។

នៅឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសថា ការសម្រេចចំពោះ«ស្ទីលម៉ូដសក់»នឹងត្រូវបានផ្តល់ឱ្យសាលារៀនជាអ្នកកំណត់។ ទោះជាយ៉ាងណា សាលារៀនជាច្រើននៅតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិឆ្នាំ ១៩៧៥៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង