- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:២០ នាទី ល្ងាច

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ១រូប ដែលមានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
តាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមីនា បេក្ខជនប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ត្រូវមានអាយុចន្លោះពី៣៥ឆ្នាំ ដល់៦៥ឆ្នាំ ដោយមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល។
ជាបុគ្គលស្អាតស្អំ ហើយក៏ត្រូវមានបទពិសោធន៍ពាក់ព័ន្ធនឹងផ្នែកច្បាប់ ឬរដ្ឋបាល ឬផ្នែកដទៃទៀតពាក់ព័ន្ធនឹងការដោះស្រាយទំនាស់យ៉ាងតិច៣ឆ្នាំ។ ទាំងនេះ ជាលក្ខខណ្ឌសម្រាប់បេក្ខជន ហើយត្រូវមានលំនៅអចិន្ត្រៃយ៍ក្នុងរាជធានីភ្នំពេញ។
មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រះសង្ឃ ឬបព្វជិតសាសនា ជនដែលត្រូវបានផ្តន្ទាទោស និងជនដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់បក្សនយោបាយ មិនមានសិទ្ធិឈរឈ្មោះឡើយ។
បេក្ខជននឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។
សេចក្តីជូនដំណឹងរបស់លោក ម៉ម សារិន បានបញ្ជាក់ថា ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី មានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១ ៦៨៥ ០០០រៀល ហើយអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។
បេក្ខជនជាស្ត្រី ជនពិការ និងជនជាតិដើមភាគតិច ត្រូវបានផ្តល់អាទិភាព ខណៈកាលបរិច្ចេទឈប់ទទួលពាក្យគឺត្រឹមល្ងាចថ្ងៃទី១៨ ខែមេសា៕