
ជំងឺទឹកនោមផ្អែមប្រភេទ១លើកុមារ គឺជាជំងឺរ៉ាំរ៉ៃដែលបណ្តាលមកពីប្រព័ន្ធ ភាពស៊ាំរបស់អ្នកជំងឺប្រឆាំងនឹងកោសិកាលំពែង ដែលមានមុខងារផលិតអាំងស៊ុយលីន ឬកោសិកាបែតា។ ជំងឺនេះ ភាគច្រើនកើតលើកុមារអាយុចាប់ពី៤ ដល់១៤ឆ្នាំ ដែលជាវ័យស្ថិតក្រោមការមើលថែរបស់អាណាព្យាបាល។
គេអាចសម្គាល់បានថា កុមារដែលកើតជំងឺទឹកនោមផ្អែម មានរោគសញ្ញាដូចជា ផឹកទឹកច្រើន នោមច្រើន ញាំច្រើន តែចុះស្គម និងអស់កម្លាំង។ ជារឿងអភ័ព្វសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយជំងឺនេះមិន អាចព្យាបាលជាសះស្បើយឡើយ ហើយអ្នកវិទ្យាសាស្រ្តក៏មិនទាន់រកឃើញមូលហេតុពិតប្រាកដដែលបង្កឱ្យកុមារកើតមានជំងឺទឹកនោមផ្អែមប្រភេទទី១នេះដែរ។ ប៉ុន្តែគេអាចប៉ាន់ប្រមាណថា មានកត្តាមួយចំនួនដែលជំរុញឱ្យកុមារកើតជំងឺទឹកនោមផ្អែមបាន។
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
លោកវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានលើកឡើងថា ទោះបីជាគេមិនអាចកំណត់មូលហេតុច្បាស់លាស់ដែលបណ្ដាលឱ្យកុមារកើតជំងឺទឹកនោមផ្អែមក៏ដោយ ប៉ុន្តែការកើតជំងឺទឹកនោមផ្អែម មិនមែនជាកំហុសរបស់នរណាម្នាក់ទេ។ បើតាមលោកវេជ្ជបណ្ឌិត ឃុន លាងឈុន ទោះបីជាគេមិនព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១លើកុមារក៏ពិតមែន ប៉ុន្តែ ការណ៍នេះមិនបានន័យថា កុមារដែលកើតជំងឺទឹកនោមផ្អែម នឹងមានជីវិតខ្លីនោះទេ។ ជាក់ស្ដែងអ្នកជំងឺទឹកនោមផ្អែម អាចរៀនសូត្រ ប្រកបការងារ នឹងអាចមានជីវិតរស់បានយូរដូចមនុស្សទូទៅដែរ។
ដើម្បីបន្តការរស់រានមានជីវិត និងរស់នៅប្រកបដោយផាសុកភាព អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវប្រើប្រាស់ថ្នាំ អាំងស៊ុយលីនជាប្រចាំ។ អាំងស៊ុយលីន មានតួនាទីនាំជាតិស្ករដែលអ្នកជំងឺបានទទួនទាន ចូលទៅក្នុងឈាម ហើយយកជាតិស្ករទាំងនោះ ប្រើប្រាស់ជាថាមពលក្នុងរាងកាយរបស់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត ឃុន លាងឈុន លើកឡើងដូច្នេះ៖«ជំងឺទឹកនោមផ្អែមប្រភេទទី១នេះ ត្រូវព្យាបាលអាំងស៊ុយលីន មួយជីវិត។ ប៉ុន្តែអ្វីដែលសំខាន់គឺការត្រួតពិនិត្យជាតិស្ករនៅក្នុងខ្លួនឱ្យបានត្រឹមត្រូវ ចាក់ថ្នាំ អាំងស៊ុយលីនឱ្យ បានត្រឹមត្រូវជីវិតអ្នកកើតជំងឺទឹកនោមផ្អែមនឹងរស់នៅដូចគេដូចឯង»។
ជាការពិតណាស់ការព្យាបាលជំងឺទឹកនោមផ្អែមកុមារ មិនពឹងអាស្រ័យតែជាមួយគ្រូពេទ្យតែមួយមុខ នោះទេ។ វាត្រូវតែមានការចូលរួមជាចាំបាច់ពីអាណាព្យាបាល ក្នុងការថែទាំ ពិនិត្យជាតិស្ករ និងការប្រើ អាំងស៊ុយលីនឱ្យបានត្រឹមត្រូវ ជាពិសេសឪពុកម្ដាយត្រូវលើកទឹកចិត្តកូន ប្រឹក្សាជាមួយកូន និងគ្រប់គ្រង របបអាហារកូនឱ្យបានត្រឹមត្រូវ។៕