- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:០០ នាទី ល្ងាច

អត្រាចុះឈ្មោះចូលរៀនរបស់កុមារសម្រាប់សេវាអប់រំគ្រប់រូបភាព ទាំងមត្តេយ្យសិក្សារដ្ឋ ឯកជន និងសហគមន៍ មាន៧១,៤ភាគរយ (ស្រី ៧១,៩ភាគរយ)។ នេះបើតាមរបាយការណ៍ស្តីពីលទ្ធផលសម្រេចបានក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា លើកយកមកបង្ហាញក្នុងបាឋកថាពិសេសស្តីពី «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជា» កាលពីថ្ងៃទី៩ ខែមីនា នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
រយៈពេល១០ឆ្នាំពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ បានបង្ហាញពីវឌ្ឍនភាពនៃការចុះឈ្មោះចូលរៀនរបស់កុមារ ដោយកើនពី៥៩,៩ភាគរយ ដល់៦៤,៨ភាគរយ បើទោះបីជាមានការធ្លាក់ចុះចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដោយសារតែការរាលដាលកូវីដ-១៩ក៏ដោយ។
ឈានដល់ឆ្នាំសិក្សា២០២៤-២០២៥ របាយការណ៍ក្នុងបាឋកថាពិសេសជិត៦០ទំព័ររបស់លោកស្រី គឹម សេដ្ឋានី បង្ហាញថា សាលាមតេយ្យសិក្សាគ្រប់រូបភាព មាន ៩ ០៣៦សាលា/កន្លែង នៅទីតាំង១ ១១៩ឃុំ-សង្កាត់។ ក្នុងចំណោមនោះ សាលាមត្តេយ្យសាធារណៈ មាន ៤ ៧២៥, ឯកជន មាន៩៦៣ និងសហគមន៍មាន ៣ ៣៥៨កន្លែង។
កុមារអាយុ៥ មាន ២៣០ ១៨៤នាក់ (ស្រី ១១៣ ១៩១នាក់) ទទួលបានសេវាអប់រំគ្រប់រូបភាព ដែលស្មើ ៧១,៤ភាគរយ (ស្រី៧១,៩ភាគរយ)។ ជាមួយគ្នានេះ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ រាជធានី-ខេត្តចំនួន១១ បានផ្តល់សេវាអប់រំកុមារតូចអាយុ៥ឆ្នាំ គ្រប់រូបភាពខ្ពស់ជាងថ្នាក់ជាតិជាក់ស្តែង ពី៧៣,៤ភាគរយ ទៅ៩៨,៥ភាគរយ។
រាជធានី-ខេត្តដែលបានផ្តល់សេវាអប់រំកុមារតូចអាយុ៥ឆ្នាំ ខ្ពស់ជាងថ្នាក់ជាតិ រួមមាន កោះកុង ព្រះសីហនុ សៀមរាប តាកែវ ពោធិ៍សាត់ កំពង់ចាម កែប ភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពឺ និងបាត់ដំបង។ «ដោយសារមាតាបិតា អាណាព្យាបាល និងសហគមន៍ កាន់តែជឿជាក់ទុកចិត្ត ចូលរួមគាំទ្រអភិបាលកិច្ចសាលារៀន និងយល់កាន់តែច្បាស់ពីសារសំខាន់នៃការអប់រំកុមារតូច»។ នេះជាការអះអាងរបស់លោកស្រីរដ្ឋលេខាធិការប្រចាំការ។
ជាមួយគ្នា ក្រុង-ស្រុក-ខណ្ឌ ចំនួន១០០ ក៏មានភាគរយកុមារចូលរៀនអាយុ៥ឆ្នាំ ខ្ពស់ជាងថ្នាក់ជាតិជាក់ស្តែង (៧១,៤ភាគរយ) ផងដែរ ខណៈខេត្តស្ទឹងត្រែង មណ្ឌលគិរី និងព្រះវិហារ មានកម្រិតទាបជាងគេ ដោយស្ថិតក្នុងចន្លោះតែពី៣៥,២ភាគរយ ដល់៤៧ភាគរយប៉ុណ្ណោះ។
ខេត្តប៉ៃលិន ឧត្តរមានជ័យ និងក្រចេះ មានអត្រាពី៤៧ភាគរយទៅ៥៩ភាគរយ រីឯខេត្តបន្ទាយមានជ័យ រតនគិរី កំពង់ធំ ត្បូងឃ្មុំ កណ្តាល ព្រៃវែង ស្វាយរៀង និងកំពត មានអត្រាកុមារអាយុ៥ឆ្នាំចូលរៀនពី៥៩ភាគរយ ដល់៧១,៤ភាគរយ។
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ផងដែរ ភាគរយកុមារចូលរៀននៅបឋមសិក្សា បានឆ្លងកាត់ការអប់រំកុមារមានចំនួន៧៩,៦ភាគរយ។
ក្នុងបាឋកថាពិសេសស្តីពី «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា» លោកស្រី គឹម សេដ្ឋានី បានធ្វើបទឧទ្ទេសនាមជាបីផ្នែក រួមមាន ការអប់រំកុមារតូច និងបដិវត្តន៍ឧស្សាហកម្មទីបួន, ស្ថានភាពនៃការគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅកម្ពុជា និងកំណែទម្រង់ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា។
លោកស្រីរដ្ឋលេខាធិការក្រសួងអប់រំ បានគូសបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវតែវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សដែលមានសារៈសំខាន់ក្នុងការជួយឱ្យ សម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០ និងការដោះស្រាយនូវភាពក្រីក្រនិងបញ្ហាលំបាកផ្សេងៗ៕
អ្នកសរសេរអត្ថបទ
លោក អ៊ឹង ចំរើន (Ung Chamroeun) មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។...
