- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:០០ នាទី ល្ងាច

មនុស្សជាង ៣ ០០០នាក់ បានចូលរួមរត់ប្រណាំងស្ដ្រី១០គីឡូម៉ែត្រ ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ដ្រី» ដែលបានធ្វើកាលពីថ្ងៃទី៨ មីនា ដើម្បីអបអរខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី នៅសួនច្បារវត្តបុទុម រាជធានីភ្នំពេញ។ លោកស្រី កុយ ពិសី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការស្ដ្រី និងកីឡា មានសុទិដ្ឋិនិយមថា ស្ដ្រីកម្ពុជាកាន់តែច្រើន ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍នៃការលេងកីឡា និងបានយកការថែទាំសុខភាពជាចម្បង។ លោកស្រី កុយ ពិសី យល់ថា ចូលរួមនេះ ក៏បានបង្ហាញដែរថា ស្ដ្រី ក៏អាចធ្វើបានដូចជាបុរសដែរ ទោះជាក្នុងវិស័យកីឡាក៏ដោយ។

មនុស្សជាង ៣ ០០០នាក់ ដែលស្ត្រី មានចំនួនច្រើនជាងបុរស បានចូលរួមរត់ នៅមុខសួនច្បារវត្តបុទុម កាលពីថ្ងៃទី៨ មីនា អបអរ ទិវាអន្ដរជាតិនារី។ លោកស្រី កុយ ពិសី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការស្ដ្រី និងកីឡា យល់ថាការចូលរួមដ៏ច្រើនរបស់ស្ត្រី នេះ គឺបង្ហាញពីភាពអាចធ្វើបានរបស់ស្ដ្រី នាពេលបច្ចុប្បន្ន។
លោកស្រី កុយ ពិសី ថ្លែងមុនពេលព្រឹត្តិការណ៍រត់ចាប់ផ្ដើម រូបពី NOCC
លោកស្រី កុយ ពិសី បាននិយាយថា៖«ស្ដ្រីចូលរួមច្រើន ពួកគាត់ចេះស្រឡាញ់សុខភាព និងយល់ដឹងច្រើនពីអត្ថប្រយោជន៍ នៃការហ្វឹកហាត់កីឡា។ ការរត់ប្រណាំងមិនមែនមាន តែស្ដ្រី យុវតី មនុស្សធំ សូម្បីកុមារក៏មានចូលរួមរត់ដែរ។ នៅពេលយើង មានអ្វីគ្រប់យ៉ាង ហើយ រឿងយើងត្រូវគិតជាចំបងនោះ គឺជាបញ្ហាសុខភាព។ ពួកគាត់ត្រូវថែរក្សាខ្លួនគាត់ តាមរយៈការលេងកីឡា រស់នៅស្អាត និងហូបស្អាត។»។
នេះគឺជាលើកទី៤ហើយ ដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ ដើម្បីអបអរទិវាអន្ដរជាតិនារី ៨ មីនា។ លើកទី១ កាលពីឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជិត ២ ០០០នាក់ ដូចគ្នាទៅនឹងព្រឹត្តិការណ៍លើកទី២ ឆ្នាំ២០២៣។ ចំណែកលើកទី៣ ឆ្នាំ២០២៤ អ្នកចូលរួម មានចំនួនជិត ៣ ០០០នាក់ ប្រហាក់ប្រហែលចំនួនអ្នកចូលរួម ក្នុងឆ្នាំ២០២៥នេះដែរ៕