- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី យប់

មនុស្សយន្តមួយគ្រឿងផលិត និងអភិវឌ្ឍឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយ នឹងដាក់ឱ្យចូលរួម ក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅក្រុងប៉េកាំង នាខែមេសា ខាងមុខនេ។ នេះបើតាមការប្រកាស នៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មានរដ្ឋបាលទីក្រុងប៉េកាំង នៅថ្ងៃទី៤ ខែមីនា។
បើតាមការលើកឡើងរបស់លោក Li Quan អនុប្រធានគណៈកម្មការរដ្ឋបាលតំបន់ បានបង្ហាញថាទាំងមនុស្សយន្ត និងពលរដ្ឋ នឹងចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង នៅថ្ងៃទី១៣ ខែមេសា។ យ៉ាងណា មនុស្សយន្ត ដែលនឹងត្រូវដាក់ឱ្យចូលរួមរត់ គឺជាការអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន ហើយការអះអាងបន្ថែមទៀតថា ការរត់របស់មនុស្សយន្តនោះ ក៏នឹងធ្វើឡើងលើតម្រាយផ្លូវ ដាច់ដោយឡែកពីពលរដ្ឋ ដែលចូលរួមរត់។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua អ្នករៀបចំព្រឹត្តិការណ៍ បានកំណត់ថិរវេលា សម្រាប់មនុស្សយន្តនោះរត់ ក្នុងរយៈពេល ៣:៣០នាទី ក្នុងចម្ងាយ ២១គីឡូម៉ែត្រ។ ក្រុមការងារដែលនឹងរៀបចំការរត់របស់មនុស្សយន្ត ក៏នឹងត្រូវអនុញ្ញាតឱ្យផ្លាស់ប្តូរថ្មីសម្រាប់មនុស្សយន្ត ឬក៏អាចផ្លាស់ប្តូរមនុស្សយន្តថ្មី ស្របតាមរូបមន្តរត់បែបចម្រុះ (Relay) អំឡុងពេលរត់នោះ។ ប៉ុន្តែការផ្លាស់ប្តូរមនុស្សយន្តក្នុងការរត់ ក៏នឹងត្រូវរងពិន័យបូកបន្ថែម ពិន្ទុចំនួន ១០ ទៅតាមពេលវេលាដែលកំណត់។
លើសពីនេះ អ្នករៀបចំតម្រូវឱ្យមនុស្សយន្តដែលត្រូវដាក់ចូលរួម គឺត្រូវប្រើម៉ាស៊ីន មានលក្ខណៈរូបរាងដូចទៅនឹងមនុស្ស ហើយត្រូវមានសកម្មភាពដើរ ឬរត់ដោយជើង មិនអាចឱ្យប្រើប្រាស់កង់បាននោះឡើយ។ មនុស្សយន្ត អាចត្រូវបានគ្រប់គ្រងការបញ្ជាដោយដៃមនុស្សពាក់កណ្តាលស្វ័យប្រវត្តិ ឬប្រព័ន្ធបញ្ជាស្វ័យប្រវត្តិលើមនុស្សយន្តតែម្តង។
បន្ថែមពីនេះ អ្នករៀបចំក៏តម្រូវឱ្យធានាថាមនុស្សយន្តនោះនឹងមិនបង្កឱ្យមានបញ្ហាខូចដល់ផ្លូវថ្នល់ ព្រមទាំងត្រូវឱ្យមានបច្ចេកវិទ្យាផ្នែកវិជ្ជាជីវ និងការគោរពតាមច្បាប់បច្ចេកទេសការប្រកួត។
បើតាមស្ថាប័នសេដ្ឋកិច្ច និងតំបន់នៃការអភិវឌ្ឍបច្ចេកវិទ្យា (E-Town) ការបើកឱកាសឱ្យចូលរួមប្រកួតប្រជែង គឺសម្រាប់ក្រុមហ៊ុន ស្ថាប័ន ឬក៏ក្រុមបង្កើតមនុស្សយន្ត ព្រមទាំងសកលវិទ្យាល័យមកពីជុំវិញពិភពលោក។ ការបើកឱ្យមនុស្សយន្ត ចូលរួមរត់ប្រណាំងទៀតសោត គឺចាប់ពីថ្ងៃទី១១ ខែមីនា ប៉ុន្តែតម្រូវការចាំបាច់នោះគឺមនុស្សយន្តមានរូបរាងស្រដៀង ទៅនឹងមនុស្ស។
កន្លងមកនៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និងការរត់ផ្សេងៗ តួយ៉ាងការរត់ម៉ារ៉ាតុងនៅទីក្រុងហាងចូវ ឆ្នាំ ២០២៤ នៅការរត់នោះសត្វសុនខយន្ត ជើង ៤ ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាអ្នករត់នាំល្បឿន និងជាអ្នករត់តាមអបអរ ខណៈនៅការរត់ពាក់កណ្តាលម៉ារ៉ាតុង ក្នុងសង្កាត់ Yizhuang ទីក្រុងប៉េកាំង ក៏មានវត្តមានមនុស្សយន្តឈ្មោះ Tiangong ចូលរួមផងដែរ៕