សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំ កន្លែងអានសៀវភៅ នៅតាមសួនច្បារ និងទីប្រជុំជន
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៥ នាទី ព្រឹក

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានសរសើរគំនិតផ្តួចផ្តើម «ទេសចរណ៍អំណាន» របស់លោក អ៊ុក វណ្ណដេ ដែលបានបំផុសផ្នត់គំនិតស្រឡាញ់ការអានសៀវភៅ នៅទីសាធារណៈ។ ប្រមុខរាជរដ្ឋាភិបាល បានជំរុញ ឱ្យបណ្តាខេត្ត-រាជធានី យកគំរូនៃការជំរុញការអាននេះ មកអនុវត្ត ដោយការរៀបចំជាជ្រុងនៃអំណាន ឬទីតាំងសម្រាប់អានសៀវភៅ នៅតាមសួនច្បារ និងតាមទីប្រជុំជន នៅក្នុងរាជធានី-ខេត្តរបស់ខ្លួន។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ានដារ គណនេយ្យ នៅថ្ងៃទី១១ ខែមីនា សម្តេច ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ ៖ «មិនចាំបាច់ទាល់តែប្អូន អុក វាន់ដេ ទៅដល់ទេ ហើយចប់ពីហ្នឹងស្ងាត់ឈឹងទេ។ យើងបង្កើតមួយខ្លួនឯង ទិវា ឬកន្លែងណាមួយ។ សៀវភៅអត់ខ្វះទេ ខ្ញុំថាមិនពិបាកទេ សៀវភៅ១ពាន់ក្បាល ដាក់សម្រាប់អានចុងសប្តាហ៍ ឬមួយយ៉ាងណា? នៅរាជធានីភ្នំពេញដូចគ្នា! បើថាចាំបាច់ ផ្លូវដើរ(Walk street) ហ្នឹង (រៀប)កន្លែងណាដាក់ជ្រុងនៃអំណានទៅ។ ទុកម្តុំហ្នឹងទៅ ដាក់តែកៅអីទៅ ដាក់សៀវភៅនៅទីហ្នឹងទៅ។»។
ពីពិធីដដែល សម្តេច ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ពីចលនាអានសៀវភៅនៅក្នុងសង្គមកម្ពុជា មានភាពប្រសើរ ខណៈពិព័រណ៍សៀវភៅនៅរៀបចំកន្លងមកៗ មានការចូលរួមយ៉ាងកុះករពីសាធារណជន។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បន្តជំរុញ ឱ្យអាណាព្យាបាល បន្តលើកទឹកចិត្តកូនៗ ឱ្យអានសៀវភៅឱ្យបានច្រើនជាងឱ្យកូនចំណាយពេលច្រើនលើការមើលទូរសព្ទដៃ។
ការជំរុញឱ្យមានរៀបចំជាទីតាំងសម្រាប់អានសៀវភៅ នៅតាមទីសាធារណៈនេះរបស់សម្តេច ហ៊ុន ម៉ាណែត គឺស្របពេលដែលកម្ពុជា កំពុងប្រារព្ធ ទិវាជាតិអំណាន ខួបលើកទី១០ ថ្ងៃទី១១ ខែមីនា។ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និងការសរសេរ។ ទិវាជាតិអំណានឆ្នាំនេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។
នៅទំព័រហ្វេសប៊ុករបស់ខ្លួន សម្តេច ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន នឹងជួយលើកកម្ពស់ដល់ពុទ្ធិបញ្ញាញាណ ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: