អ៊ុក សុវណ្ណ, កែវ សុខសិលា ជាប់ជម្រើសជាតិកម្ពុជា ជាថ្មី តែបាត់ ហ៊ុល គឹមហ៊ុយ
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:១៦ នាទី ព្រឹក

រូបភាព៖ FFC
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១១ ខែមីនា ប្រកាសសមាសភាពកីឡាករ ២៣នាក់ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្តរជាតិបាល់ទាត់ក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី១៩ ខែមីនា និងទទួល អារូបា នៅ៦ថ្ងៃបន្ទាប់។ អ្នកចាំទី កែវ សុខសិលា ខ្សែការពារ អ៊ុក សុវណ្ណ រួមជាមួយខ្សែបម្រើ ស៊ិន កក្កដា និងស៊ិន សុវណ្ណមករា ស្ថិតក្នុងជម្រើសរបស់លោក Koji Gyotoku ប៉ុន្តែបាត់ឈ្មោះ ហ៊ុល គឹមហ៊ុយ, មិន រតនៈ និងខ្សែការពារជប៉ុន Hikaru Mizuno ជាដើម។

២៣នាក់របស់លោក Koji ប្រមូលមកពី៧ក្លិបផ្សេងគ្នានៃលីគកំពូលកម្ពុជា ដែលក្នុងនោះមានខ្សែប្រយុទ្ធដល់ទៅ៧រូប ខ្សែបម្រើ ៦រូប ខ្សែការពារ៧រូប និងអ្នកចាំទី៣រូប។ កីឡាកររបស់ វិសាខា ច្រើនជាងគេចំនួន៦រូប ស្របពេល ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងមាន ៥រូបដូចគ្នា។ ណាហ្គាវើលដ៍ និង បឹងកេត មាន២រូបដូចគ្នា ឯ អាយអេសអាយដង្កោសែនជ័យ និង អង្គរថាយហ្គឺរមាន១រូបម្នាក់។
ជំនួបមិត្តអន្តរជាតិលើកដំបូងប្រចាំឆ្នាំ២០២៥ ក្រុមគោព្រៃកម្ពុជា នឹងត្រូវទៅសួរសុខទុក្ខវៀតណាម នៅថ្ងៃទី១៩ ខែមីនា នៅកីឡដ្ឋាន Go Dau និងជំនួបទី២ លោក Koji ត្រូវដឹកនាំកូនក្រុម ទទួលភ្ញៀវអារូបា នៅថ្ងៃទី២៥ ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សមាសភាព២៣នាក់របស់ក្រុមគោព្រៃកម្ពុជា មាន៖
អ្នកចាំទី៖ វីរៈ តារា កែវ សុខសិលា និង រ៉េត លីហេង។
ខ្សែការពារ៖ តាំង ប៊ុនឆៃ អូសិ តាកាគិត សឿយ វិសាល សារ៉េត គ្រីយ៉ា កាន់ ម៉ូ អ៊ុក សុវណ្ណ និង ផាត សុខា។
ខ្សែបម្រើ៖ យូឌៃ អូកាវ៉ា បុង សំាយូអ៊េល នីកូឡាស់ ថេឡរ ជូ ស៊ីនទី ស៊ិន កក្កដា និងស៊ិន សុវណ្ណមករា។
ខ្សែប្រយុទ្ធ៖ សៀង ចន្ធា នេកូ រ៉ុនដុន លឹម ពិសុទ្ធ ញាណ សុស៊ីដាន ស រតនា ហាវ សុខនេត្រ និង ឃូលីបាលី អាបឌែល៕



© រក្សាសិទ្ធិដោយ thmeythmey.com
Tag: