លោក ឌូទើតេ ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤៦ នាទី ព្រឹក
លោក ឌូទើតេ ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
លោក រ៉ូឌ្រីហ្គោ ឌូតើទេ ថ្លែងនៅហុងកុងថ្ងៃទី១០ ខែមីនា ។ រូបភាព ៖ AFP

អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមដីកាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើតាមការបញ្ជាក់របស់វិមានប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី១១ ខែមីនា។
TTN-Free-Banner-In-Article-PC


តាមសេចក្តីថ្លែងការណ៍មួយ វិមានប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូទើតេ អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់ខ្លួន ក្នុងពេលត្រលប់មកដល់ក្រុងម៉ានីលវិញ។ ពេលនេះ អតីតប្រធានាធិបតី ត្រូវបានឃុំខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ 

ក្នុងអំឡុងពេលនៅហុងកុង លោក ឌូទើតេ បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការចាប់ខ្លួន ដោយសារយុទ្ធនាការប្រឆាំងគ្រឿងញៀន ក្នុងពេលកំពុងកាន់អំណាច ពីឆ្នាំ២០១៦-២០២២។ 

«ប្រសិនបើនេះពិតជាជោគវាសនារបស់ខ្ញុំមែននោះ ខ្ញុំមិនអីទេ ខ្ញុំនឹងទទួលយកវា។ ពួកគេអាចចាប់ខ្លួនខ្ញុំដាក់គុក»។ អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅចំពោះមុខសហគមន៍ហ្វីលីពីនក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី១០ ខែមីនា ដោយសំដៅជុំវិញតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អាចនឹងចេញដីកាចាប់ខ្លួនលោកក្នុងពេលឆាប់ៗ។

ក្នុងពេលកាន់អំណាច លោក ឌូទើតេ  បានអនុញ្ញាតឱ្យប៉ូលិសបាញ់សម្លាប់ជនសង្ស័យគ្រឿងញៀននៅនឹងកន្លែង ដោយមិនមានការកាត់ក្តី។ ប៉ូលិសនិយាយថា យុទ្ធនាការនេះបានធ្វើឱ្យមនុស្សជាង ៦០០០ នាក់បានស្លាប់ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា តួលេខពិតប្រាកដមានចំនួនរាប់ម៉ឺននាក់។

«តើខ្ញុំបានប្រព្រឹត្តឧក្រិដ្ឋកម្មអ្វី? អំឡុងពេលខ្ញុំនៅក្នុងតំណែង ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីស្ថិរភាព និងជីវិតសន្តិភាពរបស់ប្រជាជនហ្វីលីពីន»។ លោក ឌូទើតេ បានថ្លែងបែបនេះ។ «ហេតុអ្វីខ្ញុំគួរធ្វើដូច្នេះ? សម្រាប់ខ្លួនខ្ញុំ គ្រួសាររបស់ខ្ញុំ? តាមពិតទៅ គឺដើម្បីអ្នក កូនរបស់អ្នក និងប្រទេសរបស់យើង»។

លោក ឌូទើតេ និងកូនស្រីរបស់លោកគឺ អនុប្រធានាធិបតី សារ៉ា ឌូទើតេ បានចាកចេញទៅកាន់តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនដីគោក ដើម្បីឃោសនារកបេក្ខភាពសមាជិកព្រឹទ្ធសភាបក្សលោក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលធ្វើឡើងនៅក្នុងខែឧសភា។

ការិយាល័យប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស​ ជេអរ. បានបដិសេធការរំពឹងទុកថាលោក ឌូទើតេ បានទៅហុងកុងដើម្បីជៀសវាងការចាប់ខ្លួន ហើយបានជំរុញអ្នកគាំទ្រកុំឱ្យជ្រៀតជ្រែកក្នុងដំណើរការផ្លូវច្បាប់។

ហ្វីលីពីនបានដកខ្លួនចេញពី ICC ក្នុងឆ្នាំ ២០១៩ តាមការបញ្ជារបស់លោក ឌូទើតេ។ ការិយាល័យប្រធានាធិបតី ម៉ាកូស ជេអរ. បាននិយាយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ថា ខ្លួនមានឆន្ទៈក្នុងការពិចារណាពីលទ្ធភាពនៃការធ្វើបត្យាប័នអតីតប្រធានាធិបតី ឌូទើតេ ប្រសិនបើ ICC បានផ្ទេរដំណើរការទៅ Interpol ដែលអាចចេញលិខិតចាប់ខ្លួន ដល់រដ្ឋាភិបាលហ្វីលីពីន។

រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ខ្លួនមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយពី Interpol នៅឡើយទេ ប៉ុន្តែបានបង្ហើបថា អាចប្រគល់លោក ឌូទើតេ ទៅកាន់ទីភ្នាក់ងារនេះ។

«ការអនុវត្តច្បាប់របស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមអ្វីដែលច្បាប់ទាមទារ ប្រសិនបើដីកាចាប់ខ្លួនចាំបាច់ត្រូវអនុវត្តតាមការស្នើសុំរបស់ Interpol»។ មន្ត្រីការិយាល័យប្រធានាធិបតីបានប្រាប់សារព័ត៌មាន Reuters បែបនេះ។

អំឡុងពេលសវនាការសភាកាលពីឆ្នាំមុន ស្តីពីសង្គ្រាមរបស់លោកលើគ្រឿងញៀន លោក ឌូទើតេ បានឆ្លើយទាំងមិនញញើតថា លោកមិនខ្លាច ICC ទេ ថែមទាំងបានស្នើឱ្យទីភ្នាក់ងារនេះ «បង្កើនល្បឿន» លើការស៊ើបអង្កេតខ្លួនផង៕

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង