បោកប្រាស់អ្នកវិនិយោគចិន! អង្គហេតុ៣ជុំវិញការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក២រូប
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣០ នាទី ព្រឹក
បោកប្រាស់អ្នកវិនិយោគចិន! អង្គហេតុ៣ជុំវិញការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក២រូប
អភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី ពេលស្តាប់ចម្លើយនៅ ACU ក្រោមវត្តមានលោក ឱម យ៉ិនទៀង។ រូបថត Freshnews

លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ បានអះអាងពីការចាប់ខ្លួន អភិបាលរងខេត្តកំពង់ស្ពឺមួយរូប និងបក្ខពួកពីរនាក់ទៀត ពីបទពុករលួយ (រំលោភអំណាច) សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ។ ក្នុងសំណុំរឿងនេះ អភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី, វរសេនីយ៍ត្រីយោធា ហ៊ាវ ខន និងអ្នកបកប្រែភាសាចិនឈ្មោះ អ៊ីង សារឿន (ឈ្មោះភាសាចិន អ៊ីង វិនឆាយ Yin Wemncai) ជាប់ពាក់ព័ន្ធនឹងការយកប្រាក់ពីអ្នកវិនិយោគចិន២រូប ជាថ្នូរនឹងការរត់ការអាជ្ញាបណ្ណរុករករ៉ែនៅប៉ៃលិន និងព្រះវិហារ រួមទាំងសកម្មភាពមិនប្រក្រតីផ្សេងទៀត។
TTN-Free-Banner-In-Article-PC


«អយ្យការនិងចៅក្រមតុលាការខេត្តកំពង់ស្ពឺពិតជាបានចោទប្រកាន់ លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី អ្នករត់ការ ហ៊ាវ ខន (វរសេនីយ៍ត្រីយោធា) និងអ្នកបកប្រែភាសាចិន អ៊ីង សារឿន ពីបទពុករលួយ(រំលោភអំណាច) សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ ពិតមែន»។ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់យ៉ាងដូច្នេះតាមរយៈសំណេររៀបរាប់អង្គហេតុផ្ញើទៅកាន់អ្នកសារព័ត៌មាន។

មុនឈានដល់ការកសាងសំណុំរឿងបញ្ជូនបុគ្គលទាំង៣រូបទៅតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមីនា អ្នកនាំពាក្យ ACU បានបង្ហាញព័ត៌មានលម្អិត ដែលផ្តើមចេញពីរបាយការណ៍របស់បណ្តាគេហទំព័រសារព័ត៌មានក្នុងស្រុកចំនួន៧។ ស្ថាប័នទាំងនោះ បានចម្អុលមុខចំៗថា លោក ទិត វុទ្ធី ដោយមានវរសេនីយ៍យោធា ហ៊ាវ ខន ជាអ្នករត់ការ និងអ្នកប្រែភាសា អ៊ីង សារឿន ជាអ្នកសមគំនិត បានយកប្រាក់ពីអ្នកវិនិយោគចិន ៤០ម៉ឺនដុល្លារលើតម្លៃសរុប៨០ម៉ឺនដុល្លារ ដែលតម្រូវឱ្យអ្នកវិនិយោគបង់ថ្លៃធ្វើអាជ្ញាបណ្ណ លើគម្រោងវិនិយោគរ៉ែស្ពាន់នៅប៉ៃលិន។

ក្រោយទទួលបានប្រាក់៤០ម៉ឺនដុល្លារ ដែលស្មើនឹង៥០ភាគរយនៃសេវារត់ថ្លៃអាជ្ញាបណ្ណរុករករ៉ែ អ្នកវិនិយោគចិន ត្រូវតម្រូវឱ្យបង់៥០ភាគរយទៀតពេលចូលកាន់កាប់ និងធ្វើសកម្មភាពរុករក។ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា បើទោះបីជាមានភស្តុតាងប្រហែល១០ភាគរយនៃសាច់រឿងទាំងមូលដែលសារព័ត៌មានផ្សាយជាសាធារណៈក៏ដោយ ក៏បុគ្គលទាំង៣រូប នៅតែប្រកែកថា ខ្លួនមិនបានប្រព្រឹត្ត។

«នៅដំណាក់កាល ACU អ្នកទាំងបីនៅបន្តភូតកុហកបន្តទៀត រហូតភស្តុតាងទម្លាក់បន្តបន្ទាប់ទើបប្រកែកមិនបាន»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ ACU ដោយពិនិត្យឃើញថា បុគ្គលទាំង៣រូប បានធ្វើសកម្មភាពជាច្រើនដើម្បីឱ្យភាគីចិនជឿជាក់ និងព្រមបង់លុយដល់ពួកគេ។ សកម្មភាពខុសច្បាប់ទាំងនោះ មានដូចជា ការក្លែងផែនទីតំបន់រុករករ៉ែនៅប៉ៃលិន ដោយលុបឈ្មោះម្ចាស់ពិតចេញ យកទៅប្រគល់ឱ្យអ្នកវិនិយោគចិន លី មិនឆាង, ការប្រើប្រាស់តួនាទីអភិបាលរងខេត្តដើម្បីអន្តរាគមន៍ទៅខាងប៉ៃលិន, ការក្លែងអាជ្ញាបណ្ណរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ការក្លែងលិខិតអនុញ្ញាតយល់ព្រមរុករករបស់រដ្ឋមន្រ្តីបរិស្ថាន ជាដើម។

ដើម្បីឱ្យចិនបង់លុយ៤០ម៉ឺនដុល្លារទៀតដើម្បីបង្គ្រប់៨០ម៉ឺនដុល្លារ បុគ្គលទាំង៣រូប បានប្រាប់ទៅភាគីចិន ថា ទុកពេល២ខែ បើមិនដូច្នោះទេ អាជ្ញាបណ្ណដែលទទួលបាន នឹងត្រូវលុបវិញ។ «អ្នកបកប្រែ អ៊ីង សារឿន បាននិយាយតាម WeChat ទៅភាគីចិនថា ក្រសួងគិតថាបើអ្នកមិនបង់លុយ៤០ម៉ឺនដុល្លារទៀត អ្នកជាអ្នកវិនិយោគគ្មានលុយ ចិនជជុះ មានលុយតិចតួច រត់ការដើម្បីទៅលក់បន្ត»។ នេះបើតាមសំណេររបស់អ្នកនាំពាក្យ។

បន្ថែមពីលើនេះ ក្រុមទាំង៣នាក់បានជួលគេសរសេរគម្រោងផែនការអស់៥ពាន់ដុល្លារ និងជួលអ្នកជំនាញទៅធ្វើបទបង្ហាញជូនក្រសួងរ៉ែ និងថាមពលអស់២០០ដុល្លារ។ ជាលទ្ធផលរដ្ឋមន្រ្តីរ៉ែ បានធ្វើលិខិតឆ្លើយតបថា ក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំងដែលបានអនុញាតឱ្យអ្នកដទៃរួចហើយ។ 

បើតាម ACU ជនទាំងបី បានយកការឆ្លើយតបរបស់រដ្ឋមន្ត្រីរ៉ែ ទៅបង្ហាញភាគីចិន ដោយថា ក្រសួងមិនបន្តអាជ្ញាបណ្ឌ ព្រោះក្រុមហ៊ុនមិនបញ្ជូនមនុស្សទៅការពារគម្រោង ហើយនិយាយផ្ទាល់មាត់ថា មកពីមិនព្រមបង់លុយ៤០ម៉ឺនដុល្លារបន្ថែមទៀត។

សម្រាប់ករណីនៅប៉ៃលិននេះ ACU កំណត់ហៅថា ជាអង្គហេតុទី១ ឬអង្គហេតុប៉ៃលិនទី១។ ហេតុអ្វីបានជាមានការដាក់ឈ្មោះបែបនេះ? អ្នកនាំពាក្យពន្យល់ថា ក្រុមទាំង៣នាក់ ក៏បានយកឯកសារប៉ៃលិនដដែល សកម្មភាពដដែល ជាពិសេសការយកតួនាទីជាអភិបាលរងខេត្ត ដើម្បីឱ្យអភិបាលខេត្តនានា ដូចជា ស្ទឹងត្រែង ព្រះវិហារ ប៉ៃលិន ជួយសម្របសម្រួលការងារខ្លួន។

បន្ថែមពីលើនេះ តាមរយៈការប្រើប្រាស់ផែនទីក្លែងក្លាយ ពួកគេបានយកលុយ៨០ម៉ឺនដុល្លារពីចិនម្នាក់ទៀត ឈ្មោះ ផាន់ អ៊ីជុង (Pan Yijun) ដែលជាមិត្តភក្តិចិនទី១ ហើយក៏ជាអ្នកជួយកាន់ផ្ទេរលុយ៤០ម៉ឺនដុល្លាររបស់ចិនទី១ប្រគល់ឱ្យអ្នកប្រែក្នុងករណីប៉ៃលិនទី១។

ចំពោះអង្គហេតុជាមួយអ្នកវិនិយោគចិនទី២នេះ ACU ហៅថា អង្គហេតុទី៣ ឬប៉ៃលិនទី២។ ជាមួយនឹងទឹកប្រាក់៨០ម៉ឺនដុល្លារដែលចិនទី២ប្រគល់ឱ្យគ្រប់ចំនួន អ្នករត់ការ ហ៊ាវ ខន ទទួលបាន១០ម៉ឺនដុល្លារ។ សរុបទាំង២លើក វរសេនីយ៍ត្រីយោធារូបនេះ បានសរុប១៤ម៉ឺនដុល្លារ។

ករណីប៉ៃលិនទី២ ស្ថិតក្នុងអង្គហេតុទីបី ដោយសារតែមុនពេលកើតអង្គហេតុនោះ ក្រុមទាំង៣នាក់ បានបង្កើតអង្គហេតុកណ្តាលមួយ គឺអង្គហេតុរ៉ែមាសខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាបណ្ណ៥លានដុល្លារ។ ករណីអង្គហេតុកណ្តាលនោះ ត្រូវបាន ACU ហៅថា អង្គហេតុទី២ ឬអង្គហេតុរ៉ែមាសខេត្តព្រះវិហារ។

ក្នុងអង្គហេតុរ៉ែមាសព្រះវិហារ ចិនទី២ (Pan Yijun) បានសម្រេចទិញអាជ្ញាបណ្ណពីក្រុមទាំង៣នាក់ក្នុងតម្លៃ៥លានដុល្លារ ដោយចាយ៣០ម៉ឺនដុល្លារសម្រាប់ខួង៣រណ្តៅ និងហ៊ានកក់១,៥លានដុល្លារទៀតពេលខួងបាន ប៉ុន្តែមិនទាន់មានការប្រគល់លុយណាមួយឡើយ។

«សារព័ត៌មានគេហទំព័រ បានផ្សាយតែ១០ភាគរយប៉ុណ្ណោះនៃអង្គហេតុទី១ ក៏ជាពន្លឺឲ្យ ACU ស៊ើបបានពេញលេញ ហើយរកឃើញនៅអង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) និងអង្គហេតុទី៣ គឺប៉ៃលិនទី២ទៀត»។ នេះជាការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ ACU ៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម