សម្តេច ហ៊ុន ម៉ាណែត ថាការរៀបចំ«អង្គរសង្ក្រាន្ត» ​មិនមែនជាការចាយលុយឥតប្រយោជន៍​ឡើយ
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៤៤ នាទី ព្រឹក
សម្តេច ហ៊ុន ម៉ាណែត ថាការរៀបចំ«អង្គរសង្ក្រាន្ត» ​មិនមែនជាការចាយលុយឥតប្រយោជន៍​ឡើយ

ការរៀបចំព្រឹត្តិការណ៍«អង្គរ​សង្ក្រាន្ត» គឺជាផ្នែកមួយនៃការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ មិន​មែនជាការចំណាយលុយឥតប្រយោជន៍ ដូចការរិះគន់មួយចំនួនឡើយ។ ប្រមុខរាជរដ្ឋាភិបាលថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅ ថ្ងៃទី១១ ខែមីនា។
TTN-Free-Banner-In-Article-PC


សម្តេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «អង្គរ​សង្ក្រាន្ត» ​ជាការៀប​ចំ​​ដើម្បីទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់ជីវភាពពលរដ្ឋ។ «ការរៀបចំនេះ គឺដើម្បីបង្កើតព្រឹត្តិការណ៍ទេស​ចរណ៍។ កាលយើងមិនសូវមាន គេវាយតម្លៃថារដ្ឋាភិបាល អត់មានគោលនយោបាយ បង្កើត​ព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញ(ទេសចរ)។ ឥឡូវយើងរៀបចំបែបនេះដើម្បីអ្វី? បើសិនជាអ្នកសៀមរាប គាត់មិនចង់បាន ប្រជាពលរដ្ឋនៅទីនោះ ជីវភាពរស់នៅ ដើម្បីលើកកម្ពស់ជីវភាពពួកគាត់។»។ សម្តេច នាយករដ្ឋមន្ត្រី លើកឡើងដូច្នេះ។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្រៅពីអង្គរសង្ក្រាន្ត បណ្តារាជធានី-ខេត្តផ្សេងៗ ក៏នៅតែបន្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាមលទ្ធភាពដដែល ដើម្បីអបអរឆ្នាំថ្មី និងបង្កើតជាព្រឹត្តិការណ៍ទាក់ទាញទេសចរ។ ប្រមុខរាជរដ្ឋាភិបា ​ក៏ជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ បង្កើត​ព្រឹត្តិ​ការណ៍ទេសចរណ៍ឱ្យច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា ជាពិសេសនៅក្នុងអំឡុងខែភ្លៀវ ឬ ​Low season។ បើតាសម្តេច ហ៊ុន ម៉ាណែត កម្ពុជាកំពុងខិតខំបង្រួមគម្លាតភ្ញៀវទេសចរ រវាងខែ high season និង low season ឱ្យមកនៅចន្លោះ ពី១០-៣០ ភាគរយ ខណៈបច្ចុប្បន្ន អត្រានេះនៅមានគម្លាតខ្ពស់។ ការបង្រួមគម្លាតនេះ អាចធ្វើទៅបាន គឺការបង្កើនការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើននេះឯង។

ពីពិធីដដែល សម្តេច ហ៊ុន ម៉ាណែត ក៏ហួសចិត្តចំពោះអ្នកវិភាគ និងអ្នករិះគន់មួយចំនួនជុំវិញការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះដែល ដោយពួកគេលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីពង្វក់យុវជនកុំឱ្យគិតពីរឿងសង្គម ឬដើម្បីបង្កើនប្រជាប្រិយភាពត្រកូលហ៊ុនជាដើមនោះ។ សម្តេចនាយករដ្ឋមន្ត្រី ក៏ចោទសួរវិញថា បើចូលឆ្នាំ មិនឱ្យរៀបចំព្រឹត្តិការណ៍អបអរ កម្សាន្តសប្បាយ ​ឱ្យធ្វើអីវិញ?
 
​ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ប្រមាណ ១០ឆ្នាំហើយ ដែល ស.ស.យ.ក. រៀបចំព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត»នេះ ហើយ​ដែលមានការចូលរួមពីយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «(អង្គរសង្ក្រាន្ត)ធ្វើមិនមែនដើម្បីឱ្យបក្សណា ដើម្បីឱ្យអ្នកណានោះទេ តែធ្វើដើម្បីប្រជាជនយើងទាំងអស់។ ទី១ អ្នកដែលទទួលផលផ្ទាល់ គឺប្រជាពលរដ្ឋអ្នកខេត្តសៀមរាប។ បានមនុស្សច្រើន អូតែល restaurant(ភោជនីយដ្ឋាន)។ អ្នកនៅជុំវិញ(ទីរួមខេត្ត) អ្នកនៅកំពង់ភ្លុក ទេសចរណ៍ធម្មជាតិ នៅផ្សេងៗគាត់សប្បាយចិត្ត។ បានបំផុសទៅដល់វិស័យទេសចរណ៍ ខាង tour group គាត់អាចលក់ផលិតផលប្រាប់គេនៅអឺរ៉ុប ឱ្យគេមកឱ្យច្រើនមកខែហ្នឹង។ មកកម្ពុជា ព្រោះយើងមានរៀប(ព្រឹត្តិការណ៍អង្គរសង្ក្រាន, សង្ក្រាន្តតាមរាជធានី-ខេត្ត) ហ្នឹងល្អ។»។​

សូមជម្រាបថា ​សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នឹងត្រូវរៀបចំនៅខេត្ត​សៀម​រាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ក្រោមប្រធានបទ «ញញឹម សាទរ​សង្ក្រាន្តឆ្នាំ​ថ្មី»ជាមួយនឹងការរៀបចំធំជាង​មុន និង​កម្មវិធី​ពិសេសៗ ​មិនធ្លាប់មានពីមុនមក។ ​លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​បញ្ជាក់ថា ​ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ​នៅ​ឆ្នាំនេះ នឹង​មានកម្មវិធីធំៗចំនួន​៣៨ ដែលរួម​កមានម្មវិធី​កម្សាន្ត ប្រពៃណី វប្បធម៌ និងពិព័រណ៍ជាដើម។ កម្មវិធី​ទាំងនោះ នឹងរៀបចំឡើង នៅ​ចំនួន ៦ទីតាំងខុសៗគ្នា គឺ​នៅបរិវេណ​មុខប្រាសាទ​អង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹង​សៀម​​រាប, បណ្ដោ​យ​ផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ។ 

​​ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ក៏ស្របពេលដែលកម្ពុជា ​កំពុងរៀបចំដាក់«មហាសង្ក្រាន្ត» នៅក្នុងបញ្ជីបេតិកភណ្ឌ របស់អង្គការយូណេស្កូផងដែរ៕

អត្ថបទទាក់ទង
: 144751
 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា