រដ្ឋមន្រ្តីអប់រំ​ ទទួល​បាន​ពាន«​កិត្តិគុណ»ដំបូងគេ និង​​ប្រសិទ្ធនាមថា«​គរុ​វិជ្ជាចារ្យកវី​និពន្ធ​»
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០៩ នាទី រសៀល
រដ្ឋមន្រ្តីអប់រំ​ ទទួល​បាន​ពាន«​កិត្តិគុណ»ដំបូងគេ និង​​ប្រសិទ្ធនាមថា«​គរុ​វិជ្ជាចារ្យកវី​និពន្ធ​»

ភ្នំពេញ៖ លោក​ឧបនាយក​រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​សមាគម​អ្នក​និពន្ធ​ខ្មែរ ប្រគល់ជ័យលាភី​​ពាន«​កិត្តិគុណ» ដែល​ប្រសិទ្ធនាមថា «​គរុ​វិជ្ជាចារ្យកវី​និពន្ធ​»។ មកដល់​បច្ចុប្បន្ន លោករដ្ឋមន្រ្តីអប់រំ​ បាន​និពន្ធ​ស្នាដៃ​ចំនួន ៣៩ស្នាដៃ ដែល​មាន​ទាំង​ភាសាខ្មែរ អង់គ្លេស​ និង​បារាំង។​
TTN-Free-Banner-In-Article-PC


ក្នុង​​ពិធី​អបអរសាទរ ទិវាជាតិអំណាន​លើកទី១០ នា​ថ្ងៃទី១១ មីនានេះ សម្ដេច ម៉ែន សំអន បាន​ប្រគល់​ជ័យលាភីពាន«កិត្តិគុណ»ដំបូង​គេ​បង្អស់របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ ដល់​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជ​ន និង​កីឡា។ រដ្ឋមន្រ្តីអប់រំ ​ ក៏​ទទួល​បាន​ឈ្មោះថា«គរុវិជ្ជាចារ្យកវីនិពន្ធ»។​

ពាន​«​កិត្តិគុណ»នេះ​ ត្រូវ​បាន​បង្កើត​ដោយ​សម្ដេច ហ៊ុន សែន ប្រធាន​កិត្តិយសនៃ​សមាគមអ្នក​និពន្ធខ្មែរ ​ក្នុង​គោល​បំណងរំឭក​នូវ​សេចក្ដី​ចងចាំ​អំពី​ការ​លះ​បង់ និង​គុណ​បំណាច់ដ៏​មហា​ថ្លៃ​ថ្លា​របស់​បណ្ដា​កវី​ អ្នក​និពន្ធ​គ្រប់​ជំនាន់ជា​ប្រវត្តិសាស្រ្ត​ ក្នុង​បុព្វហេតុ​នៃស្មារតី​ព្រលឹង​ជាតិ​ខ្មែរ។ 

លើសពីនេះ ជា​ការ​រួម​ចំណែក លើក​ស្ទួយពី​គុណ​តម្លៃនៃ​មនសិការ​កតញ្ញូ គោរព​ដឹង​គុណ​ ចំពោះ​វីរភាព​នៃ​កវី អ្នក​និពន្ធ​ខ្មែរ ដែល​បាន​បូជា​កម្លាំងប្រាជ្ញា ស្មារតី ក្នុង​វិស័យ​តែង​និពន្ធនៅ​កម្ពុជា។ ជាមួយ​គ្នានេះ ពាន​«​កិត្តិគុណ»នេះ ក៏​បង្ហា​ញ​ពី​ការ​ទទួល​ស្គាល់​គុណ​វឌ្ឍ និង​គុណ​សម្បត្តិ នៃ​សុឆន្ទៈរបស់​កវី អ្នក​និពន្ធ​ខ្មែរ ក្នុង​បុព្វហេតុ​នៃ​តម្លៃ ផ្នែក​អក្សរសាស្រ្ត និង​អក្សរសិល្ប៍ខ្មែរផងដែរ​។ 

លោកឧបនាយករដ្ឋមន្រ្តី​ ហង់ជួន ណារ៉ុន បាន​តែង​និពន្ធ​ស្នាដៃសរុប ៣៩ ស្នាដៃ ​ពាក់ព័ន្ធនឹង​សេដ្ឋកិច្ច អក្សរសិល្ប៍ អក្សរសាស្រ្ត​ ច្បាប់ ទស្សនវិជ្ជា​ ប្រវត្តិវិទ្យា​ គណិតវិទ្យា​ និង​​កំណាព្យជាដើម ដែល​មាន​ភាសាខ្មែរ អង់គ្លេស និង​បារាំង។ ស្នាដៃទី៣៩ របស់​លោក ហង់ជួន ណារ៉ុន គឺជា​សៀវភៅស្ដីពី​នីតិ​អន្តរជាតិ​សមុទ្រ៕ 


សម្ដេច ម៉ែន សំអន បាន​ប្រគល់​ជ័យលាភីពាន«កិត្តិគុណ»ដំបូង​គេ​បង្អស់របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ ដល់​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជ​ន និង​កីឡា។ រូបភាពពីMoEYS

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ