ប្រមុខការទូតកម្ពុជា នឹងទៅបារាំង ដើម្បីពិភាក្សាការងារជាមួយប្រមុខអង្គការធំៗពីរ គឺ OIF និងUNESCO
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៣០ នាទី រសៀល

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងបំពេញទស្សនកិច្ចការងារ នៅទីក្រុងបារ៉ីស ប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងពេលស្នាក់នៅបារាំង លោក ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ច នៅអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តបតាមការអញ្ជើញរបស់ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់-កូហ្វូនី លើកទី២០ ដែលនឹងរៀបចំនៅឆ្នាំ២០២៦ នៅកម្ពុជា។
លោក ប្រាក់ សុខុន ក៏គ្រោងជួបជាមួយ លោកស្រី Audrey Azoulay អគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ(UNESCO) ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា លើការអភិរក្សបេតិ កភណ្ឌ វប្បធម៌ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com