នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ កាន់កៅអីចេញពីសភា​ទាំងទឹកមុខកំប្លែង
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ កាន់កៅអីចេញពីសភា​ទាំងទឹកមុខកំប្លែង
រូបភាព ៖ Screenshot Reuters ។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានកាន់កៅអីដែលលោកធ្លាប់អង្គុយដោយទឹកមុខកំប្លែងចេញពីរដ្ឋសភា បន្ទាប់ពីបក្សកាន់អំណាចបានជ្រើសរើសមេដឹកនាំថ្មីដែលនឹងបន្តពីរូបលោកក្នុងសប្តាហ៍នេះ។
TTN-Free-Banner-In-Article-PC


បន្ទាប់ពីកិច្ចប្រជុំនៅអគាររដ្ឋសភាកាណាដានៅថ្ងៃទី១០ ខែមីនា ជាមួយមេដឹកនាំគណបក្សសេរីនិយមថ្មីលោក Mark Carney, នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ បានចាប់ផ្តើមដំណើរការផ្ទេរការងារជាផ្លូវការទៅកាន់អ្នកស្នងតំណែងរបស់លោក។

អ្នកថតរូបរបស់សារព័ត៌មាន Reuters បានថតជាប់លោក ទ្រូដូ កាន់កៅអីរបស់លោកចេញពីសាលសភាកាណាដា បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Carney ដែលហាក់ដូចជានិមិត្តរូបនៃការបញ្ចប់ទសវត្សរ៍របស់លោកនៅក្នុងរដ្ឋាភិបាល។

រូបថត​លោក ទ្រូដូ កាន់​កៅអីហើយ​លៀន​អណ្តាត​ចេញ​ទៅ​រក​អ្នក​យក​ព័ត៌មាន ​ត្រូវ​បាន​គេ​ចែក​ចាយ​យ៉ាង​ឆាប់​រហ័ស​លើ​បណ្តាញ​សង្គម។ មនុស្ស​ជា​ច្រើន​បាន​សរសើរ​ពី​ភាព​កំប្លុក​កំប្លែង​របស់​លោក ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​រិះគន់​ថា​ជា «ទង្វើ​ចុង​ក្រោយ​នៃ​ការ​លួច» របស់​អ្នក​នយោបាយ​វ័យ ៥៣ឆ្នាំរូបេនេះ។

នៅក្រោមច្បាប់របស់សភាកាណាដា សមាជិកសភាដែលចាកចេញពីតំណែង មានសិទ្ធិបញ្ជាឱ្យយកកៅអីដែលពួកគេធ្លាប់ប្រើក្នុងសភា។ លោក ទ្រូដូ មិន​បាន​ពន្យល់​ពី​អ្វី​ជុំវិញរូបថតដែល​លោក​កំពុង​កាន់​កៅអី​ និង​ពី​កន្លែង​ដែល​លោក​យក​កៅអី​នោះ​ទេ។

លោក ទ្រូដូ នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ថ្ងៃប្រគល់តំណែងឲ្យលោក Carney ដែលរំពឹងទុកនៅពាក់កណ្តាលសប្តាហ៍នេះ។ នេះបើយោងតាមមន្ត្រីគណបក្សសរីនិយម។

ក្នុងរយៈពេលជិត ១ទសវត្សនៃការកាន់អំណាច លោក ទ្រូដូ បានដឹកនាំកាណាដាឆ្លងកាត់វិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ជាមួយអាម៉េរិក ព្រមទាំងដោះស្រាយអស្ថិរភាពភូមិសាស្ត្រនយោបាយដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ទោះជាយ៉ាងណា ការវាយតម្លៃរដ្ឋាភិបាលដឹកនាំក្រោមរដ្ឋបាលលោក ទ្រូដូ បានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងពាក់កណ្តាលអាណត្តិទីពីរនៃឆ្នាំ២០២៤ ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចជាច្រើនដូចជា អតិផរណា និងវិបត្តិលំនៅដ្ឋាន ដែលប៉ះពាល់ដល់ជំហររបស់គណបក្សសេរី។ 

ការដាក់ពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បង្កើនសម្ពាធពន្ធលើកាណាដាខ្លាំងដែរ ជាផ្នែកមួយនៃការពន្លឿនដំណើរការចុះចេញពីតំណែងរបស់លោក ទ្រូដូ។ លោក​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​មេដឹកនាំបក្ស​សេរី​នៅ​ថ្ងៃ​ទី​៦ មករា ដោយ​បើក​ផ្លូវ​ឲ្យ​គណបក្ស​ជ្រើសរើស​អ្នក​ស្នង​តំណែង។

លោក ទ្រូដូ មិន​ទាន់​ធ្វើ​សេចក្តី​ប្រកាស​ណាមួយ​អំពី​ផែនការ​អនាគត​របស់​លោក​នៅ​ឡើយ​ទេ​បន្ទាប់​ពី​ចាកចេញ​ពី​ឆាកនយោបាយ។ លោកជាអ្នកនយោបាយកាណាដា ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដាទី២៣ ចាប់តាំងពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោកជាមេដឹកនាំគណបក្សសេរីនិយមកាណាដា ដែលលោកបានកាន់តំណែងនេះតាំងពីឆ្នាំ ២០១៣៕

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង