ពលរដ្ឋខ្មែរ អាចចាយប្រាក់រៀលនៅប្រទេសចិនបានតាមការស្កេនឃ្យូអរកូត UnionPay
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី២ ក្នុងក្របខ័ណ្ឌនៃកិច្ចសហការ រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International នៅបានដំណើរជាផ្លូវការហើយ។ នៅក្នុងដំណាក់កាលនេះ ពលរដ្ឋដែលគណនីធនាគារជាប្រាក់រៀល ឬអ្នកប្រើប្រាស់ប្រព័ន្ធបាគង គឺអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា ជាមួយ UnionPay បាននៅប្រទេសចិន និងប្រទេសដៃគូនានាក្នុងពិភពលោកបានយ៉ាងរហ័ស និងងាយស្រួល។

ការដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី២នេះ ត្រូវបានធ្វើឡើងនៅធនាគារជាតិ នៃ កម្ពុជា អគារសែនសុខ នាថ្ងៃទី១០ ខែមីនា បន្ទាប់ពីដំណាក់កាលទី១ ដំណើរការបានជាង១ឆ្នាំកន្លងមក។ ការអភិវឌ្ឍនូវប្រព័ន្ធទូទាត់ឆ្លងដែននេះ នឹងផ្តល់កាលានុវត្តភាពក្នុងការពង្រីក សកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនការទូទាត់ឆ្លងដែន ព្រមទាំង ប្រតិបត្តិការផ្ទេរប្រាក់។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ បានបញ្ជាក់ថា ៖ « ការណ៍នេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ ព្រមទាំងលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
ជាមួយនឹងការរីកចម្រើននូវបច្ចេកវិទ្យា ពលរដ្ឋកម្ពុជាអាចប្រើប្រាស់ កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀតជាដៃគូ។ លោកស្រី ជា សិរី បានអះអាងយ៉ាងដូច្នេះ ៖ « កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជា ឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស នៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ»។
ដើម្បីទទួលអត្ថប្រយោជន៍ពីកិច្ចសហការនេះ ទេសចរកម្ពុជាដែលទៅប្រទេសចិន ត្រូវមានប្រាក់រៀលក្នុងគណនីទើបអាចចាយតាម QR របស់ UnionPay បាន។ អ្នកលក់នៅកម្ពុជា ក៏ត្រូវបើកគណនីជាប្រាក់រៀល និងទទួលការទូទាត់ជាប្រាក់រៀល ទើបទេសចរចិនអាចបង់លុយតាម KHQR បានផងដែរ។
សម្រាប់ លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay Intermational ការដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ នេះ នឹងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ផងដែរ។
ក្រៅពីប្រតិបត្តិទូទាត់សងប្រាក់ឆ្លងដែនតាមQR Code ជាមួយ UnionPay ហើយនោះ បច្ចុប្បន្ន កម្ពុជាក៏មានកិច្ចសហការលើការទូទាត់នេះជាមួយប្រទេសក្នុងតំបន់ និងបណ្តានានា រួមទាំងក្រុមហ៊ុនធំៗមួយចំនួនក្នុងពិភពលោក។ ដូចជា៖ ជាមួយប្រទេសថៃ ឡាវ វៀតណាម ជប៉ុន និងជាមួយក្រុមហ៊ុនAlipay របស់ចិន ជាដើម។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមីយ៉ាន់ម៉ា ជប៉ុន និងឥណ្ឌា ផងដែរ។
ធនាគារជាតិ ប្រឹងប្រែងធ្វើបែបនេះ ក្នុងគោលដៅជំរុញការប្រើប្រាស់រៀល ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម និងលំហូរទេសចរ ជាដើម ។ សមិទ្ធផលសម្រេចនាពេលនេះបា នឆ្លុះបញ្ ចាំងពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយដៃគូ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: