កម្ពុជា បានគម្រោងថ្មីចំនួន៤៤ទៀត ដែលអាចបង្កើតការងារបាន២,៥ម៉ឺនកន្លែង
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:០៨ នាទី រសៀល

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ រូបថត៖ CDC
គម្រោងវិនិយោគថ្មីចំនួន៤៤គម្រោងទៀត ដែលមានទឹកប្រាក់ប្រមាណ៣២១លានដុល្លារអាម៉េរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានដល់២,៥ ម៉ឺនកន្លែង។

CDC បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមាន២១គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ២៣គម្រោងទៀត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងធំៗ រួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គម្រោងនេះមានទុនវិនិយោគ៣៣លានដុល្លារ។ គម្រោងបង្កើតរោចក្រកែច្នៃលោហធាតុតម្លៃ៣១លានដុល្លារ នៅស្រុកជុំគិរី ខេត្តកំពត។
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាលិស និងកាបូប តម្លៃ២៤លានដុល្លារនៅខេត្តកំពង់ស្ពឺ, គម្រោងបង្កើតរោងចក្រផលិតផលគ្រោងសំណង់ ពីលោហធាតុខ្នាតធំតម្លៃ៨,៤លានដុល្លារនៅកំពង់ស្ពឺ។ គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ និងសម្ភារប្រើប្រាស់ធ្វើពីលោហៈ និងប្លាស្ទិក តម្លៃ២២លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម តម្លៃ១៦,៨លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា។
សរុបក្នុងរយៈពេល២ខែមកនេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១១២គម្រោង ដែលមានទុនប្រមាណ១ ០០០លានដុល្លារ ដោយអាចបង្កើតការងារបានជាង៧ម៉ឺនកន្លែង។ នេះបើតាម CDC ដែលបានបញ្ជាក់ថា ប្រភពទុនវិនិយោគឈានមុនគេ គឺមកពីប្រទេសចិន សិង្ហបុរី អូស្រ្តាលី និងអង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: