ក្រៅពីប្រារព្ធពិធីបុណ្យចូលឆ្នាំលក្ខណៈមហាគ្រួសារខ្មែរតែមួយ តើអ្វីជាគុណតម្លៃ «អង្គរសង្ក្រាន្ត»?
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

រូបភាព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សៀមរាប៖ ឆ្នាំនេះជាឆ្នាំ១២ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ព្រឹត្តិការណ៍វប្បធម៌នេះ បានក្លាយជាស្មារតីរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីសៀមរាប-អង្គរ និងជាព្រឹត្តិការណ៍ទេសចរណ៍មួយផងដែរ។ ក្រៅពីជាទីជួបជុំមហាគ្រួសារខ្មែរ និងព្រឹត្តិការណ៍ទេសចរណ៍ តើ «អង្គរសង្ក្រាន្ត» មានគុណតម្លៃបែបណា សម្រាប់កម្ពុជានិយាយជារួម និងសម្រាប់ខេត្តសៀមរាប និយាយដោយឡែកនោះ?

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
«អង្គរសង្ក្រាន្ត»ជាព្រឹត្តិការណ៍វប្បធម៌មួយ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃឈប់សម្រាក «បុណ្យចូលឆ្នាំថ្មី» ប្រពៃណីខ្មែរ តាំងពីឆ្នាំ២០១៤មក នៅលើទឹកដីសៀមរាប-អង្គរ។ ឆ្នាំទី១២នេះ «អង្គរសង្ក្រាន្ត» នឹងប្រារព្ធឡើងពីថ្ងៃទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ញញឹម សាទរសង្ក្រាន្ត ឆ្នាំថ្មី»។
នាសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមីនា នៅរមណីយដ្ឋានអង្គរ លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ គឺបង្កើតឡើងក្រោមគោលបំណងដើម្បីជួបជុំយុវជន និងមហាជន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
លោកបន្ថែមទៀត គោលបំណងព្រឹត្តិការណ៍នេះក៏ជារំឭកឡើងវិញ និងធ្វើឱ្យរស់រវើកបន្ថែមទៀត នៃមរតកបេតិកភណ្ឌអរូបី នៅលើទឹកដីអង្គរមរតករូបីរបស់កម្ពុជា។
លោក សុខ សប្បាយណា បន្តទៀតថា ព្រត្តិការណ៍អង្គរសង្ក្រាន្តជាការផ្ដលឱកាសដល់់យុវជនកម្ពុជា មហាជនទូទៅ ទេសចរជាតិ និងអន្តរជាតិ ស្វែងយល់បន្ថែមពីភាពរុងរឿង ភាពល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា តាំងពីសម័យមហានគរ រហូតដល់បច្ចុប្បន្ន ដើម្បីជាការចូលរួមថែរក្សា និងពង្រីកកិត្យានុភាពកម្ពុជា ទៅលើឆាកអន្តរជាតិផងដែរ។

លោ សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាសន្និសីទសារព័ត៌មាន អំពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ នៅរមណីយដ្ឋានអង្គរ។
«អង្គរសង្ក្រាន្ត» ជាព្រឹត្តិការណ៍ដែលបំផុសគំនិត រួមកម្លាំងសាមគ្គីគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ និងមោទកភាព ក្នុងនាមជាប្រជាជនខ្មែរ។ នេះបើតាម លោក សុខ សប្បាយណា ដោយលោក បន្តញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាឱកាសដល់ពាណិជ្ជករ អាជីវករ និងសហគ្រិន ដើម្បីបង្ហាញពីផលិតផល ស្នាដៃ របស់ពួកគេ និងជាការជំរុញបន្ថែមក្នុងវិស័យទេសចរណ៍ព និងសេដ្ឋកិច្ចក្នុងប្រទេស ជាពិសេសក្នុងខេត្តសៀមរាប។
លោក សុខ សប្បាយណា សង្កត់ធ្ងន់ដូច្នេះ៖ «អង្គរសង្ក្រាន្តមិនមែនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ ហើយក៏មិនមែនត្រឹមតែជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែរ ប៉ុន្តែជាស្មារតីរួបរួម និងជានិមិត្តរូបនៃភាពរុងរឿង នៅលើទឹកដីសុវណ្ណភូមិ ដែលមានពង្សាវតារយូរលង់ណាស់មកហើយ។ និយាយជារួមអង្គរសង្ក្រាន្តជាស្មារតីមួយ ដើម្បីរួបរួម ពង្រឹងស្មារតីស្រឡាញ់ និងមោទកភាពចំពោះប្រជាជាតិ និងប្រជាជន»។
គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅឆ្នាំនេះ នឹងមានកម្មវិធីធំៗចំនួន៣៨ ដែលរួមកមានម្មវិធីកម្សាន្ត ប្រពៃណី វប្បធម៌ និងពិព័រណ៍ជាដើម។ កម្មវិធីទាំងនោះ នឹងរៀបចំឡើង នៅចំនួន ៦ទីតាំងខុសៗគ្នា គឺនៅបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: