Chinatown នៅអាម៉េរិកជួបការលំបាក ក្រោយលោក ត្រាំ ដាក់ពន្ធបន្ថែម ១០ភាគរយលើទំនិញចិន
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

តំបន់ Chinatown នៅ Manhattan ។ រូបភាព ៖ AFP
ក្រោយអាម៉េរិកប្រកាសដំឡើងពន្ធបន្ថែម ១០ភាគរយលើការនាំចូលរបស់ចិន អាជីវករនៅផ្សារ Chinatowns ទូទាំងអាម៉េរិក មានការបារម្ភថាវានឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ និងបំផ្លាញវប្បធម៌ប្រពៃណី។

តាមសារព័ត៌មាន NBC News ពាណិជ្ជករនៅ Chinatown ក្នុងទីក្រុង Manhattan របស់អាម៉េរិក កំពុងប្រឈមការលក់ទំនិញមិនចេញ ក៏ដូចជាហានិភ័យនៃការបិទហាង ដោយសារលទ្ធភាពនៃការឡើងថ្លៃ ៨ភាគរយនៃតម្លៃទំនិញនាំចូលពីចិន។
ថ្មីៗនេះ អាម៉េរិកបានប្រកាសដំឡើងពន្ធបន្ថែម ១០ភាគរយដែលនាំឱ្យពន្ធលើទំនិញសរុបរបស់ចិនកើនឡើងដល់ ២០ភាគរយចាប់ពីខែមីនា។
ទំនិញលក់នៅ Chinatowns អាចនាំចូលពីចិនតែប៉ុណ្ណោះ
ឈ្មួញនៅក្នុង Chinatowns នៅទូទាំងអាម៉េរិក កំពុងប្រឈមមុខនឹងវិបត្តិថ្មីមួយ ដោយសារទំនិញច្រើនដែលលក់នៅទីនោះ គឺនាំចូលផ្ទាល់ពីចិន ហើយមិនមាននៅលើដាក់លក់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដូចជា Amazon នោះទេ។ ដោយសារទំនិញដែលដាក់លក់នៅ Chinatown សម្រាប់បម្រើតម្រូវការប្រជាជនចិន ឬប្រជាជនកាត់ចិនដែលរស់នៅក្រៅប្រទេសតែប៉ុណ្ណោះ។
អ្នកស្រី Mei Lum សិល្បករ និងសហគ្រិនជនជាតិអាម៉េរិកដើមកំណើតចិននៅទីក្រុងញូវយ៉ក និងជាម្ចាស់ហាង Wing On Wo & Co ជាហាងចំណាស់ជាងគេនៅ Chinatown បាននិយាយថា ទំនិញរបស់អ្នកស្រីភាគច្រើនត្រូវបាននាំចូលដោយផ្ទាល់ពីទីក្រុង Jingdezhen ខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន។
អ្នកស្រី Lum បានកត់សម្គាល់ពីផលប៉ះពាល់មួយចំនួននៃពន្ធថ្មីលើការដឹកជញ្ជូនដែលអ្នកស្រីទទួលបានក្នុងសប្តាហ៍នេះ។
ទន្ទឹមនេះ ម្ចាស់ហាង Yùnhóng Chopsticks នៅ Chinatown នៃទីក្រុង Manhattan បាននិយាយថា ពួកគេបានគិតប្រាក់បន្ថែម ៣ភាគរយលើរាល់វិក្កយបត្រនីមួយៗ ដើម្បីរ៉ាប់រងថ្លៃដើមនៃការនាំចូលទំនិញ។ ហាងនេះត្រូវបានគេរំពឹងថានឹងដំឡើងតម្លៃទំនិញបន្តិចបន្តួចដោយសារពន្ធ។
លោក Kenny Li អាយុ ៧៣ឆ្នាំ ម្ចាស់ហាងលក់ទំនិញនៅអាស៊ី រកស៊ីជាង ៣០ឆ្នំាក្នុង KK Discount Store នៅ Chinatown នៃក្រុង Manhattan បានលើកឡើងថា ហាងនានាក្នុង Chinatown ប្រហែលជាមិនអាចបន្តអាជីវកម្មទៀតបានទេ ដោយសារពួកគេប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ដូចជាការឡើងថ្លៃជួល ការកើនឡើងថ្លៃដើម ហើយឥឡូវនេះពន្ធនាំចូលរហូតដល់ ២០ភាគរយ។
«សហគមន៍នៃអ្នកធ្វើការរបស់យើងនៅ Chinatown គឺពិតជារងផលប៉ះពាល់ខ្លាំងបំផុតដោយការសម្រេចចិត្តរបស់រដ្ឋបាលអាម៉េរិក ក្នុងការបង្កើនពន្ធលើការនាំចូលពីចិន»។លោកស្រី Lum បានបន្ថែមបែបនេះ។
ការភ័យខ្លាចនៃភាពក្រីក្រ និងការបាត់បង់វប្បធម៌
នេះមិនត្រឹមតែធ្វើឱ្យឈ្មួញជនជាតិចិន ឬជនជាតិចិនមានការភ័យខ្លាចក្នុងការលក់ទំនិញរបស់ពួកគេប៉ុណ្ណោះទេ សហគមន៍ជនជាតិចិននៅអាម៉េរិកក៏ភ័យខ្លាចថា ទំនៀមទម្លាប់វប្បធម៌របស់ពួកគេនឹងត្រូវបាត់បង់ ហើយអត្រានៃភាពក្រីក្រដែលមានស្រាប់នឹងកាន់តែខ្ពស់ថែមទៀត។
យោងតាម NBC News អត្រានៃភាពក្រីក្រនៅក្នុងតំបន់ដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន គឺខ្ពស់ជាងនៅតំបន់ផ្សេងទៀត។ ឧទាហរណ៍ ២៨ភាគរយនៃប្រជាជននៅ Chinatown នៃក្រុង Manhattan រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
ជាពិសេស ប្រាក់ចំណូលរបស់ប្រជាជននៅ Chinatown Manhattan គឺមានប្រមាណ ៣៥ ៨០៥ ដុល្លារ ដែលទាបជាងប្រាក់ចំណូលជាមធ្យមនៃសង្កាត់ Manhattan ទាំងមូលដែលមានចំនួន ៨៥ ៥៥៣ ដុល្លារ។
មិនឆ្ងាយពីក្រុងនេះ អត្រានៃភាពក្រីក្រក្នុងចំណោមអ្នកស្រុកនៅ Chinatown ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania មានប្រហែល ៣២ភាគរយ។ ទំនិញដែលមានតំលៃថោកនៅក្នុង Chinatowns ភាគច្រើនផ្គត់ផ្គង់ដល់ប្រជាជនដែលមានចំណូលទាប និងពលករចំណាកស្រុក។
«ពួកយើងភាគច្រើន រួមទាំងខ្ញុំផង គ្រួសាររបស់ខ្ញុំមកពីមជ្ឈដ្ឋានកម្មករដែលមានប្រាក់ចំណូលទាប»។ លោក Lucas Li ជនអន្តោប្រវេសន៍ចិននៅ Chinatown ក្នុង San Francisco រដ្ឋ California បាននិយាយថា ៖« យើងពិតជាពឹងផ្អែកលើទំនិញដែលមានតម្លៃសមរម្យនៅក្នុង Chinatown»។ គ្រួសារលោក Li បច្ចុប្បន្នកំពុងប្រកបរបរខាងគ្រឿងសក្ការៈ ហុងស៊ុយ និងរូបបដិមាព្រះពុទ្ធជាដើម។
លោក Li បានសម្តែងការព្រួយបារម្ភថា វប្បធម៌ និងសាសនារបស់ប្រជាជនចិនអាចនឹងត្រូវបាត់បង់ នៅពេលដែលពន្ធនាំចូលទំនិញរបស់ចិនកើនឡើង ដែលបង្ខំឱ្យពួកគេឡើងថ្លៃ ដែលនឹងធ្វើឱ្យប្រជាជន ជាពិសេសក្មេងជំនាន់ក្រោយស្ទាក់ស្ទើរក្នុងការទិញវត្ថុសក្ការបូជា។
«នៅពេលដែលទំនិញឡើងថ្លៃ វានឹងពិបាកសម្រាប់គ្រួសារចិនក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងអនុវត្តគ្រប់ជំហានក្នុងពិធីគោរពបូជា»។ លោក Li ប្រាប់ NBC News បែបនេះ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងដាក់ពន្ធ ២០ភាគរយ លើទំនិញនាំចូលពីចិន រហូតដល់ទីក្រុងប៉េកាំងចាត់វិធានការដើម្បីបញ្ឈប់លំហូរនៃសារធាតុថ្នាំ fentanyl ចូលទឹកដីអាម៉េរិក។ ជាការឆ្លើយតប ទៅនឹងចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោន ចិនក៏បានដាក់ពន្ធ ១៥ភាគរយលើទំនិញនាំចូលមួយចំនួនពីអាម៉េរិកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: