បរាជ័យអាជីវកម្ម បានជំរុញឱ្យលោក សុន សាវ៉ាន ប្រឹងរកលុយដោះបំណុល និងចែករំលែកគន្លឹះដល់សិស្ស
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

មនុស្សភាគច្រើនចូលចិត្តស្ដាប់ការចែករំលែករបស់បុគ្គលជោគជ័យ ហើយច្រានចោលអ្នកបរាជ័យ។ នេះជាមូលហេតុដែលអ្នកបរាជ័យ មិនហ៊ានចែករំលែកបទពិសោធន៍មិនល្អ នៅក្នុងអាជីវកម្មរបស់ខ្លួន។ ផ្ទុយពីការគិតបែបនេះ លោក សុន សាវ៉ាន ជាគ្រូបង្រៀនទៅលើមុខវិជ្ជាប្រវត្ដិវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន សំរោង ខេត្តកំពង់ស្ពឺ បានចែករំលែកបទពិសោធន៍បរាជ័យក្នុងអាជីវកម្មរបស់ខ្លួន ទៅដល់សិស្សានុសិស្សនៅក្នុងបន្ទុកថ្នាក់ខ្លួន។ សម្រាប់លោក សាវ៉ាន បទពិសោធន៍បរាជ័យក្នុងអាជីវកម្ម ក៏ជាផ្នែកមួយជួយឱ្យសិស្ស ឬយុវជនជំនាន់ក្រោយ អាចយកទៅសំលៀងសមត្ថភាពខ្លួន សម្រាប់អនាគតផងដែរ។

លោក សុន សាវ៉ាន ធ្លាប់បានបើកអាជីវកម្មហ្ការ៉ាស់សាំងមួយកន្លែង នាអំឡុងឆ្នាំ២០១៥។ ដំណើរការអាជីវកម្មលោក មានភាពល្អប្រសើរ និងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះមិនសូវមានដៃគូរប្រកួតប្រជែងច្រើន។ ដំណើរការបានជាង៥ឆ្នាំ មុខរបរហ្ការ៉ាស់សាំងរបស់លោក សាវ៉ាន ត្រូវបានបិទទ្វារ ជាមួយនឹងបំណុលជាប់ខ្លួនជិត ៣០ម៉ឺនដុល្លារទៀត។ ពេលវេលានោះ ជាមេរៀនដ៏លំបាកសម្រាប់លោកគ្រូ សាវ៉ាន។
ជួបបញ្ហាហិរញ្ញវត្ថុ និងផ្លូវចិត្តនេះ មិនបានធ្វើឱ្យលោក សាវ៉ាន អស់សង្ឃឹមឡើយ។ គ្រូបង្រៀនថ្នាក់វិទ្យាល័យរូបនេះ ប្រឹងបំពេញការងារ និងរកថវិកាដើម្បីដោះបំណុលខ្លួន។ តើកត្តាអ្វីដែលនាំឱ្យលោកគ្រូ សុន សាវ៉ាន មានកម្លាំងចិត្តខំប្រឹងរកលុយដោះបំណុល?
ឆ្លើយតបចំណុចនេះ លោកគ្រូ សុន សាវ៉ាន បានឱ្យដឹងថា ៖ «កត្ដាចម្បងដែលនាំឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងរកលុយនោះ គឺដោយសារការងាអាជីពរបស់ខ្ញុំ។ ទោះបីខ្ញុំជាប់បំណុលក៏ពិតមែន តែអាជីពជាគ្រូបង្រៀនរបស់ខ្ញុំនៅតែបន្ត។ ពេលខ្ញុំបង្រៀន ពេលខ្ញុំចូលរួមកិច្ចការងារសង្គម និងមើលឃើញកូនសិស្សខ្ញុំ នេះជាអ្វីដែលធ្វើខ្ញុំសប្បាយ និងជាកម្លាំងជំរុញរបស់ខ្ញុំ»។
លោកគ្រូ សាវ៉ាន ខំប្រឹងធ្វើការងារក្រៅម៉ោង ដោយឆ្លៀតពេលពីការងារបង្រៀនសិស្ស ដើម្បីរកប្រាក់ផ្សំគ្នា យកទូទាត់ទៅធនាគារ។ គិតមកទល់ដើមឆ្នាំ២០២៥នេះ លោក សាវ៉ាន អះអាងថា ខ្លួនបានសងបំណុលធនាគារបានមួយចំនួនធំហើយ ដោយនៅសល់ត្រឹមតែជាង ៦ម៉ឺនដុល្លារទៀតប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: