ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាជំពាក់បរទេសជិត១២ពាន់លានដុល្លារ តែកម្រិតហានិភ័យនៅទាប
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រូបថត៖ MEF (2)
បំណុលសាធារណៈរបស់កម្ពុជានៅក្រៅប្រទេសបានកើនដល់ទំហំ១១,៩២ពាន់លានដុល្លារអាម៉េរិក។ ទំហំនេះ ត្រូវបានគិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបញ្ជាក់ថាស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាបានបន្តរក្សានូវចីរភាព និងមានកម្រិតហានិភ័យនៅទាប។

នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាក្នុងទំហំទឹកប្រាក់ចំនួន ៧៦៣,៨៣លានដុល្លារអាម៉េរិក(សមមូលនឹង ៥៨២,៧៧លានអេសដេអ៊ែ)។ ជារួមក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះកិច្ចព្រមពៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាបានក្នុងទំហំទឹកប្រាក់ ១ ៧៩៥.៨៤លានដុល្លារអាម៉េរិក (សមមូលនឹង ១ ៣៧០.១៦លានអេសដេអ៊ែ)។ ឥណទានទាំងនេះមានទំហំស្មើនឹង៨១ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០លានអេសដេអ៊ែ) ក្នុងនោះ ក្របខណ្ឌទ្វេភាគីមាន៣៩ភាគរយ និងពហុភាគីមាន៦១ភាគរយ។
ព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយជាសាធារណៈនាថ្ងៃទី១១ ខែមីនាបានសរសេរយ៉ាងដូច្នេះ៖« ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤៥ភាគរយ។»។ ឯកសារដដែលបញ្ជាក់ដែរថា៖« ឥណទានថ្មីទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។»។
ថវិកាដែលកម្ពុជាខ្ចីពីបរទេសនោះ ត្រូវបានយកទៅអភិវឌ្ឍន៍ក្នុងវិស័យដឹកជញ្ជូន, ផ្គត់ផ្គង់ទឹកស្អាត, ថាមពល, ធារាសាស្ត្រ, កសិកម្ម, សុខាភិបាល, អប់រំ និងវិស័យអាទិភាពផ្សេងៗទៀត។
«ទំហំឥណទានថ្មីទាំងនេះ បានធ្វើឱ្យបំណុលសាធារណៈរបស់កម្ពុជាកើនដល់១២,០៣ពាន់លាន ដោយគិតចាប់តាំងពីឆ្នាំ១៩៩៣មកដល់ដំណាច់ឆ្នាំ២០២៤ ក្នុងនោះ មាន១១,៩២ពាន់លានដុល្លារ (ស្មើនឹង៩៩ភាគរយ) ជាបំណុលរបស់កម្ពុជានៅក្រៅបរទេស។»។ នេះបើយោងតាមឯកសារសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែល។
ព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជាបានសរសេររៀបរាប់ថា ក្នុងចំណោមបំណុលក្រៅប្រទេសទាំងនោះ មាន៦២ភាគរយ ជាបំណុលក្របខ័ណ្ឌទ្វេភាគី។ រីឯ បំណុលក្នុងក្របខ័ណ្ឌពហុភាគី មាន៣៧ភាគរយ។
បើតាមស្ថិតិដដែល ប្រទេសចិនគឺជាម្ចាស់បំណុលធំជាងរបស់កម្ពុជាក្នុងក្របខ័ណ្ឌឥណទានទ្វេភាគី។ គិតនៅត្រឹមដំណាច់ឆ្នាំ២០២៤ កម្ពុជាបានជំពាក់លុយប្រទេសចិនរហូតដល់ជាង៤០០០លានដុល្លារ ស្មើនឹង៣៤ភាគរយនៃបំណុលក្រៅប្រទេសសរុប។ បន្ទាប់មកគឺប្រទេសជប៉ុនដែលកម្ពុជាជំពាក់លុយប្រមាណ ១ ៣០០លានដុល្លារ ស្មើនឹង១១ភាគរយ ខណៈដែលបំណុលកម្ពុជាចំពោះកូរ៉េខាងត្បូងកើនដល់ជាង៧០០លានដុល្លារ និងជំពាក់បារាំងក្នុងចំនួនជិត៦០០លានដុល្លារ។
ក្នុងក្របខណ្ឌពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍអាស៊ី(ADB)ប្រមាណ ២ ៥០០លានដុល្លារ ស្មើនឹង២១ភាគរយនៃបំណុលក្រៅប្រទេសសរុបរបស់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ជំពាក់លុយធនាគារពិភពលោក( World Bank ) ជាង១ ៦០០លានដុល្លារ ស្មើនឹង១៤ភាគរយ និងជំពាក់ស្ថាប័នអន្តរជាតិផ្សេងៗទៀត មាន៣៥៧.៦លានដុល្លារ ស្មើនឹង៣ភាគរយនៃបំណុលក្រៅប្រទេសសរុបរបស់កម្ពុជា។
ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈវាយតម្លៃថា វានៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន«ចីរភាព» និង «ហានិភ័យទាប»ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរាលដាលនៃវិបត្តិកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់នៅក្នុងអារម្ភកថានៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាថា ការរក្សា បាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំរួមមាន៖ ក្របខណ្ឌគតិយុត្ត, គោលនយោបាយយុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងទុកទិន្នន័យដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុលជាដើម។
លោករដ្ឋមន្ត្រីបានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖« បច្ចុប្បន្ន រដ្ឋាភិបាលកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវវិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣ ជាពិសេស គោលការណ៍គន្លឹះទាំង៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ និងទាំងការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ ផងដែរ។»។
គោលការណ៍គន្លឹះទាំង៥នោះរួមមាន៖ ទីមួយ- ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និង សេដ្ឋកិច្ចអាចទ្រំទ្របាន, ទីពីរ- ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ទីបី- ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ទីបួន- ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពស័ក្តិសិទ្ធភាពខ្ពស់បំផុត។ រីឯគន្លឹះសំខាន់ទីប្រាំ- គឺការប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោង វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃ ការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំង៥ខាងលើ ការផ្លាស់ប្តូរឆ្នាំគោលថ្មីនៃគណនេយ្យជាតិ ឆ្នាំ២០១៤ នឹងធ្វើឱ្យសមត្ថភាពខ្ចីរបស់កម្ពុជាកើនខ្ពស់ជាងមុន។
ការណ៍នេះ នឹងផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលអាចកៀរគរហិរញ្ញប្បទានពីការខ្ចីបានច្រើនបន្ថែមទៀត សម្រាប់យកមកបំពេញតម្រូវការ វិនិយោគសាធារណៈក្នុងវិស័យអាទិភាពសំដៅរួមចំណែកល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែង។ នេះជាការលើកឡើងរបស់លោកប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ដែលបានអះអាងថា ទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេច បង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រថ្មីស្តីពី «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤- ២០២៨» ដើម្បីធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ។ ក្នុងយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលបានកំណត់លើការខ្ចីប្រាក់ពីបរទេសមិនឱ្យលើពី២៧០០លានដុល្លារក្នុងមួយឆ្នាំឡើយ។
យុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ រួមមានទាំងការខ្ចីប្រាក់ពីគេ, ការឱ្យប្រាក់គេខ្ចី, ការធានារបស់រដ្ឋ, និងការគ្រប់គ្រងហានិភ័យបំណុល រួមទាំងកាតព្វកិច្ចបំណុលជាយថាហេតុ។ យុទ្ធសាស្ត្រថ្មីនេះ ក៏តាមដានលើស្ថានភាព និងនិន្នាការនៃបំណុលរបស់វិស័យឯកជន សំដៅរួមចំណែកគ្រប់គ្រងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេលមធ្យមនិងវែងផងដែរ។ នៅក្នុងយុទ្ធសាស្ត្រស្តីពី៖ «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» បានកំណត់យ៉ាងច្បាស់នូវពិតាននៃការខ្ចីលុយប្រចាំឆ្នាំរបស់កម្ពុជា។
ក្នុងនោះ រដ្ឋាភិបាលបានកំណត់លើការខ្ចីប្រាក់ពីស្ថាប័ន និងដៃគូអភិវឌ្ឍក្រៅប្រទេសក្នុង រង្វង់ពី១,៧ពាន់លានអេសដេអ៊ែ (ប្រមាណ២៣០០លានដុល្លារ) ដល់ ២ពាន់លានអេសដេអ៊ែ(ប្រមាណ២៧០០លានដុល្លារ)ក្នុងមួយឆ្នាំ។ ប៉ុន្តែក្នុងកាលៈទេសៈចាំបាច់ កម្ពុជាអាចបង្កើនការខ្ចីលុយពីបរទេសប្រចាំឆ្នាំ ដល់២,៥ពាន់លានអេសដេអ៊ែ(ប្រមាណជាង៣ ៣០០លានដុល្លារ)។
យ៉ាងណាមិញ នៅក្នុងឯកសារយុទ្ធសាស្ត្រថ្មីនៃការគ្រប់គ្រងសាធារណៈនេះ បានកំណត់រដ្ឋាភិបាលមិនឱ្យ លុយពីបរទេសលើសពីចំនួន១០ពាន់លានអេសដេអ៊ែឡើយ(សមមូលនឹងប្រមាណ ១៣,៥ពាន់លានដុល្លារអាម៉េរិក) ក្នុងរយៈពេល៥ឆ្នាំឡើយ ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលគ្រោងខ្ចីបរទេសជាង២ពាន់លានដុល្លារទៀត សម្រាប់មូលនិធិទ្រទ្រង់ថវិកា និងវិនិយោគសាធារណៈ។ រដ្ឋាភិបាលបញ្ជាក់ថា៖ « ការខ្ចីប្រាក់ពីគេត្រូវមានលក្ខណៈជាការខ្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: