មហាសេដ្ឋីអង់គ្លេស Ratcliffe មើលឃើញកីឡាករ Man Utd ខ្លះសមត្ថភាពមិនសមថ្លៃពលកម្ម
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី យប់
មហាសេដ្ឋីអង់គ្លេស Ratcliffe មើលឃើញកីឡាករ Man Utd ខ្លះសមត្ថភាពមិនសមថ្លៃពលកម្ម

ក្រោយពីមានបាតុកម្មរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រកើតឡើង ទាក់ទងបញ្ហាក្រុមធ្លាក់ទម្រង់លេង លោក Sir Jim Ratcliffe សហម្ចាស់ក្លិប Manchester United បានចេញមុខរិះគន់ទៅកាន់កីឡាកររបស់ក្រុមបន្ថែមទៀត ដោយថាកីឡាករខ្លះមិនទាន់ល្អគ្រប់គ្រាន់ និងខ្លះមានថ្លៃពលកម្មខ្ពស់ហួសហេតុ។
TTN-Free-Banner-In-Article-PC


ទោះបីជាក្រុមបានធ្លាក់ទម្រង់លេងខ្លាំង ក្នុងរដូវកាល ២០២៤-២៥ ក្រោមការដឹកនាំរបស់ លោក Ruben Amorim ប៉ុន្តែសហម្ចាស់ក្លិបជាមហាសេដ្ឋីអង់គ្លេស នៅតែគាំទ្រចំពោះការបំពេញការងាររបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ដែលកំពុងព្យាយាមអូសទាញក្រុម Man Utd ឱ្យវិលទៅកាន់ភាពល្អប្រសើរ។ 

Amorim ចូលមកជំនួសតំណែងលោក Erik ten Hag ដែលត្រូវបានបណ្តេញចេញតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយចាប់តាំងពីការមកដឹកនាំក្រុមបិសាចក្រហម បុរសវ័យ ៤០ឆ្នាំ ដឹកនាំក្រុមឈ្នះតែ ៥ប្រកួតប៉ុណ្ណោះ ក្នុងលីគកំពូលអង់គ្លេស និងធ្លាក់ចេញពីពាន EFL Cup និង​ FA Cup។

ចាប់តាំងពីចូលមកដឹកនាំក្រុមមក លោក Amorim ជួបបញ្ហាទម្រង់លេងខ្លាំងប្រចាំលីគកំពូលអង់គ្លេស ខណៈក្រុមបន្តឈរនៅចំណាត់ថ្នាក់លេខ ១៤។ ធ្លាក់ទម្រង់លេងបែបនេះហើយ ធ្វើឱ្យអ្នកគាំទ្រជាង ១ពាន់នាក់ ចេញធ្វើបាតុកម្មក្រៅកីឡដ្ឋាន Old Trafford ប្រឆាំងទៅនឹងការដឹកនាំរបស់គ្រួសារ Glazers ជាម្ចាស់ក្លិប។

លោក​ Sir Jim Ratcliffe សហម្ចាស់ក្លិបដែលទិញភាគហ៊ុនក្លិប ២៥ភាគរយ បានចេញមុខបកស្រាយពីបញ្ហាបារម្ភចំពោះស្ថានភាពក្លិប កំពុងជួបប្រទះ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ ​BBC ដូច្នេះថា៖«យើងបានទិញ Antony , Casemiro, Andre Onana, Rasmus Hojlund, Jadon Sancho។ បើទោះបីជាយើងពេញចិត្ត ឬក៏អត់ តែយើងទទួលបានរឿងនេះរួចទៅហើយ។ យើងមានតែពិនិត្យមើលរឿងនេះឡើងវិញ។ […] កីឡាករខ្លះគឺមិនទាន់ល្អគ្រប់គ្រាន់ឡើយ ហើយកីឡាករខ្លះមានថ្លៃពលកម្មថ្លៃពេក ប៉ុន្តែសម្រាប់យើង នេះគឺជាការបង្កើតក្រុមដែលពោរពេញដោយការទទួលខុសត្រូវ ហើយក៏ត្រូវការពេលវេលាដូចគ្នា។»។

មហាសេដ្ឋីអង់គ្លេស ជាម្ចាស់ក្រុមហ៊ុន INEOS ក៏បានសរសើរដល់ការដឹកនាំរបស់លោក Amorim ថាជាគ្រូបង្វឹកវ័យក្មេង និងមានសមត្ថភាពខ្លាំងក្នុងការងារ។ មហាសេដ្ឋីវ័យ ៧២ឆ្នាំ ថែមទាំងបានអះអាងទៀតថា លោកកំពុងសម្លឹងមើលការកសាងក្រុមតាមតម្រូវការរបស់អ្នកចាត់ការវ័យ ៤០ឆ្នាំ ដែលរឿងនេះនឹងធ្វើឱ្យការងាររបស់បុរសព័រទុយហ្កាល់កាន់តែល្អ សម្រាប់ការប្រកួតប្រជែង និងធ្វើការងារបានយូអង្វែង។

លើសពីនេះ លោក Jim Ratcliffe ក៏បកស្រាយទាក់ទងនឹងការកាត់ការងារនៅក្លិប Man Utd ក៏ព្រោះតែដើម្បីសន្សំសំចៃប្រាក់ ខណៈក្រុមកំពុងតែខាតបង់ប្រាក់ ហើយអាចប្រឈមអស់ប្រាក់នៅចុងបញ្ចប់ឆ្នាំ ទៅលើការងារគ្មានផលប្រយោជន៍ដល់ក្លិប៕
 

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង