ភូមានៅតែជាប់លេខ១ខាងផលិតអាភៀនច្រើនជាងគេក្នុងលោក ខណៈប្រជាជនឈប់ធ្វើស្រែ តែបែរទៅដាំអាភៀន
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

សង្រ្គាមស៊ីវិលធ្វើឲ្យប្រជាជនភូមាឈប់ធ្វើស្រែ តែបែរទៅដាំអាភៀន AFP - STR
ដោយ៖ឈាង បុប្ផា (RFI ខេមរភាសា)
នៅភូមា សង្រ្គាមស៊ីវិលមិនត្រឹមបង្កអសន្តិសុខ បង្កើតវិបត្តិមនុស្សធម៌ ការផ្លាស់ទី ប៉ុន្តែ វាជាដើមចមនៃភាពក្រីក្រគ្មានថ្ងៃបញ្ចប់។ ដោយសារតែជីវភាព គ្រោះអត់ឃ្លាន ប្រជាជនភូមា នៅរដ្ឋស្ហាន ដែលមានព្រំដែនជាប់ព្រំដែនប្រទេសបី គឺ ចិន ឡាវ និងថៃ បានងាកទៅប្រកបរបរដាំដំណាំអាភៀន ជំនួសការធ្វើស្រែចម្ការ។ ដំណាំអាភៀនជាជំរកចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសមួយ ដែលសង្រ្គាមស៊ីវិលកំពុងផ្ទុះឡើង នៅគ្រប់កន្លែង ខណៈដែលភាគីជម្លោះក្រាញ ចង់ឈ្នះរៀងៗខ្លួន។ មេដឹកនាំរបបសឹកភូមាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី និងប្រយុទ្ធតទល់នឹងក្រុមឧទ្ទាមប្រឆាំង៤ឆ្នាំមកនេះ ទើបប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន រយៈពេល៦ខែតទៅទៀត។

នៅរដ្ឋស្ហាន ភាគខាងជើង ឈៀងខាងលិច ភូមា ជាប់ព្រំដែនជាមួយចិន ឡាវ និងថៃ ប្រជាជនភូមានាំគ្នាបោះបង់ចោលកសិកម្មធ្វើស្រែ ដោយបែរងាកទៅដាំដំណាំអាភៀន ដែលមិនពិបាកដាំ និងនៅតែមានទីផ្សារជាប់ជាប្រចាំ។
នៅចម្ការអាភៀន ដែលឡោមព័ទ្ធដោយជួរភ្នំ ក្នុងរដ្ឋស្ហាន កសិករប្រុសស្រីភូមា ដើរឆូតលើផ្កាអាភៀន និងទុកឲ្យវាបញ្ចេញជ័រជាមុនសិន។ នៅថ្ងៃបន្ទាប់ គេអាចដើរប្រមូលផល ដោយកោសយកជ័រអាភៀសពីលើផ្កាដែលពួកគេបានឆូតទុក។ បើតាមលោកAung Hla ដូដំណាំអាភៀនជាជម្រើសចុងក្រោយ។ ធ្លាប់តែធ្វើស្រែ ដាំដំណាំស្រូវនៅក្នុងភូមិ នៅរដ្ឋស្ហាន កសិកររូបនេះនិយាយប្រាប់អ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំងAFP ថា លោកគ្មានជម្រើសអ្វីផ្សេង ក្រៅពីដាំអាភៀននៅជ្រលងភ្នំ Pekon។ ស្ថានភាពរបស់លោក គឺដូចអ្នកធ្វើការនៅក្នុងចំការអាភៀនភាគច្រើន ដែលផ្លាស់ទីមកស្រុកឆ្ងាយៗ ដោយសារតែជម្លោះប្រដាប់អាវុធ ការប្រយុទ្ធគ្នាដ៏ហិង្សារវាងកងទ័ព និងក្រុមឧទ្ទាមប្រឆាំងនឹងរបបសឹក។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ សង្រ្គាមស៊ីវិលផ្ទុះគ្រប់ទីកន្លែង បានបណ្តាលឲ្យប្រជាជនភូមាជាង ១លាននាក់ផ្លាស់ទី ចំណែកមនុស្សប្រមាណ ២០លាននាក់ត្រូវការជំនួយមនុស្សធម៌បន្ទាន់។
ការប្រយុទ្ធ បាញ់ប្លោងដាក់គ្នា បានបំផ្លាញដីស្រែ ចម្ការ ដំណាំ និងធ្វើឲ្យប្រជាជនបង្ខំចិត្តរត់ចោលផ្ទះសម្បែង។ ចំការអាភៀនក្លាយជាជំរកចុងក្រោយរបស់ប្រជាជនភូមាមួយចំនួន។ ទោះបីពួកគេដឹងច្បាស់ថា ជ័រអាភៀននឹងត្រូវគេយកទៅផលិតចេញជាគ្រឿងញៀនហេរ៉ូអ៊ីនពង្វក់មនុស្ស ប៉ុន្តែ មុខរបរដាំអាភៀនជួយឲ្យពួកគេរកបានចំណូល មិនដាច់ពោះស្លាប់។
មួយវិញទៀត ផ្ទុយពីការគិតជាទូទៅ ដែលថា របរដាំអាភៀនអាចធ្វើឲ្យគេក្លាយជាអ្នកមាន កសិករដាំអាភៀនរៀបរាប់ថា ពួកគេទទួលបានប្រាក់ចំណូលទាបបំផុត ដោយរកបាន៣០ដុល្លារ ក្នុងជ័រអាភៀនមួយគីឡូក្រាម។ ផ្ទុយទៅវិញ អ្នកដែលចំណេញកប់ពពកគឺក្រុមឈ្មួញទុច្ចរិតដែលទិញបន្តពីកសិករ យកទៅកែច្នៃលក់នៅទីផ្សារអាភៀន។
ទោះមិនបានប្រាក់ចំណូលច្រើន ប៉ុន្តែ កសិករនៅជ្រលងភ្នំ Pekon ជ្រើសរើសយកដំណាំអាភៀន។ នោះក៏ព្រោះថាដំណាំបន្លែ ស្រូវស្រែ ពិបាកថែ ខ្វះទឹក ដោយសារការប្រែប្រួលអាកាសធាតុ និងលក់មិនបានថ្លៃ ឬពិបាករកទីផ្សារ ដោយសារតែការដឹកជញ្ជូនត្រូវរំខាន ជួបឧបសគ្គ នៅក្នុងបរិបទប្រទេសកំពុងកើតមានជម្លោះប្រដាប់អាវុធស្ទើរគ្រប់កន្លែង។
ដំណាំអាភៀននៅតែមានទីផ្សារ មិនដូចដំណាំកសិកម្មផ្សេងទៀត ដូចជាពោត ដំឡូង ស្រូវ ប៉ុន្តែ ការប្រមូលផលឆ្នាំនេះ បានធ្លាក់ចុះ ពី ១០៨០តោន មកនៅត្រឹមជាង៩៩៥តោន។ បើតាមការវាយតម្លៃរបស់ការិយាល័យរបស់អង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ជម្លោះប្រដាប់អាវុធ ជាហេតុផលមួយឲ្យធ្វើឲ្យការផលិតអាភៀនធ្លាក់ថយចុះ បូកផ្សំនឹងទីផ្សារអាភៀនដែលសំបូរចាក់ច្រាល នៅ៣ឆ្នាំជាប់ៗគ្នា។
ភូមាបានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេនៅក្នុងពិភពលោក នៅឆ្នាំ ២០២៣ ដោយផ្តួលអាហ្វហ្កានីស្ថានមកនៅចំណាត់ថ្នាក់ទី២វិញ។ ចំពោះប្រជាជនភូមា កសិកម្មដាំអាភៀនរីកចម្រើន សំបូរគេដាំច្រើន ក៏ដោយសារតែប្រជាជនគ្មានមុខរបរអ្វីផ្សេងដើម្បីចិញ្ចឹមជីវិត។ គ្រប់គ្នាសុទ្ធតែយល់ស្របថា បើសិនប្រទេសភូមារបស់ពួកគេមានសន្តិភាព មានរោងចក្រឧស្សាហកម្ម ផ្តល់ការងារ នោះពួកគេប្រាកដជាមិនមកដាំអាភៀននោះទេ។ ប៉ុន្តែ នៅក្នុងស្ថានភាពជាក់ស្តែង ភូមា ប្រទេស និងប្រជាជនកំពុងធ្លាក់ចុះដុនដាប ក៏ដោយសារតែអស្ថិរភាព ជម្លោះប្រដាប់អាវុធ ដណ្តើមអំណាចគ្នារវាងរបបសឹក និងក្រុមឧទ្ទាមប្រឆាំង។
សព្វថ្ងៃនេះ កងទ័ពមិនទាន់ទម្លាក់គ្រាប់លើតំបន់ដែលមានចំការអាភៀន ប៉ុន្តែ កសិករអាភៀននិយាយមិនលាក់ថា ពួកគេមានភ្នែកនៅកញ្ចឹងក រាល់ពេលដែលលឺសំឡេងយន្តហោះ ហោះកាត់ម្តងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com