Floyd ទិញអគារ ៦២ខ្នងនៅក្បែរទីក្រុងញូវយ៉កតម្លៃ ៤០០លានដុល្លារ
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី ព្រឹក

កំពូលកីឡាករប្រដាល់ Floyd Mayweather ដែលធ្លាប់ជាប់ជាអត្តពលិករកបានចំណូលខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ បានបង្ហាញអគារដែលគេបានទិញចំនួន ៦២ខ្នង ក្នុងតំបន់ Manhattan ក្បែទីក្រុងញូវយ៉ក តម្លៃ ៤០២លានដុល្លារ។

តាមរយៈការបង្ហោះវីដេអូមួយនៅលើគណនី Instagram របស់តារាប្រដាល់ Floyd Mayweather ដែលមានចំនួនអ្នកតាមដាន ៣០លាននាក់ ដោយគេបាននិយាយបញ្ជាក់ថា បានទិញអចលនទ្រព្យ ដោយប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន គ្មានដៃគូជំនួញណាម្នាក់ចូលរួមចំណែកឡើយ។ ទីតាំងអគារជាផ្ទះល្វែង ស្ថិតក្នុងសង្កាត់ Morningside Heights នៃតំបន់ Manhattan ក្បែទីក្រុងញូវយ៉ក ក៏នឹងផ្តល់ចំណូលខ្ទង់លានដុល្លារជាងរៀងរាល់ខែ ទៅកាន់កីឡាករប្រដាល់សញ្ជាតិអាម៉េរិករូបនេះវិញ។ អគារទាំង ៦២ខ្នង សរុបជាង ១ ០០០បន្ទប់។
នៅលើការបង្ហោះវីដេអូនោះ Floyd បាននិយាយដូច្នេះថា៖«នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ទាំងនេះគឺសុទ្ធសឹងតែជាអគាររបស់ខ្ញុំ រួមទាំងហាងលក់ដូរទំនិញនៅពីខាងក្រោមអគារ ក៏ជារបស់ខ្ញុំដូចគ្នា។ អ្នកអាចនឹងសម្រេចបានសមិទ្ធផលនេះដូចគ្នា ប៉ុន្តែអ្នកត្រូវតែធ្វើសកម្មភាពដោយភាពក្លាហាន។»។
អ្នកប្រដាល់សញ្ជាតិអាម៉េរិកវ័យ ៤៨ឆ្នាំ បានចាប់ផ្តើមអាជីពប្រដាល់របស់គេដំបូងនៅក្នុងឆ្នាំ ១៩៩៦ ហើយនៅការប្រកួតរបស់គេទាំងអស់ចំនួន ៥០លើក មិនទាន់ស្គាល់ពាក្យចាញ់នោះឡើយ ហើយថែមទាំងទទួលបានងារជាអ្នកប្រដាល់មិនដែលចាញ់ថែមទៀត។ Floyd បានឈ្នះខ្សែក្រវ៉ាត់ពិភពលោក ចំនួន ១៥ លើប្រភេទទម្ងន់ ៥ប្រភេទផ្សេងគ្នា និងថែមទាំងជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុតនៅលើពិភពលោកផងដែរ។
គិតមកដល់បច្ចុប្បន្ន កំពូលកីឡាករប្រដាល់ Floyd រកបានចំណូលសរុប ១,៤៨ពាន់លានដុល្លារ ពីប្រកួត និងការឧបត្ថម្ភផ្សេងៗ ដែលនេះធ្វើឱ្យគេក្លាយជាអ្នកប្រដាល់រកបានចំណូលខ្ពស់ជាងគេប្រចាំប្រវត្តិសាស្ត្រ។
បើតាមការកត់ត្រារបស់កាសែតកីឡា និងសេដ្ឋកិច្ចអាម៉េរិក Sportico កីឡាករប្រដាល់វ័យ ៤៨ឆ្នាំ ជាអត្តពលិកម្នាក់ស្ថិតចំណោមអត្តពលិកកម្រិតកំពូលទាំង ១០ ដែលរកបានចំណូលច្រើនជាងគេលើលោក ខណៈតារាបាល់បោះ Michael Jordan នាំមុខគេរកបាន ៣,៧៥ពាន់លានដុល្លារ។
កាលពីមុនមក Mayweather ធ្លាប់អះអាងថា ចំណូលរបស់គេតាមរយៈអចលនទ្រព្យ តែមួយមុខបានផ្តល់ឱ្យគេជាង ៣០០លានដុល្លារ ក្នុងមួយខែរួចទៅហើយ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ Floyd បានវិនិយោគ ១០០លានដុល្លារ ជាមួយដៃគូ ក្នុងទឹកប្រាក់សរុប ៣ពាន់លានដុល្លារ ដើម្បីជួលអចលនទ្រព្យ ជាច្រើនក្នុងទីក្រុងញូវយ៉ក យកផលចំណេញ ដែលជាទីក្រុងដ៏ស៊ីវីល័យជាងគេបំផុតនៅអាម៉េរិក និងលើពិភពលោក។
Mayweather បានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧ ហើយរូបគេបន្តចូលរួមការប្រកួតប្រដាល់បែបពិពណ៌ ដែលរកបានចំណូលពីចន្លោះ ១០លានដុល្លារ ទៅ ១០០លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: