លោក Rubio ថា អាមេរិកលុបចោលកម្មវិធីទីភ្នាក់ងារ USAID ៨៣%
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៤៨ នាទី ល្ងាច

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រតិកម្មនៅពេលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty នៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយកាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិកបានលុបចោលកម្មវិធីចំនួន ៨៣% របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយកាលពីខែមករាដោយទាមទារឲ្យមានការបង្កករាល់ជំនួយបរទេសទាំងអស់របស់សហរដ្ឋអាមេរិក ដើម្បីទុកពេលឱ្យរដ្ឋបាលរបស់លោកវាយតម្លៃលើការចំណាយនៅបរទេសក្នុងបំណងដើម្បីកាត់កម្មវិធីណាដែលមិនស្របនឹងរបៀបវារៈ «អាមេរិកជាមុន» របស់លោក។
លោក Rubio បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «បន្ទាប់ពីបានពិនិត្យឡើងវិញរយៈពេល ៦ សប្ដាហ៍មក យើងបានលុបចោលជាផ្លូវការនូវកម្មវិធីចំនួន ៨៣% របស់ទីភ្នាក់ងារ USAID»។
លោកបានបន្ថែមថា៖ «កុងត្រាចំនួន ៥.២០០ ដែលឥឡូវនេះត្រូវបានលុបចោលបានចំណាយប្រាក់អស់រាប់សិបពាន់លានដុល្លារនៅក្នុងវិធីដែលមិនបម្រើ [ហើយក្នុងករណីខ្លះថែមទាំងប៉ះពាល់ទៀតផង] ដល់ប្រយោជន៍ជាតិស្នូលរបស់សហរដ្ឋអាមេរិក»។
ទីភ្នាក់ងារ USAID បានចែកចាយជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកតាមរយៈកម្មវិធីសុខភាពនិងកម្មវិធីគ្រាអាសន្ននានានៅក្នុងប្រទេសចំនួន ១២០។
កាលពីថ្ងៃចន្ទ លោក Rubio បានថ្លែងអំណរគុណជាពិសេសដល់អង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលលោកមហាសេដ្ឋី Elon Musk កំពុងដឹកនាំដើម្បីកាត់ចំណាយនិងការងារនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com