មិនមែនជាកីឡាការិនី មិនមែនជាគ្រូបង្វឹក តែកញ្ញា ឡាយ ស្រីរ័ត្ន សកម្មខ្លាំងក្នុងកីឡារត់
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
មិនមែនជាកីឡាការិនី មិនមែនជាគ្រូបង្វឹក តែកញ្ញា ឡាយ ស្រីរ័ត្ន សកម្មខ្លាំងក្នុងកីឡារត់
កញ្ញា ឡាយ ស្រីរ័ត្ន ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ឥណ្ឌូចិន នៅអង្គរវត្ត (Angkor Wat Indochine Marathon) កាល​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ភ្នំពេញ៖ រត់ជាប្រចាំ បង្កើតក្លិបរត់ ជួយរៀបចំ ឬបង្កើតព្រឹត្តិការណ៍រត់នានា ក៏ដូចជាការបង្កើតឱកាសការងារមួយចំនួន។ ទាំងនេះ គឺជាសកម្មភាពរបស់កញ្ញា ឡាយ ស្រីរ័ត្ន ក្នុងការលើកកម្ពស់វិស័យកីឡារត់ បើទោះបីជាខ្លួនមិនមែនជាកីឡាការិនីអាជីព ឬជាគ្រូបង្វឹកក៏ដោយ។ សុខភាព ក្តីស្រឡាញ់ និងឆន្ទៈ ជាពិសេសការរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម បានជំរុញឱ្យអ្នកភ្នំពេញវ័យប្រមាណ៣០ឆ្នាំរូបនេះ ប្រើប្រាស់ពេលវេលាលើកីឡារត់ បន្ថែមលើការងារស្នូលរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ។
TTN-Free-Banner-In-Article-PC


កញ្ញា ឡាយ ស្រីរ័ត្ន ស្ថិតក្នុងចំណោមអ្នករត់ជាស្ត្រីខ្មែរ៦នាក់ ដែលបានជោគជ័យក្នុងការរត់ចម្ងាយ១០០គីឡូម៉ែត្រនាព្រឹត្តិការណ៍ Angkor Ultra Trail នៅទឹកដីអង្គរខេត្តសៀមរាប កាលពីដើមឆ្នាំកន្លងមក។ បើគ្មានក្តីស្រឡាញ់ និងឆន្ទៈពិតប្រាកដទេនោះ កូនចៅអ្នករាជធានីរូបនេះ ក៏មិនអាចសម្រេចបានជោគជ័យប្រកបដោយមោទនភាពនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាសមិទ្ធិផលមួយប៉ុណ្ណោះក្នុងចំណោមសមិទ្ធិផលជាច្រើនដែលស្រីរ័ត្ន សម្រេចបានក្នុងវិស័យកីឡារត់។

រត់ជាកាតព្វកិច្ចចំពោះសុខភាព

ក្នុងគ្រួសារដែលមានបងប្អូន៥នាក់ ស្រីរ័ត្នជាកូនភ្លោះជាមួយប្អូនស្រីពៅម្នាក់ទៀត។ មកដល់ពេលនេះ គឺ ជាង១៤ឆ្នាំហើយ ដែលស្រីរ័ត្ន ប្រឡូកខ្លួនក្នុងកីឡារត់ ដោយចាប់ផ្តើមចំណាយពេលដើរផង រត់ផងប្រមាណ៣០នាទីក្នុង១ថ្ងៃ។

«ពេលចូលដល់អាយុ១៨ឆ្នាំ! ខ្ញុំគិតថាខ្ញុំធំហើយត្រូវមានទទួលខុសត្រូវ និងមានកាតព្វកិច្ចថែទាំសុខភាពខ្លួនឯងដោយត្រូវចាប់ផ្តើមហាត់កីឡា»។ នេះជាលើកឡើងរបស់ ស្រីរ័ត្ន ដែលសម្រេចរើសយកការរត់ជាសកម្មភាពកីឡាប្រចាំថ្ងៃ រៀងរហូតមក។
កញ្ញា ឡាយ​ ស្រីរ័ត្ន ចូលរួមរត់ចម្ងាយ១០០គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail  នៅខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥​។

នាអំឡុងពេលនោះ ស្រីរ័ត្ន ក៏ជិះកង់ និងលើកដុំដែកនៅតាមក្លិបហាត់ប្រាណម្តងម្កាល ផងដែរ ប៉ុន្តែក្រោយបានចូលរួមព្រឹត្តិការណ៍ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនាឆ្នាំ២០១៣ ស្រីរ័ត្ន កាន់តែបាក់ចិត្តលើកីឡារត់ ព្រោះទទួលបានអារម្មណ៍រំភើបរីករាយពេលបានរត់ជាមួយអ្នកចូលរួមជាច្រើននាក់។

«ដំបូងគិតថា វាគ្រាន់តែជាការហាត់ប្រាណប៉ុណ្ណោះ តែក្រោយពីបានចូលព្រឹត្តិការណ៍រត់ហើយ ខ្ញុំចាប់ផ្តើមសប្បាយ ចូលចិត្តវាជាងមុន។ ខ្ញុំបន្តចូលរួមរត់តាមព្រឹត្តិការណ៍រហូតមកសព្វថ្ងៃ»។ អ្នករត់វ័យ៣៣ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ក្នុងបទសម្ភាសនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងគ្រួសារ ស្រីរ័ត្ន ជាសមាជិកតែម្នាក់ដែលចូលចិត្តកីឡារត់ រីឯប្អូនស្រីភ្លោះរបស់ខ្លួន ស្រឡាញ់ខាងការហាត់យោហ្គាជាង។ បច្ចុប្បន្ន ស្រីរ័ត្ន ចំណាយពេលហាត់ និងរត់ជាប្រចាំ ក្នុងរយៈចម្ងាយជាមធ្យម២០០គីឡូម៉ែត្រក្នុង១ខែ។

ទោះមិនមែនជាកីឡាការិនីអាជីព ប៉ុន្តែ ស្រីរ័ត្ន ក៏អាចត្រូវបានចាត់ទុកជាកីឡាការិនីរត់ពាក់កណ្តាលអាជីពម្នាក់ ដែលតែងតែមានវត្តមានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នានា ហើយក៏ធ្លាប់បានជ័យលាភី និងពានរង្វាន់ជាហូរហែផងដែរ។ ស្រីរ័ត្ន ជាអ្នកលេងកីឡារត់ចម្ងាយ១០គីឡូម៉ែត្រដោយប្រើថិរវេលា៤៦នាទី។ 

ស្ថាបនិក Sabay Running Club 

ក្រៅពីចូលរួមរត់ក្នុងកម្មវិធីនានា ស្រីរ័ត្ន ក៏ត្រូវបានគេស្គាល់ថា ជាអ្នករៀបចំកម្មវិធីរត់បែបសប្បាយ (Fun Run) និងបែបផ្សងព្រេងមួយរូបផងដែរ ជាពិសេសតាមរយៈក្លិបរត់សប្បាយ (Sabay Running Club)ដែលខ្លួន និងមិត្តភក្តិបានបង្កើត។

ផ្តើមពីមនុស្សបីបួននាក់ Sabay Running Club កើនសមាជិកដល់ជាង៥០នាក់ហើយ ក្រោយដំណើរការបានជិត១ឆ្នាំកន្លះ។ Sabay បង្កើតឡើងក្នុងគោលដៅរៀបចំ និងសហការរៀបចំព្រឹត្តិការណ៍រត់បែបសប្បាយ និងដឹកនាំកម្មវិធីហ្វឹកហាត់សម្រាប់អ្នកដែលចូលចិត្តរត់។

ភាពជោគជ័យនេះ មិនមែនជាការខំប្រឹងប្រែងរបស់ស្រីរ័ត្ន តែម្នាក់ឯងនោះឡើយ វាកើតចេញពីការងារជាក្រុម ដោយក្លិបមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីលោក ឡាក់ ឡុច គ្រូបង្វឹកផ្នែកអត្តពលកម្ម និងសមាសភាពអត្តពលិកជម្រើសជាតិ ដូចជា លោក អ៊ុក រ៉ហ៊ីត, លោក វ៉ាន់ ភារ៉ា, កញ្ញា កាន់ ស្រីរ័ត្ន និងកីឡាករ-ការិនីជម្រើសជាតិផ្សេងទៀត។ លោក រ៉ហ៊ីត ជាអ្នកទទួលបន្ទុករៀបចំកម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃ ដល់សិស្សទាំងវេនពេលព្រឹក និងពេលល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កញ្ញា ឡាយ ស្រីរ័ត្ន ថតរូបអនុស្សាវរីយ៍ជាមួយគ្រូបង្វឹក រួមទាំងសិស្សមួយចំនួនទៀតនៃក្លិប Sabay Running Club បន្ទាប់ពីហ្វឹកហាត់រួច នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ពេលល្ងាច។ រូបថត៖ Sabay Running Club

តាមពិតទៅ មុនបង្កើតក្លិប Sabay ស្រីរ័ត្ន ធ្លាប់ជួយមិត្តភក្តិបង្កើតក្លិបរត់បានចំនួនពីរ ហើយក៏ធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលខ្លីផ្នែកគ្រូបង្វឹក (Training Coach) តាមអនឡាញរយៈពេល៣ខែផងដែរ។ ការចូលរួមហ្វឹកហាត់នៅក្លិបនេះ ធ្វើឡើងដោយការស្ម័គ្រចិត្ត ដោយសិស្សម្នាក់ៗអាចបរិច្ចាគទឹកប្រាក់(Donate) ទៅតាមលទ្ធភាពជូនដល់គ្រូបង្វឹក។ 

«រាល់ការបរិច្ចាគពីអ្នកហាត់ យើងប្រគល់ទៅឱ្យក្រុមការងារគ្រូបង្វឹកទាំងអស់ ព្រោះក្លិបយើងស្ម័គ្រចិត្តយើងមិនប៉ះពាល់លុយទាំងនោះទេ។ ខ្ញុំខ្លួនឯងក៏បរិច្ចាគដែរ»។ នេះជាការបញ្ជាក់របស់កញ្ញា ឡាយ ស្រីរ័ត្ន ដោយអះអាងថា ជាការគាំទ្រសេដ្ឋកិច្ចបន្ថែមដល់កីឡាករជម្រើសជាតិ ហើយក្រៅពីនេះ វាក៏ជាឱកាសនៃការចែករំលែកចំណេះដឹងរបស់ពួកគាត់ដល់អ្នកស្រឡាញ់កីឡារត់ផងដែរ។

ឆ្នាំ២០២៥ ផ្តោតលើក្លិប និងការរៀបចំព្រឹត្តិការណ៍រត់ 

ស្រីរ័ត្នមិនមែនជាមនុស្សដែលទំនេរពេកនោះឡើយ ព្រោះការងារស្នូលប្រចាំថ្ងៃ គឺស្ថិតក្នុងវិស័យអចលនទ្រព្យ ដែលមានតួនាទីជាអ្នកគ្រប់គ្រងការលក់ខុនដូ។ ទទួលស្គាល់ថា មនុស្សម្នាក់ៗ មិនអាចធ្វើការងារឱ្យបានល្អគ្រប់រឿងក្នុងពេលតែមួយនោះឡើយ ប៉ុន្តែស្រីរ័ត្ន បានកំណត់គោលដៅច្បាស់លើការងារស្ម័គ្រចិត្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ។

« ខ្ញុំមានពិសោធន៍ យើងធ្វើអ្វីមួយត្រូវផ្តោត វាមិនអាចធ្វើម្តងពីរមុខបានល្អទាំងពីរទេ។ ចិត្តខ្ញុំ ការងារផ្ទាល់ខ្លួន គឺខ្ញុំបន្ថយល្បឿនហើយសម្រាប់ឆ្នាំនេះ ដោយចំណាយពេលច្រើនផ្តោតលើការរៀបចំព្រឹត្តិការណ៍ (Event) ឱ្យដើរបានល្អ ព្រោះយើងទើបចាប់ផ្តើម។ អ៊ីចឹង! យើងចំណាយពេលមួយឆ្នាំសម្រាប់ធ្វើវា ហើយឆ្នាំបន្ទាប់យើងអាចទៅផ្តោតលើជំនួញយើងវិញ»។ នេះជាការលើកឡើងរបស់កញ្ញា ស្រីរ័ត្ន។

ស្ថាបនិកក្លិបរត់សប្បាយ បានបង្ហាញពីផែនការរៀបចំព្រឹត្តិការណ៍រត់ចំនួន៦ដងក្នុងរាជធានីភ្នំពេញនាឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍លើកទី១ «Green Run» នៅជ្រោយចង្វារ បានដំណើរការរួចទៅហើយ កាលពីដើមឆ្នាំកន្លងមក។ វាក៏ជាលើកទី៣ផងដែរនៃការរៀបចំព្រឹត្តិការណ៍បែបនេះ ក្រោយ Sabay Running Club ដើរបានជាង១ឆ្នាំ។
ព្រឹត្តិការណ៍លើកទី១ «Green Run» ដែល Sabay Running Club បានរៀបចំឡើង នៅជ្រោយចង្វារ  កាលពីដើមឆ្នាំ២០២៥​ មានអ្នកចូលរួមប្រមាណ៧០០នាក់។​ រូបថត៖ Sabay Running Club
 
«យ៉ាប់ក៏មិនយ៉ាប់ បើថាស្រួលក៏មិនស្រួលក្នុងការរៀបចំ»។ លើកឡើងបែបនេះ ក៏ព្រោះតែ ស្រីរ័ត្ន មានបទពិសោធន៍ច្រើនដងដែរ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ ហើយនាងជាមនុស្សចេះធ្វើការងារជាក្រុម និងពូកែក្នុងការភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ដូចជា ជាមួយអាជ្ញាធរ និងដៃគូឧបត្ថម្ភជាដើម។

«ដំបូងៗ យើងអត់មានបទពិសោធន៍ យើងគិតថាថ្ងៃរត់មានរឿងច្រើនត្រូវធ្វើ។ អ៊ីចឹង យើងគេងបានតិចម៉ោង ព្រោះត្រូវប្រញាប់មករៀបចំ។ ប៉ុន្តែ ពេលយើងមានបទពិសោធន៍យើងដឹងអ្វីត្រូវធ្វើ។ បន្ទាប់មក យើងរៀបចំបញ្ជីសិន ថាការងារមានអ្វីខ្លះ ហើយចែកក្រុមយើងធ្វើទៅ ជួយគ្នាទៅ គឺវាលឿន»។ ស្រីរ័ត្ន បានរៀបរាប់បែបនេះក្នុងសម្តីមួយៗតែច្បាស់លាស់។

ពាក់ព័ន្ធនឹងសុំទីតាំងអាជ្ញាធរ ដើម្បីរៀបចំព្រឹត្តិការណ៍រត់ ស្រីរ័ត្ន បញ្ជាក់ថា មិនមានការលំបាកឡើយឱ្យតែអ្នករៀបចំ គោរព និងអនុវត្តតាមលក្ខខណ្ឌតម្រូវមួយចំនួនរបស់អាជ្ញាធរ ដូចជា ត្រូវមានរថយន្តសង្រ្គោះបន្ទាន់, ត្រូវសម្អាតទីតាំងក្រោយចប់ព្រឹត្តិការណ៍ ពិសេសព្រឹត្តិការណ៍នោះកុំឱ្យមានលក្ខណៈពាក់ព័ន្ធនឹងសកម្មភាពនយោបាយ។ 

«អនុវត្តតាមលក្ខខណ្ឌតម្រូវទាំងនេះបាន គឺអាជ្ញាធរសប្បាយចិត្តហើយ ព្រោះពួកគាត់ក៏ចង់ឱ្យមូលដ្ឋានរបស់ខ្លួនមានសកម្មភាពកីឡានានា ជំរុញប្រជាពលរដ្ឋឱ្យហាត់ប្រាណ ដើម្បីលើកកម្ពស់សុខុលភាពសង្គមផងដែរ»។ 

បង្កើតឱកាសសម្រាប់អ្នករត់ កីឡាករ អ្នកហ្វឹកហាត់ តាមរយៈព្រឹត្តិការណ៍

«ខ្ញុំផ្ទាល់បានចូលរួមរត់ក្នុងព្រឹត្តិការណ៍ហើយបានចូលចិត្ត!»។ នេះជាលើកឡើងរបស់ស្រីរ័ត្ន ដែលមើលឃើញថា ទាល់តែមានព្រឹត្តិការណ៍រត់ច្រើនបានមានមនុស្សម្នាចូលរួមទទួលនូវបទពិសោធន៍ ហើយពួកគេនឹងមានឱកាសដឹងពីខ្លួនឯងថា ស្រលាញ់ ឬមិនស្រលាញ់កីឡារត់។ សម្រាប់ស្រីរ័ត្ន មនុស្សមួយចំនួនអាចរកឃើញនូវអ្វីដែលខ្លួនស្រលាញ់ និងចូលចិត្តបាន គឺដោយភាពចៃដន្យហ្នឹងឯង។ 

ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខ (មុទិតា)។ ប្រហែលជាបែបនេះហើយដែលស្រីរ័ត្ន មិនទម្លាក់ដៃ ហើយព្យាយាមពង្រីកសមត្ថភាពក្លិបរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍រត់ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលចិត្ត និងស្រលាញ់វិស័យកីឡារត់បានចូលរួមច្រើន។  
សកម្មភាពកម្តៅសាច់ដុំរបស់ពលរដ្ឋចូលរួមក្នុងព្រឹត្តិការណ៍លើកទី១ «Green Run» នៅជ្រោយចង្វារ មុនចាប់ផ្តើមរត់។ រូបថត៖ Sabay Running Club

ពិតណាស់ ការរៀបចំនូវព្រឹត្តិការណ៍អ្វីមួយ គឺធ្វើឡើងដើម្បីបំផុសបំផុលចលនាពលរដ្ឋឱ្យចូលរួមច្រើនកុះករ ដោយស្តែងឱ្យឃើញនាបច្ចុប្បន្ន និន្នាការចូលរួមរត់ដើម្បីសុខភាព មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងចំនួនព្រឹត្តិការណ៍ និងទាំងចំនួនអ្នកចូលរួមរត់ផ្ទាល់។ ការណ៍នេះ បង្ហាញឱ្យឃើញថា  វិស័យកីឡាមួយនេះ កំពុងមានប្រជាប្រិយភាព និងមានភាពរីកចម្រើន។ 

ក្រៅពីផ្តល់ឱកាសដល់អ្នកស្រលាញ់វិស័យកីឡាបានចូលរួមហើយនោះ ការរៀបចំព្រឹត្តិការណ៍រត់ឡើងមកក៏ដើម្បីជួយកីឡាករជម្រើសជាតិកម្ពុជាឱ្យទទួលបានចំណូលបន្ថែមពីអាជីពរបស់ខ្លួនផងដែរ។  ជួយត្រង់ថា កីឡាកររត់ជម្រើសជាតិមួយចំនួន គឺទទួលបានប្រាក់ខែតិចហើយ ក៏មានការរំសាយក្រុមរាល់កន្លះឆ្នាំម្តងទៀតទាំងមិនបានប្រាក់ខែ។

ស្រីរ័ត្ន បាននិយាយយ៉ាងដូច្នេះ៖ «កីឡាករយើងហ្នឹងប្រាក់ខែតិចហើយ បានតែកន្លះឆ្នាំទេ!។ ដូច្នេះ ពេលមានការប្រកួតគាត់អាចចូលរួម ដើម្បីទទួលបានរង្វាន់នានា។ នៅបរទេស គេមានព្រឹត្តិការណ៍រត់ច្រើន  ហើយប្រាក់រង្វាន់ក៏ច្រើនៗដែរ។ ធ្វើបែបនេះ បានពួកគាត់មានស្ថិរភាពលើអាជីពរបស់ខ្លួន»។ 

 ជាការងារស្ម័គ្រចិត្ត មិនមែនជំនួញ

រត់ រត់ រត់? ពិតណាស់ វាជាក្តីស្រឡាញ់មិនបោះបង់ ប៉ុន្តែស្រីរ័ត្ន ក៏មិនអាចដើរចេញឆ្ងាយពីរបរស្នូលរបស់ខ្លួននោះឡើយ។ គោលដៅរបស់ស្រីរ័ត្ន គឺការពង្រឹងមុខជំនួញខ្លួនក្នុងវិស័យអចលនទ្រព្យនាឆ្នាំបន្ទាប់ ដោយអះអាងថា បើជោគជ័យខ្លាំងលើមុខជំនាញ ឱកាសជួយអ្នកដទៃ ក៏កាន់តែច្រើនផងដែរ។

ស្រីរ័ត្ន មិនបរិយាយច្រើននោះឡើយអំពីការងារចិញ្ចឹមជីវិត ប៉ុន្តែនាងនៅតែបង្ហាញជំហរច្បាស់លាស់ដោយចង់ឃើញព្រឹត្តិការណ៍រត់នៅកម្ពុជា កាន់តែរីកចម្រើន និងមានស្តង់ដាដូចនៅបរទេស។ «បង្កើតក្លិប និងរៀបចំព្រឹត្តិការណ៍រត់នេះ យើងធ្វើជាលក្ខណៈស័្មគ្រចិត្ត យើងឆ្លៀតពេលធ្វើ យើងអត់គិតថាយកវាជាជំនួញនាពេលអនាគតទេ។ យើងធ្វើដើម្បីខ្លួនឯង ដើម្បីបង្កើតឱកាសអ្នកចូលចិត្តរត់ ដើម្បីជួយកីឡាកររត់ជម្រីសជាតិឱ្យមានចំណូលបន្ថែម ជាដើម»។ ស្រីរ័ត្ន បន្ថែមយ៉ាងដូច្នេះ៕
កញ្ញា ឡាយ ស្រីរ័ត្ន និងគ្រូបង្វឹកប្រចាំ Sabay Running Club ទទួលបានជ័យលាភីគ្រប់គ្នាទៅតាមវិញ្ញាសានៃការប្រកួតក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប នាថ្ងៃទី៨ ខែមីនា។

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន