នាវា២បុកគ្នាផ្ទុះឆេះ ធ្លាយ​ប្រេងនិង​សារធាតុពុល ​នៅសមុទ្រខាងជើង ភាគខាងកើតអង់គ្លេស
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
នាវា២បុកគ្នាផ្ទុះឆេះ ធ្លាយ​ប្រេងនិង​សារធាតុពុល ​នៅសមុទ្រខាងជើង ភាគខាងកើតអង់គ្លេស
ភ្លើងកំពុងឆាបឆេះ​ នៅ​លើនាវាដឹកប្រេងសាំងយន្តហោះ បន្ទាប់ពីមានករណីបុកគ្នាជាមួយ​នាវាដឹកទំនិញមួយទៀត នៅសមុទ្រខាងជើង ភាគខាងកើងអង់គ្លេស ថ្ងៃទី​១០មីនា​២០២៥ AP - Bartek Śmiałek

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)

កាលពីថ្ងៃចន្ទទី​១០​មីនា​ មានករណីនាវា២គ្រឿងបុកគ្នាផ្ទុះ​ឆេះ​ នៅក្នុងសមុទ្រខាងជើង ភាគខាងកើតប្រទេសអង់គ្លេស។ ផ្អែកតាមព័ត៌មាន​បឋម នាវាមួយ​ជានាវាដឹកទំនិញ បាន​បើកបុក​នាវាដឹកប្រេងដែលឈប់ចតនៅស្ងៀម បណ្តាលឲ្យ​ផ្ទុះឆេះ​។ ក្រុមសង្គ្រោះបាន​ជួយ​រំដោះ​បានបុគ្គលិក​លើនាវាទាំង២ ​ជាង​៣០​នាក់ តែមាន​ម្នាក់​បាត់ខ្លួន។ អង្គការបរិស្ថាន​​និង​អាជ្ញាធរអង់គ្លេសមានការព្រួយ​បារម្ភជាខ្លាំង​ អំពីផលប៉ះពាល់​បរិស្ថានបណ្តាល​មកពី​ការបែកធ្លាយ​ប្រេង​ និងសារធាតុពុលផ្សេងៗចូលទៅក្នុងសមុទ្រ​។
TTN-Free-Banner-In-Article-PC

 
ហេតុការណ៍នាវា២បុកគ្នា ​បាន​កើតឡើងនៅវេលាម៉ោង​ប្រមាណ​៩​និង៤០នាទីព្រឹក​​ម៉ោងសកល ព្រឹកថ្ងៃចន្ទទី​១០​មីនា ក្នុងសមុទ្រខាងជើង នៅចម្ងាយ​ប្រមាណ​១៦គីឡូម៉ែត្រ ពីឆ្នេរ​តំបន់Yorkshire ភាគខាងកើតប្រទេសអង់គ្លេស​។​ នាវាទីមួយ​ជាប្រទេសនាវាដឹកប្រេង ឈ្មោះ Stena Immaculate ប្រវែង​១៨៣ម៉ែត្រ កម្មសិទ្ធិរបស់​ក្រុមហ៊ុន Crowley ដឹកប្រេងសាំងកេរ៉ូសែន ឬសាំងយន្តហោះ ហើយដែល​​កងទ័ពអាមេរិក​ជាអ្នកប្រតិបត្តិការ​​។ 

ចំណែក​នាវាទី២ គឺជានាវាដឹកទំនិញ ឈ្មោះ Solong ប្រវែង​១៤០ម៉ែត្រ ដោតទង់ជាតិព័រទុយហ្កាល់ ហើយ​ផ្អែកតាមគេហទំព័រ​ Lloyd’s List Interlligence គឺក្នុងពេលកើតហេតុនាវានេះ​មានដឹក​អាល់កុល​ ព្រមទាំង​សារធាតុ Cyanure de sodium ចំនួន​​១៥កុងទឺនឺ។

ផ្អែកតាម​ក្រុមហ៊ុន​ Crowley ក្នុងពេលកើតហេតុ គឺនាវាដឹកប្រេងសាំងយន្តហោះបោះយុថ្កាចតនៅស្ងៀម តែគឺនាវាដឹកនាំទំនិញ​ Solong ដែល​បានបើក​មកបុក​។ ប្រភពដដែល​នេះ បានឲ្យ​ដឹងថាកម្លាំងបុក បានធ្វើ​ឲ្យ​បែកប្រេះ​ធុងស្តុក​ប្រេងសាំងយន្តហោះ និងបានបង្កឲ្យ​ផ្ទុះឆាបឆេះមួយរំពេច។

ក្រោយហេតុការណ៍​នេះ អាជ្ញាធរ​ឆ្មាំសមុទ្រនិងក្រុមសង្គ្រោះអង់គ្លេស បានចេញប្រតិបត្តិការទៅរំដោះ​មនុស្ស​ដែល​នៅលើនាវាទាំង២។ មនុស្សចំនួន​៣៦​នាក់ ត្រូវបានសង្គ្រោះដឹកមកលើគោក តែខាងនាវាដឹកកុងទឺនឺ Solong គឺមានបាត់ខ្លួន​បុគ្គលិក​ម្នាក់។ កងឆ្មាំសមុទ្រអង់គ្លេសបានឲ្យដឹងថា គេបានបិទបញ្ចប់ការរុករកអ្នកបាត់ខ្លួននេះហើយ នៅព្រឹកថ្ងៃអង្គារទី​១១មីនា​។ 
យោងតាមព័ត៌មានចុងក្រោយ គិតត្រឹមម៉ោង​១១ព្រឹកថ្ងៃអង្គារ គឺ​អគ្គីភ័យ​នៅតែឆេះ មិនទាន់ពន្លត់បាននៅឡើយ​ទេ​។

គិតត្រឹមពេលនេះ នៅមិនទាន់​មាន​តម្រុយអ្វីបញ្ជាក់អំពីមូលហេតុ ដែល​បណ្តាល​ឲ្យ​នាវទាំង២នេះបុកគ្នាឡើយ​។ នៅព្រឹកកើតហេតុ គេដឹងត្រឹមថាមានចុះអាប់ខ្លាំង ដែលអាចជាឧបសគ្គ​ដល់ការធ្វើចរាចរណ៍​ក្នុងសមុទ្រ។ លោក David McFarlane អ្នកជំនាញនៅ Maritime Risk and Safety Consultancy បានពន្យល់ថា ក្នុងមួយឆ្នាំ​មាននាវាបុកគ្នា​ ចន្លោះពី​២០០ទៅ៣០០ករណី តែភាគច្រើនគ្រាន់ប៉ះទង្គិចកកិតបន្តិចបន្តួចប៉ុណ្ណោះ។

តាមច្បាប់កំណត់ គឺ​នាវាទាំងអស់ក្នុងពេលចរាចរក្នុងសមុទ្រ គឺ​​ត្រូវតែរក្សាទុកឲ្យ​មានមនុស្ស​​យាម​មើលផ្លូវជាប្រចាំ និងដោយត្រឹមត្រូវបំផុត​​។ តែអ្វីដែលគេអាចសន្និដ្ឋានបាន គឺការបុកគ្នានៅក្នុងករណីនេះ គឺប្រហែល​ជា​មកពីគ្មានមនុស្ស​ចាំយាម​មើលផ្លូវ ទុក​ឲ្យ​ពីឡុតអូតូម៉ាទិកជាអ្នកបញ្ជានាវា​ទាំងស្រុង​។ យ៉ាងណាក៏ដោយ ក្រុមស៊ើបអង្កេត​គ្រោះថ្នាក់​ផ្លូវសមុទ្រ​​ កំពុងរងចាំ​ឲ្យ​ភ្លើងរលត់ ដើម្បីចូលទៅយក​ទិន្នន័យប្រព័ន្ធរ៉ាដា និង​រូបភាព​​ថតដោយ​កាម៉េរ៉ាសុវត្ថិភាព យកមកពិនិត្យ​។

ដោយឡែក ករណីនាវាបុកគ្នា​ផ្ទុះឆេះនេះ បានបង្កឲ្យ​មានការព្រួយ​បារម្ភជាខ្លាំង ទាក់ទិននឹងផល​ប៉ះពាល់បរិស្ថាន ដោយ​សារតែប្រេងសាំងកេរ៉ូសែន ព្រមទាំងសារធាតុពុលផ្សេងទៀត បានបែកធ្លាយចូលសមុទ្រ។ ​អង្គការ Greenpeace បាន​ទាញសញ្ញាអាសន្ន ថាសារធាតុពុល​ទាំងនេះ នឹងទៅបំផ្លាញ​ប្រព័ន្ធជីវចម្រុះ​ និងជីវិតសត្វ​​ក្នុងសមុទ្រ។ 

តែយ៉ាងណា លោកIvan Vince នាយក​ការិយាល័យ ASK Consultants បាន​អះអាងថា ប្រេងសាំងកេរ៉ូសែន ឬសាំងយន្តហោះស្រាល ងាយហើរណាស់។ ដូច្នេះ មួយផ្នែកធំនៃកេរ៉ូសែនដែលធ្លាយចូលសមុទ្រនឹងហើរអស់ មិនជាប់នៅក្នុងទឹកយូរឡើយ​ ហើយបើនៅជាប់ខ្លះ ក៏ប្រព័ន្ធមីក្រូសរីរាង្គសមុទ្រ​ស៊ីបំផ្លាញអស់ដែរ​។ យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​ខុទ្ទកាល័យនាយករដ្ឋមន្ត្រី​អង់គ្លេស បានបញ្ជាក់ថាអាជ្ញាធរមានការព្រួយបារម្ភ មិនធ្វេសប្រហែសឡើយ ហើយនឹង​ធ្វើការវាយ​តម្លៃ​លម្អិត ដើម្បីចាត់វិធាន​ការ​ទប់ស្កាត់ផលប៉ះពាល់ណាមួយ មកលើ​បរិស្ថានធម្មជាតិ ឲ្យ​បានទាន់ពេលវេលា​៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other