អបអរសាទរ! ប្រទះឃើញ កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៤៤ នាទី ព្រឹក

ផ្សោតទើបកើតថ្មី១ក្បាល នៅអន្ទង់ផ្សោតកាំពី ខេត្តក្រចេះ និងជាកូនផ្សោតទី៥ ដែលបានកើតនៅឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី១២ ខែមីនា។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កូនផ្សោតទើបកើតថ្មី១ក្បាលទៀត ត្រូវបានក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញ កាលពីថ្ងៃទី១១ ខែមីនា នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះគឺជាកូនផ្សោតទី៥ ដែលបានកើត នៅដើមឆ្នាំ២០២៥នេះ។ នេះ បើតាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមអ្នកស្រាវជ្រាវ សន្និដ្ឋានថា កូនផ្សោតនេះ ទើបកើតបានប្រមាណ ២ថ្ងៃប៉ុណ្ណោះ និងកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។ នេះបើតាមក្រសួងកសិកម្ម។
ក្រសួងកសិកម្ម បញ្ជាក់ថា ពីមួយទៅមួយឆ្នាំ ចំនួនផ្សោតទន្លេមេគង្គ កើនឡើងជាបន្តបន្ទាប់ ពោលនៅឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូលត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ ខណៈឆ្នាំ២០២៣ សត្វផ្សោត កើនដល់៩៩ក្បាល។ ចំណែកឆ្នាំ២០២៤ វត្តមានសត្វផ្សោតទន្លេមេគង្គកម្ពុជា មានចំនួន ១០៤ ក្បាល និងរាប់ទាំងកូនផ្សោតកើតថ្មី ចំនួន៥ក្បាល នៅដើមឆ្នាំ២០២៥នេះ នាំឱ្យផ្សោតទន្លេមេគង្គកម្ពុជា កើនដល់ ១០៩ក្បាល គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ ពួកវា កំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គកម្ពុជា។
សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)។
ផ្សោតទន្លេមេគង្គ ក៏ជារតនសម្បត្តិជាតិមានជីវិត ហើយពលរដ្ឋកម្ពុជា មានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ ចំណែកទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោត។
ក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួន ៨ ទីតាំង តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្ត ក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ ១៨០គីឡូម៉ែត្រ។ នេះបើតាមអង្គការ WWF៕
© រក្សាសិទ្ធិដោយ thmeythmey.com