លោក ហ៊ុន ម៉ានី​ ស្នើ​​អភិបាលរាជធានី-ខេត្ត ផ្អា​ក​ផ្ទេរមន្ត្រីដែលកំពុងធ្វើការងារនៅមណ្ឌលសុខភាព
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:២៩ នាទី រសៀល
លោក ហ៊ុន ម៉ានី​ ស្នើ​​អភិបាលរាជធានី-ខេត្ត ផ្អា​ក​ផ្ទេរមន្ត្រីដែលកំពុងធ្វើការងារនៅមណ្ឌលសុខភាព
លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាពពីក្រសួង​មុខងារសាធារណៈ

ភ្នំពេញ៖ តាម​លិខិតមួយចុះថ្ងៃទី​១០ មីនា លោក​ ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ បាន​ជម្រាប​ទៅកាន់​អភិបាល​រាជធានី-ខេត្ត ដោយ​ស្នើ​សុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព។ បើតាម​លោក ហ៊ុន ម៉ានី ការ​ផ្អាក​នេះ ដើម្បីឱ្យការជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រព្រឹត្តទៅស្របតាមគោលការណ៍កំណត់។
TTN-Free-Banner-In-Article-PC


ក្រសួងមុខងារងារសាធារណៈ បានឱ្យដឹងថា នាពេល​កន្លង​មក ក្រសួង​បានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានី-ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពការប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារនៅតាមមណ្ឌលសុខភាពគោលដៅ។ ក្រោយ​មកមណ្ឌលសុខភាពបានប្រកាស នឹងបញ្ជាក់ច្បាស់លាស់អំពីព័ត៌មាន ទិន្នន័យ និងតម្រូវការមន្ត្រីសុខាភិបាល ដែលនឹងត្រូវជ្រើសរើសផ្អែកលើកិច្ចព្រមព្រៀងការងារ។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ និង​ទិន្នន័យច្បាស់លាស់ ក្រសួងមុខងារសាធារណៈ​ សម្រេច​ផ្អាក​ការ​ផ្ទេរ​មន្រ្តីនៅតាមមណ្ឌល​សុខភាព ដើម្បីអនុវត្តផែនការសកម្មភាពនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤-២០២៧ ដែលផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ក្នុងការផ្តល់សេវាថែទាំសុខភាពជូនពលរដ្ឋប្រកបដោយគុណភាព រួមទាំងការអនុវត្តវិធានការគន្លឹះទី១។ 

លើសពីនេះ ការ​ផ្អាកនេះ ក៏​ដើម្បី​អនុវត្តតាមការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។  ទន្ទឹម​នឹង​នេះ ក្រសួង​មុខងារសាធារណៈ មាន​បំណង​គ្រប់គ្រងឱ្យបានស្ថានភាពមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព។​

ក្រសួងមុខងារសាធារណៈ ស្នើសុំការ​ចូលរួមសហការពី​អភិបាលរាជធានី-ខេត្ត ក្នុង​ការ​ផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ដើម្បីឱ្យការជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រព្រឹត្តទៅស្របតាមគោលការណ៍កំណត់។ សូម​បញ្ជាក់ថា ក្រសួង​មុខងារសាធារណៈ ជា​សេធិការបស់រដ្ឋាភិបាល ក្នុងការ​កែទម្រង់​រដ្ឋបាល​សាធារណៈ នៅក្នុង​នីតិកាលទី៧នេះ៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ