តើការចាប់ខ្លួនលោក ឌូទើតេ បញ្ជូនទៅ ICC កើតចេញពីជម្លោះនយោបាយ?
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទី ព្រឹក

លោក រ៉ូឌ្រីហ្គោ ឌូទើតេ អតីតប្រធានាធិបតីហ្វីលីន។ រូបភាព ៖ AFP
កាលពីថ្ងៃទី១១ ខែមីនា អតីតប្រធានាធិបតីហ្វីលីពីនដែលធ្លាប់ប្រកាសសង្គ្រាមគ្រឿងញៀន គឺលោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នៅល្ងាចថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានបន្តរាយការណ៍ថា លោក ឌូទើតេ ត្រូវបានដឹកតាមយន្តហោះទៅកាន់ទីស្នាក់ការ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់។ តើការចាប់ខ្លួនលោក ឌូទើតេ បញ្ជូនទៅ ICC កើតចេញពីជម្លោះនយោបាយ?

បើតាមការប្រកាសរបស់រដ្ឋាភិបាលហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីម៉ានីល នៅពេលលោកត្រឡប់ពីទីក្រុងហុងកុងវិញ។ រឿងហេតុនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា ទីក្រុងម៉ានីលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់អតីតមេដឹកនាំទៅតុលាការ ICC។ នេះបើតាមសារព័ត៌មាន AFP ដកស្រង់សេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីលោក ហ្វើឌីណាន់ ម៉ាកូស។
តុលាការ ICC បានចេញដីកាចាប់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតលើការស្លាប់របស់មនុស្សរាប់ពាន់នាក់នៅក្នុង«សង្គ្រាមប្រឆាំងគ្រឿងញៀន»អំឡុងលោក ឌូទើតេ ជាអភិបាលក្រុង Davao ហើយបន្ទាប់មកក្លាយជាប្រធានាធិបតីហ្វីលីពីន។
បើតាមក្រុមសកម្មជន យ៉ាងហោចណាស់មនុស្ស ៣០ ០០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាអ្នករស់នៅទីក្រុងក្រីក្រ ខ្លះអនីតិជន និងជាអ្នកដែលមិនមានទំនាក់ទំនងជាមួយការជួញដូរគ្រឿងញៀន។
នៅក្នុងដីកាចាប់ខ្លួន ចៅក្រម ICC បាននិយាយថា ផ្អែកលើភស្តុតាងដែលបង្ហាញដោយរដ្ឋអាជ្ញា ពួកគេអះអាងថា ការសម្លាប់ដែលដឹកនាំដោយលោក ឌូតើទេ គឺមានការ«រីករាលដាល និងជាប្រព័ន្ធ»។
យុទ្ធនាការបង្ហូរឈាម ខណៈមានការគាំទ្រដោយប្រជាជនហ្វីលីពីនជាច្រើន បានបង្កឱ្យមានផ្ទុះកំហឹងជាសកល។ លោក ឌូទើតេ ដែលនឹងឈានចូលវ័យ ៨០ឆ្នាំ បានបដិសេធយុទ្ធនាការសម្លាប់អ្នកញៀនថ្នាំ និងអ្នកជួញដូរ ប៉ុន្តែជារឿយៗគេឃើញលោកលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា បានញុះញង់ឲ្យប្រើអំពើហិង្សា។
អំឡុងពេលយុទ្ធនាការឆ្នាំ ២០១៦ លោក ឌូទើតេ បានប្រកាសថាលោកបានបំភ្លេចអំពីច្បាប់នៃសិទ្ធិមនុស្ស ហើយបន្ទាប់ពីចូលកាន់តំណែងបានសន្យាថា នឹងលើកលែងឲ្យប៉ូលិសពីការកាត់ទោស។ «ប្រសិនបើឃើញអ្នកញៀនថ្នាំ គឺសម្លាប់»។ លោក ឌូទើតេ ចង្អុលបង្ហាញទៅសមត្ថកិច្ចបែបនេះ ដោយអះអាងថា លោកបានជួយសង្គ្រោះគ្រួសារជាច្រើន និងរារាំងហ្វីលីពីនមិនឱ្យក្លាយជា«រដ្ឋនយោបាយគ្រឿងញៀន»។
ករណីនេះ ត្រូវបានគេចាត់ទុកថាជាបញ្ហាប្រឈមធំមួយសម្រាប់ ICC ក្នុងការចាប់ខ្លួនលោក ឌូទើតេ។ បន្ទាប់ពីអាណត្តិរបស់លោកបានបញ្ចប់នៅឆ្នាំ២០២២ ស្ទើរតែគ្មាននរណាម្នាក់ហ៊ានប៉ះអតីតប្រធានាធិបតីដ៏មានឥទ្ធិពលរូបនេះឡើយ។
នៅក្នុងសុន្ទរកថាមួយកាលពីចុងឆ្នាំមុន លោក ឌូទើតេ ថែមទាំងព្រមានអ្នកណាដែលហ៊ានចោទប្រកាន់រូបលោកទៀតផង។ សូម្បីតែប៉ុន្មាននាទីមុនការចាប់ខ្លួន លោកបានបង្ហាញនូវអាកប្បកិរិយារឹងប៉ឹង មិនញញើតចំពោះអ្នកណាម្នាក់ឡើយ។ លោកបានលើកឡើងនៅក្នុងវីដេអូដែលបង្ហោះដោយ GMA News របស់ហ្វីលីពីនថា ៖« អ្នកត្រូវសម្លាប់ខ្ញុំជាមុនសិន ប្រសិនបើអ្នកមានបំណងចងសម្ព័ន្ធមិត្តជាមួយជនបរទេសស្បែកស»។
នៅក្នុងវីដេអូដែលបានចេញផ្សាយពីមូលដ្ឋានទ័ពអាកាស Villamor បន្ទាប់ពីត្រូវបានគេនាំយកមកទីនេះ លោកបានចោទជាសំណួរខ្លាំងៗថា ៖«តើខ្ញុំបានបំពានច្បាប់ និងឧក្រិដ្ឋកម្មអ្វី? បង្ហាញខ្ញុំពីមូលដ្ឋានផ្លូវច្បាប់សម្រាប់ការមកទីនេះ»។ បន្ទាប់មកលោកបន្តទៀតថា «ប្រសិនបើខ្ញុំមានកំហុស សូមកាត់ទោសខ្ញុំនៅតុលាការហ្វីលីពីន យើងគ្មានអ្វីត្រូវបាត់បង់ឡើយ»។
មេធាវីលោក ឌូទើតេ គឺលោក Salvador Panelo បាននិយាយថា ការចាប់ខ្លួននេះគឺខុសច្បាប់ ដោយសារតែហ្វីលីពីនបានដកខ្លួនចេញពី ICC ក្រោមការដឹកនាំរបស់លោក ឌូទើតេ ហើយដោយសារតែប៉ូលិស បានបដិសេធមិនឲ្យរូបលោកទទួលបានមេធាវី។ «ដីកាចាប់ខ្លួនបានមកពីប្រភពមិនត្រឹមត្រូវ ICC អង្គការនេះគ្មានយុត្តាធិការលើហ្វីលីពីនឡើយ»។
យ៉ាងណាមិញ ICC នៅតែរក្សាយុត្តាធិការលើបញ្ហានេះ ដោយសារតែការស៊ើបអង្កេតរបស់ខ្លួនផ្តោតលើការសម្លាប់ដែលបានកើតឡើងនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែមីនា ឆ្នាំ២០១៩ នៅពេលដែលលោក ឌូទើតេ កាន់អំណាចនៅទីក្រុង Davao និងជាប្រធានាធិបតី ហើយហ្វីលីពីននៅតែជាសមាជិក ICC។ ICC បានស្នើឱ្យអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ដែលទីក្រុងម៉ានីលនៅតែជាសមាជិក ដើម្បីអនុវត្តដីកាចាប់ខ្លួននេះ។
ការណ៍ដែលលោក ឌូទើតេ ត្រូវបានគេបញ្ជូនតាមយន្តហោះទៅទីក្រុងឡាអេ ត្រូវបានចាត់ទុកថាជា ទម្រង់នៃការផ្លាស់ប្តូរតាមនីតិវិធី។
មុនពេលលោក ឌូទើតេ ត្រូវបានគេបញ្ជូនតាមយន្តហោះ ជំនួយការមេធាវីរបស់ ICC លោកស្រី Kristina Conti បាននិយាយថា លោក ឌូទើតេ ទំនងជាត្រូវបានផ្ទេរទៅជាសមាជិកនៃតុលាការនៅអាស៊ី។ ទន្ទឹមនោះ ក្រុមអ្នកច្បាប់របស់អតីតប្រធានាធិបតីរូបនេះ ក៏បានប្រញាប់ប្រញាល់ ទៅធ្វើសកម្មភាពនៅ តុលាការកំពូលហ្វីលីពីន ដើម្បីរារាំងរដ្ឋបាលលោក ម៉ាកូស ពីការចាប់ដៃជាមួយ ICC។
រូបភាពនយោបាយនៅហ្វីលីពីនបានផ្លាស់ប្តូរ បន្ទាប់ពីមានការប្រេះឆា រវាងគ្រួសារលោក ម៉ាកូស និង លោក ឌូទើតេ កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីឡើងកាន់អំណាចដោយចងសម្ព័ន្ធភាព ជាមួយកូនស្រី លោក ឌូទើតេ គឺ លោកស្រី សារ៉ា ឌូទើតេ, លោក ម៉ាកូស បានអះអាងថា លោកនឹងមិនសហការជាមួយ ICC ឡើយ។
ប៉ុន្តែគំនិតនេះត្រូវបានផ្លាស់ប្តូរកាលពីចុងឆ្នាំមុន នៅពេលដែលទីក្រុងម៉ានីលបាន អនុញ្ញាតឱ្យអ្នកស៊ើប អង្កេត ICC ទៅកាន់ហ្វីលីពីនដោយស្ងាត់ស្ងៀម ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការ សហការជាមួយនឹងដីកាចាប់ខ្លួន។ កាលពីសប្តាហ៍មុន លោកស្រី Claire Castro អនុប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតីបាននិយាយថា ៖«ប្រសិនបើ Interpol ស្នើសុំការគាំទ្រចាំបាច់ពីរដ្ឋាភិបាល ពួកគេមានកាតព្វក្នុងការកិច្ចអនុវត្តភ្លាម»។
អ្នកវិទ្យាសាស្ត្រនយោបាយហ្វីលីពីន លោក Richard Heydarian បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបានចាប់ខ្លួនអតីតមេដឹកនាំរូបនេះភ្លាមៗនៅឯព្រលានយន្តហោះ ជាជាងអនុញ្ញាតឱ្យសំណុំរឿងនេះដំណើរការទៅតុលាការក្នុងស្រុក ដើម្បីជៀសវាងភាពចលាចលនយោបាយ។
លោកបានបន្តថា អ្នកគាំទ្ររបស់លោក ឌូទើតេ រំពឹងនឹងធ្វើបាតុកម្ម និងប្រើប្រាស់យុទ្ធសាស្ត្រពន្យារពេលផ្សេងៗ ... ដើម្បីអូសទាញដំណើរការរហូតដល់ដីកាចាប់ខ្លួនផុតកំណត់។
ទោះបីជាយ៉ាងណា វាមិនច្បាស់ទេថា តើលោក ម៉ាកូស នឹងមិនលូកឡំ ដើម្បីដាក់អ្នកស្នងតំណែងមុនលោកនៅក្នុងការកាត់ក្តីនៅទីក្រុងឡាអេ។ រឿងហេតុនេះ បានបណ្តាលឱ្យមានការបែកបាក់គ្នាកាន់តែខ្លាំង រវាងអ្នកគាំទ្រ និងអ្នករិះគន់របស់លោក ឌូទើតេ ក៏ដូចជាការជជែកវែកញែកជុំវិញដីកាចាប់ខ្លួន ឬជំហានបន្ទាប់នឹងប្រែប្រួលយ៉ាងណានោះ។
ទោះបីយ៉ាងណាក៏ដោយ លោក ម៉ាកូស បានបញ្ជាក់ថា ការចាប់ខ្លួនលោក ឌូទើតេ បញ្ជូនទៅតុលាការ ICC មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ដោយរដ្ឋាភិបាលអនុវត្តតាមបញ្ជាប៉ូលិស Interpol តែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី១២ ខែមីនា កូនស្រីលោក ឌូទើតេ គឺអនុប្រធានាធិបតីហ្វីលីពីន សារ៉ា ឌូទើតេ ក៏បានធ្វើដំណើរទៅចូលរួមការកាត់ក្តីឪពុកខ្លួនរបស់ ICC នៅហូឡង់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: