កម្ពុជា-សិង្ហបុរី រំពឹងថាអាចបញ្ចប់កិច្ចព្រមព្រៀមឥណទានកាបូន នៅឆ្នាំនេះ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
កម្ពុជា-សិង្ហបុរី រំពឹងថាអាចបញ្ចប់កិច្ចព្រមព្រៀមឥណទានកាបូន នៅឆ្នាំនេះ
សម្តេច ហ៊ុន សែន ប្រ​មុខ​រដ្ឋស្តីទីកម្ពុជា(ស្តាំ) និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា(ឆ្វេង)។ រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន

កម្ពុជា និងសិង្ហបុរី រំពឹងថា នឹងអាចបញ្ចប់កិច្ច​​ព្រមព្រៀង ទាក់ទងនឹងឥណទានកាបូន (Carbon Credit) នៅឆ្នាំ២០២៥នេះ ដែលជាខួប​លើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតនៃ​ ប្រទេសទាំងពីរ។ ការរំពឹងបែបនេះរបស់ប្រទេសទាំងពីរ គឺធ្វើឡើងក្នុងពេលសម្តេច ហ៊ុន សែន ប្រ​មុខ​រដ្ឋស្តីទី បានទទួលជួប លោកស្រី  Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា។
TTN-Free-Banner-In-Article-PC


ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បានផ្សាយថា នៅក្នុងជំនួបនោះ លោកស្រី Teo Lay Cheng ​បានបញ្ជាក់បន្ថែមថា ការបញ្ចប់កិច្ចព្រមព្រៀងនេះ គឺ​បង្ហាញពីការប្តេជ្ញារបស់​កម្ពុជា និងសិង្ហបុរី ចំពោះការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ក្រៅពី​នេះ ឯកអគ្គរដ្ឋ​ទូត​សិង្ហបុរី ក៏​ប្តេជ្ញាជំរុញ​ការ​ធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន និងនៅពេលខាងមុខ​។ 

​អ្នកការទូតរូបនេះ ​ក៏សង្ឃឹមដែរថា ក្រោមការដឹកនាំរបស់អ្នកបន្តវេន ដែលមានសម្ដេច​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខ្លួននឹងអាចឃើញពីការអភិវឌ្ឍ ក៏ដូចជាសមិទ្ធផលថ្មីៗជាច្រើនទៀតរបស់កម្ពុជា ដូចជាការ​សម្ពោធនៅព្រលានយន្តហោះភ្នំពេញថ្មីជាដើម។ 

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានស្វាគមន៍និងសង្ឃឹមដូចគ្នាថា កិច្ចព្រមព្រៀងឥណទានកា​បូន នឹងអាចបញ្ចប់នៅឆ្នាំក្រោយ ជាមួយនឹងជំនឿថា កិច្ចសហប្រតិបត្តិការឥណទានកាបូនេះ អាចជាគំរូដ៏ល្អ​សម្រាប់ពិភពលោក។



​បើតាម​សម្ដេច​ ហ៊ុន សែន នៅចំពោះមុខបញ្ហាជាច្រើន​នៅក្នុង​តំបន់ ​និង​ពិភពលោក​​ ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើង ទាមទារឱ្យ ​កម្ពុជា និងសិង្ហបុរី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដែរ។

«កន្លងមក យើងច្រើនមើលទៅលើទីផ្សារឆ្ងាយ ​ឥឡូវយើងត្រូវសម្លឹងមើលទីផ្សារដែលនៅជិតនៅភូមិផងរបងជាមួយគ្នា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និង RCEP ពីព្រោះក្នុងក្របខណ្ឌអាស៊ាន យើងមានប្រជាជនរហូតទៅដល់ ៦០០ លាននាក់ និង RCEP មានដល់ ២ ០០០ លាននាក់ ដែលនេះជាទីផ្សារមួយដ៏ធំមួយ គួរយើងត្រូវយកចិត្តទុកដាក់នូវអំ​ណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។»។ សម្តេច ហ៊ុន សែន បន្ថែមបែបនេះ ដោយបន្តថា សម្តេច ហ៊ុន សែន ក៏​ចង់ឃើញការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី បន្ថែមទៀតដែរ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋស្តីទី សង្ឃឹមថា ​ទំហំពា​ណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងត្រូវបាន​ជំរុញ​បន្ថែមទៀត ស្របពេលខួបទី៦០ នៃទំនាក់ទំនងការទូត នឹងចូលមកដល់ ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សិង្ហបុរី មាន​ជាង១ពាន់លានដុល្លារ។

សូមរំឭកថាគម្រោងបង្កើតកិច្ចព្រមព្រៀងឥណទានកាបូន រវាងកម្ពុជា និងសិង្ហបុរីនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលទស្សនកិច្ចរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសសិង្ហបុរី កាលពីពាក់កណ្តាលឆ្នាំ២០២៤កន្លងទៅ។

សូមជម្រាបថា ក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតកាបូន បានលើ១០លានតោន។ ចាប់តាំងពីឆ្នាំ២០១៦ ដល់​២០២០ កម្ពុជា លក់ឥណទានកាបូន ស្ថិតនៅដែនជម្រក​​សត្វ​ព្រៃ​តាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីមា​ក្នុងខេត្តមណ្ឌលគិរី បាន ១១,៦ លានដុល្លារ ​ក្នុងក្របខណ្ឌ​ទីផ្សារស្ម័គ្រចិត្ត។ ថវិកា ដែលទទួលបានពីការលក់កាបូន គឺយកទៅអភិវឌ្ឍសហគមន៍ និង​តំបន់អភិរក្សធនធានធម្មជាតិផ្សេងៗ។ នេះបើតាមក្រសួងបរិស្ថាន។

កម្ពុជា ក៏មានគម្រោងលក់ឥណទានកាបូព្រៃឡង់ទៅកាន់ទីផ្សារអន្តរជាតិដែរ។ ​ដោយឡែក ឥណទានកាបូនរបស់គម្រោង «រេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង» ដែលគ្រប់គ្រងដោយ​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក៏ត្រូវបានភ្នាក់ងារឥណទានកាបូន (VERRA)  បើកឱ្យលក់វិញដែរ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ក្រោយភ្នាក់ងារនេះ បានផ្អាកជាង១ឆ្នាំ ដើម្បីស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងបំពានសិទ្ធិមនុស្ស និងការគ្រប់​គ្រង​ធនធានធម្មជាតិ។

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ