ក្រសួងមុខងារសាធារណៈ បន្តជំរុញការពិនិត្យឡើងវិញ និងវិភាគមុខងារក្រសួងទេស​ចរណ៍
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៤៤ នាទី រសៀល
ក្រសួងមុខងារសាធារណៈ បន្តជំរុញការពិនិត្យឡើងវិញ និងវិភាគមុខងារក្រសួងទេស​ចរណ៍

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបន្តសកម្មភាពជំរុញការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងទេសចរណ៍ ដើម្បីពង្រឹងការងារ រចនាសម្ព័ន្ធជៀសវាងអនុវត្តការងារជាន់គ្នា រួមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជរបស់ក្រសួងទេសចរណ៍។ រដ្ឋមន្រ្តីនៃក្រសួងទាំង២ មានលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីជាច្រើននាក់ពីបណ្ដា២៥រាជធានី-ខេត្តបានចូលរួមក្នុងសិក្ខាសាលានេះផងដែរ។
TTN-Free-Banner-In-Article-PC


នៅព្រឹកថ្ងៃទី១២ ខែមីនា ក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ បានសហការគ្នារៀបចំសិក្ខាសាលា ស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងទេសចរណ៍» ដើម្បីស្វែងយល់ស៊ីជម្រៅ អំពីនីតិវិធីនៃដំណើរការ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ពិសេសពង្រឹងផ្ទៃក្នុងក្រសួងទេសចរណ៍។

ថ្លែងក្នុងសិក្ខាសាលា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា រីករាយគាំទ្រក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ច ដោយបានពិនិត្យឡើងវិញ វិភាគមុខងារ​ និងរចនាសម្ព័ន្ធ រួមទាំងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការរបស់ក្រសួងទេសចរណ៍ផងដែរ។



តាមរយៈការអនុវត្តសកម្មភាពកន្លងមក លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសរុបលទ្ធផលរបស់ក្រសួង  ថាបានកំណត់មុខងារគោលចំនួន៣មាន ការគ្រប់គ្រងវិស័យទេសចរណ៍,ការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការផ្ដល់សេវាគាំទ្រដំណើរការទូទៅវិស័យទេសចរណ៍។ ក្នុងនោះក្រសួងក៏បានកំណត់មុខងារគាំទ្រចំនួន១៨ និងមុខងារជំនាញចំនួន៣២បន្ថែមក្នុងវិស័យទេសចរណ៍ផងដែរ។

ជាមួយគ្នានេះ ក្រសួងក៏បានកែសម្រួលរចនាសម្ព័ន្ធឡើងវិញតាមអភិក្រមនៃការងារកែទម្រង់រដ្ឋបាលសាធារណៈផងដែរ។ ជាលទ្ធផល ក្រសួងទេសចរណ៍មើលឃើញភាពចន្លោះប្រហោង ពីតួនាទី និងភារកិច្ចរបស់គណៈកម្មការមួយចំនួន ដែលគាំទ្រការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ស្ទួនគ្នាជាមួយនឹងតួនាទីក្រសួងទេសចរណ៍ ហើយភារកិច្ចមួយចំនួននៅក្រសួងដទៃ ក៏ស្ទួនគ្នាផងដែរ។


 
បើតាមលោករដ្ឋមន្រ្តី ក្រសួងនឹងកែសម្រួលរចនាសម្ព័ន្ធ ដើម្បីឱ្យសមស្របទៅនឹងមុខងារថ្មីរបស់ក្រសួងទេសចរណ៍ និងកែសម្រួលតួនាទី ភារកិច្ចរបស់គណៈកម្មការនានា ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ រួមទាំងមន្ត្រីរាជការតាមអង្គភាពនីមួយៗ។ 

សូម​បញ្ជាក់ថា ការ​ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ចំពោះ​កិច្ច​ការ​វិភាគមុខងារនេះ ​ក្រសួងមុខងារសាធារណៈ មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត  និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់​របស់ក្រសួង ស្ថាប័ននីមួយៗ៕







អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ