Man Utd ប្រកាសគម្រោងសង់កីឡដ្ឋានធំបំផុតនៅអង់គ្លេស តម្លៃ ២​,៥៩ពាន់លានដុល្លារ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៩ នាទី រសៀល
Man Utd ប្រកាសគម្រោងសង់កីឡដ្ឋានធំបំផុតនៅអង់គ្លេស តម្លៃ ២​,៥៩ពាន់លានដុល្លារ

ក្លិប Manchester United បានបង្ហាញគម្រោង និងគំរូសាងសង់កីឡដ្ឋានថ្មី Wembley of the north តម្លៃ ២ពាន់លានផោន(២,៥៩ពាន់លានដុល្លារ) ដែលអាចផ្ទុកទស្សនិកជន ១០០ ០០០នាក់។ បើតាមការប្រកាសរបស់ក្លិបបិសាចក្រហមនៅថ្ងៃទី១១ ខែមីនា កីឡដ្ឋានថ្មី ដែលនឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតប្រចាំអង់គ្លេស នឹងត្រូវសាងសង់ជាប់កីឡដ្ឋានចាស់ Old Trafford។
TTN-Free-Banner-In-Article-PC

 

នៅក្នុងសេចក្តីប្រកាស ក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យ មានក្តីរំពឹងថាគម្រោងកីឡដ្ឋានថ្មីនឹងប្រើពេល ៥ឆ្នាំ។ កាលពីខែសីហា ឆ្នាំ ២០២៤ ក្លិបរហស្សនាមបិសាចក្រហមបានតែងតាំងក្រុមហ៊ុនសាងសង់ដ៏ល្បីល្បាញមួយលើពិភពលោក Foster + Partners ដើម្បីកាន់កាប់គម្រោងនេះ។

ក្លិបថែមទាំងបានបង្ហាញគំរូកីឡដ្ឋានថ្មីរបស់ពួកគេ ដែលកីឡដ្ឋានថ្មីនោះនឹងបង្ហាញការរចនាតាមបែបជារូបរាងឆ័ត្រ នៅក្នុងកម្មវិធីជួបជុំមួយក្នុងទីក្រុងឡុងដ៍។

បើតាមសម្តីរបស់លោក Sir Jim Ratcliffe សហម្ចាស់ក្លិប Man Utd ដែលបានទិញភាគហ៊ុនក្លិបចំនួន ២៥ភាគរយ គម្រោងសាងសង់កីឡដ្ឋានថ្មី មានឈ្មោះថា Wembley of the north គឺបានផ្តួចផ្តើមគំនិតឡើង តាំងពីពេលលោកបានចូលរួមដំណើរជាមួយក្លិបតាំងពីដើមឆ្នាំ ២០២៤ មកម្ល៉េះ។



ចំណែកក្រុមហ៊ុនស្ថាបត្យកម្មកាន់គម្រោងសាងសង់កីឡដ្ឋានថ្មី របស់ក្លិប Man Utd បានអះអាងថាការសាងសង់មានរយៈពេលត្រឹម ៥ឆ្នាំ ក៏ព្រោះតែរបៀបសង់កីឡដ្ឋាននោះឡើង គឺទទួលបានអំណោយផលពីប្រព័ន្ធប្រឡាយទឹកនៅក្នុងតំបន់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់អាចពន្លឿនការសាងសង់ តាមការដឹកជញ្ជូនតាមផ្លូវទឹក។

លើសពីនេះ Man Utd បានអះអាងទៀតថា គម្រោងកីឡដ្ឋានថ្មី នឹងអាចបង្កើតការងារថ្មីចំនួន ៩២ ០០០កន្លែង ហើយក៏នឹងអាចអនុញ្ញាតឱ្យមានការកសាងផ្ទះថ្មីចំនួន ១៧ ០០០ទីតាំង នៅក្បែរតំបន់កីឡដ្ឋានថ្មី ហើយគម្រោងដ៏ធំក៏នឹងជួយបង្កើនទំហំសេដ្ឋកិច្ច ជាទឹកប្រាក់ ៧,៣ពាន់លានផោន(៩,៤ពាន់លានដុល្លារ) ទៅកាន់ប្រទេសអង់គ្លេស។ 

កីឡដ្ឋាន Old Trafford ត្រូវបានក្លិបប្រើប្រាស់មកដល់បច្ចុប្បន្ន មិនបានជួសជុលកែលម្អរឱ្យល្អប្រសើរវិញនៅឡើយ ចាប់តាំងពីឆ្នាំ ២០០៦ ហើយក្លិបក៏បានរងការរិះគន់ខ្លាំងពីបញ្ហាតែងកើតមាននៅក្នុងកីឡដ្ឋានដ៏មានវ័យចំណាស់ប្រចាំប្រទេសអង់គ្លេសមួយនេះ។ កីឡដ្ឋានដែលផ្ទុកមនុស្សចំនួន ៧៤ ៨៧៩នាក់ កន្លងមកជួបបញ្ហាលេចធ្លាយទឹកភ្លៀងតាមដំបូលកីឡដ្ឋាន និងមានសត្វកណ្តុរ។

បើទោះអាចផ្ទុកមនុស្សជាង ៧៤ ៨៧៩នាក់ ប៉ុន្តែកីឡដ្ឋាននេះ មិនមានភាពទំនើបដូចទៅនឹងកីឡដ្ឋានរបស់គូប្រជែងដូចជាក្លិប Arsenal និង Tottenham Hotspur ដែលជាកីឡដ្ឋានទំនើប អាចរៀបចំព្រឹត្តិការណ៍កម្សាន្តដទៃ ព្រមទាំងការប្រគុំតន្ត្រី ដើម្បីជួយបង្កើនដល់កំណើនហិរញ្ញវត្ថុដល់ក្លិប៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង