អាកាសចរស៊ីវិល នឹងជំរុញការដឹកជញ្ជូនអ្នកដំណើរតាមអាកាសឱ្យបាន៧,៥លាននាក់ ក្នុងឆ្នាំនេះ
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៣៤ នាទី រសៀល

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ដែលធ្វើឡើង
ភ្នំពេញ៖ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្តេជ្ញាជំរុញការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឱ្យបាន៧,៥លានាក់ ជាមួយនឹងទំនិញ៨០ពាន់តោន ក្នុងឆ្នាំ២០២៥។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ដែលធ្វើឡើង នាថ្ងៃទី១២ ខែមីនា។

កម្ពុជា បានអនុវត្តគោលនយោបាយបើកចំហជើងមេឃ តាំងពីឆ្នាំ១៩៩៩ មកទល់សព្វថ្ងៃ។ មានរយៈពេល២៦ឆ្នាំហើយ ក្នុងការជួយជំរុញឱ្យមានសន្ទុះរីកចម្រើនដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។ ការណ៍នេះ គឺដើម្បីឆ្លើយតបតម្រូវការ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិមកកាន់ កម្ពុជា។
បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលក្នុងប្រទេស។ គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍។ ក្នុងនោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។
ដើម្បីសម្រេចគោលដៅលើការដឹកជញ្ជូនអ្នកដំណើរបាន៧,៥លាននាក់ ក្នុងឆ្នាំ២០២៥ លោក ម៉ៅ ហាវណ្ណាល់ បានដាក់ចេញផែនការសកម្មភាពការងារមួយចំនួន។ ក្នុងនោះ មានការជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀង ស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់។ នេះបើតាមការចុះផ្សាយរបស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ជាមួយគ្នានេះ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងព្យាយាមរៀបចំឱ្យទាន់ពេលវេលា លើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដើម្បីទទួលនូវកម្មវិធីសវនកម្មត្រួតពិនិត្យសុវត្ថិភាពរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO Coordinated Validation Mission/ICVM)ដែលនឹងប្រព្រឹត្តឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ រួមទាំង ផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋានឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងបើកដំណើរការនៅខែកក្កដា។
ក្រៅពីកិច្ចខាងលើ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តខិតខំស្វែងរកប្រភពទុនវិនិយោគ អាចជារូបភាព ដៃគូរដ្ឋ និងឯកជន (Public and Private Partnership – PPP) ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរី និងបាត់ដំបង និងបន្តជួយគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកអាចមានលទ្ធភាពកាន់តែទូលំទូលាយ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិ។
លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជំរុញរួមទាំងសម្រួលនីតិវិធីនានា ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់ភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។
អត្ថបទទាក់ទង
ការដឹកជញ្ជូនតាមផ្លូវអាកាស ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់ ,ជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍, លើកកម្ពស់ទំនាក់ទំនងសង្គម និងរួមចំណែកបង្កើនចំណូលថវិកាជាតិ។
កាលឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានកំណើនជាវិជ្ជមានល្អ។ ក្នុងនោះ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ៦,២៤ លាននាក់ កើន២២ភាគរយ ដោយ ទទួលបានជើងហោះហើរសរុប ៥៨ ៣៥៤ជើង កំណើន ១៤ភាគរយ។ ជាមួយគ្នានេះ ការដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន មានកំណើនដល់ ៤០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះយោងតាមនេះបើយោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី៤ ខែមីនា។
ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ។ គិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិសរុបចំនួន៣១ក្រុមហ៊ុន។
ក្នុងឆ្នាំ២០២៤ កម្ពុជា បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: