ព្រឹទ្ធាចារ្យ សាន គីមស៊ាន៖ អត្ដពលិកគុនល្បុក្កតោ លើវិញ្ញាសាប្រយុទ្ធមានគុណផលល្អជាងមុន
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:០៥ នាទី រសៀល

ការប្រកួតគុនល្បុក្កតោជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោ
ព្រឹទ្ធាចារ្យ សាន គីមស៊ាន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សង្កេតឃើញកីឡាករ-កីឡាការិនី ប្រកួតលើវិញ្ញាសាប្រយុទ្ធ មានគុណផលល្អជាងមុន ទាំងអ្នកទទួលបានជ័យជម្នះ និងអ្នកដែលបរាជ័យ។ ព្រឹទ្ធាចារ្យគុនរូបនេះ បាននិយាយដូច្នេះ ក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិគុនល្បុក្កតោ កាលពីថ្ងៃទទី១១ ខែមីនា នៅសាលមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងពិធីបិទការប្រកួតនោះ ព្រឹទ្ធាចារ្យ សាន គីមស៊ាន បានវាយតម្លៃថា អត្ដពលិក ដែលប្រកួតលើវិញ្ញាសាប្រយុទ្ធ មានសមត្ថភាព និងគុណផលកីឡា ល្អជាងពីមុន ទាំងអ្នកឈ្នះ និងអ្នកបរាជ័យ។
អនុប្រធានសហព័ន្ធរូបនេះ លើកទឹកចិត្តឲ្យអត្ដពលិកទាំងនោះប្រឹងប្រែងបន្ថែមទៀត ដើម្បីជាការផ្សព្វផ្សាយទៅអន្ដរជាតិ។ ព្រឹទ្ធាចារ្យគុនរូបនេះ លើកឡើងថា ភាពរីកចម្រើនគុណផលកីឡាគុន ដែលជាអត្ដសញ្ញាណជាតិមួយនេះ គឺដោយសារការខិតខំប្រឹងប្រែងបង្វឹក ដោយយកចិត្តទុកដាក់ពីគ្រូបង្វឹក ដែលជាចាស់ទុំ និងជាព្រឹទ្ធាចារ្យ។
លោក សាន គីមស៊ាន បាននិយាយថា៖ «ខ្ញុំ សូមថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យ តាមសាលាគុន ដែលបានបង្ហាត់សិស្សដោយយកចិត្តទុក។ ខ្ញុំបានឃើញការរៀបចំការប្រកួតក្បាច់ប្រយុទ្ធ បានជឿនលឿន ទោះបីចាញ់ និងឈ្នះ យើងត្រូវខំប្រឹងបន្ដទៀត ដើម្បីឲ្យក្បាច់គុននេះ បានផ្សព្វផ្សាយទៅអន្ដរជាតិ កាន់តែខ្លាំងជាងនេះ។»។
ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានប្រតិភូកីឡាចូលរួមសរុប ២៥៥នាក់ ក្នុងនោះមានប្រតិភូគ្រូបង្វឹក ៣៥នាក់, កីឡាករ ១០៥នាក់, កីឡាការិនី ៥៥នាក់, មន្ដ្រីបច្ចេកទេស ៤០នាក់ និងក្រុមការងារស្ម័គ្រចិត្ត ១០នាក់។ កីឡាករ-កីឡាការិនី ទាំងនោះមកពីសាលាគុនល្បុក្កតោចំនួន២៩ នៃរាជធានី-ខេត្តចំនួន ១០ មានដូចជា ភ្នំពេញ, ព្រៃវែង, កណ្ដាល, កំពង់ឆ្នាំង, រតនគិរី, បន្ទាយមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ និងបាត់ដំបង។
សហព័ន្ធ បានដាក់ ១៨វិញ្ញាសា សម្រាប់ប្រកួត ក្នុងនោះវិញ្ញាសាប្រយុទ្ធនារី មានចំនួន៤, ប្រយុទ្ធបុរស ៧វិញ្ញាសា, សម្ដែងឯកត្ដជន ៦វិញ្ញាសា និងសម្ដែងក្រុម ៣នាក់ ១វិញ្ញាសា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: