អាម៉េរិកចាប់ផ្តើមអនុវត្តពន្ធនាំចូលលើដែក និងអាលុយមីញ៉ូម
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

រូបភាព ៖ Xinhua
អាលុយមីញ៉ូម និងដែកថែបទាំងអស់ដែលនាំចូលទៅលក់នៅអាម៉េរិក នឹងត្រូវជាប់ពន្ធ ២៥ភាគរយ ចាប់ពីថ្ងៃទី១២ ខែមីនា ដូចដែលបានគ្រោងទុកដោយប្រធានាធិបតី ដូណាល់ ត្រាំ ។

អាម៉េរិកបានចាប់ផ្តើមដាក់ពន្ធថ្មីលើអាលុយមីញ៉ូម និងដែកថែបដែលនាំចូលក្នុងប្រទេស។ តាមក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ផលិតផលទាំងនេះនឹងត្រូវជាប់ពន្ធ ២៥ភាគរយ ដោយគ្មានករណីលើកលែងឡើយ។ លោក ត្រាំ បានប្តេជ្ញាថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជំរុញការផលិត និងនាំយកការងារបន្ថែមទៀត ត្រឡប់ទៅអាម៉េរិកវិញ។
នេះមិនមែនជាលើកទីមួយទេ ដែលប្រធានាធិបតីអាម៉េរិកបានដាក់ពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែក។ អំឡុងពេលអាណត្តិដំបូង លោក ត្រាំ បានដាក់ពន្ធ ២៥ភាគរយ លើដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូមក្នុងឆ្នាំ ២០១៨។ ប៉ុន្តែក្រោយមកប្រធានាធិបតីអាម៉េរិក បានលើកលែងដៃគូពាណិជ្ជកម្មមួយចំនួន រួមទាំងកាណាដា ម៉ិកស៊ិក និងប្រេស៊ីលពីពន្ធនេះ។ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃឌិន ការលើកលែងពន្ធបានបន្តពង្រីកដល់អង់គ្លេស ជប៉ុន និងសហភាពអឺរ៉ុប (EU)។
តាមសមាគមដែក និងដែករបស់អាម៉េរិក ប្រទេសនេះនាំចូលដែកច្រើនបំផុតពីកាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េខាងត្បូង និងវៀតណាម។ សម្រាប់អាលុយមីញ៉ូម កាណាដាបានចូលរួមចំណែក ៧៩ភាគរយនៃការនាំចូលក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំមុន។ ម៉ិកស៊ិកក៏ជាអ្នកផ្គត់ផ្គង់អាលុយមីញ៉ូមដ៏ធំដល់អាម៉េរិកផងដែរ។ សមាគមក៏បានសាទរចំពោះការតម្លើងពន្ធដែកនេះដែរ។
នៅថ្ងៃទី១១ ខែមីនា រដ្ឋមន្ត្រីថាមពលកាណាដា លោក Jonathan Wilkinson បានប្រាប់ CNN ថា កាណាដានឹងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះពន្ធនាំចូលណាមួយដែលអាម៉េរិកដាក់លើកាណាដា។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ថា កាណាដាមិនចង់បង្កើនភាពតានតឹងពាណិជ្ជកម្ម ឬក្លាយជាគូប្រជែងជាមួយអាម៉េរិកនោះទេ។
ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro បានអះអាងថា នេះមិនមែនជាសកម្មភាព «ពាណិជ្ជកម្មសុទ្ធសាធ»នោះទេ។ លោកបានពន្យល់ថា កិច្ចខិតខំប្រឹងប្រែងនេះនឹងធានាថាអាម៉េរិកលែងពឹងផ្អែកលើប្រទេសផ្សេងទៀតសម្រាប់ឧស្សាហកម្មសំខាន់ៗដូចជាអាលុយមីញ៉ូម និងដែក ដោយបញ្ចប់ការលក់ទំនិញថោកៗពីបរទេស ចូលទៅក្នុងប្រទេស ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពារឧស្សាហកម្មដែលជាគន្លឹះនៃសន្តិសុខជាតិ។
អ្នកផលិតដែកថែប និងអាលុយមីញ៉ូមរបស់អាម៉េរិកនឹងទទួលបានអត្ថប្រយោជន៍ ដោយសារពន្ធនាំចូលធ្វើឱ្យទំនិញបរទេសមានតម្លៃថ្លៃកាន់តែច្រើនក្នុងការចូលប្រទេស។ នេះមានន័យថា ក្រុមហ៊ុនក្នុងស្រុកដែលផ្គត់ផ្គង់អាលុយមីញ៉ូម និងដែកថែបមានឱកាសលើសពីដៃគូប្រកួតប្រជែងបរទេស ដោយសារតម្លៃដែកថែបពីកាណាដា ប្រេស៊ីល ឬម៉ិកស៊ិកកើនឡើងយ៉ាងខ្លាំង។
យ៉ាងណាមិញ អ្នកវិភាគព្រមានថាពន្ធនេះ អាចបណ្តាលឱ្យមានការខាតបង់សម្រាប់អ្នកប្រើប្រាស់ និងអ្នកផលិតនៅអាម៉េរិក។ ដែកថែបអាលុយមីញ៉ូមត្រូវបានគេប្រើជាទូទៅនៅក្នុងផលិតផលជាច្រើន។ នេះមានន័យថា ការដំឡើងពន្ធនាំចូលនឹងជំរុញឱ្យតម្លៃផលិតផលឡើងថ្លៃ។ ឧទាហរណ៍ ពន្ធ ២៥ភាគរយលើដែកដែលប្រើក្នុងឡាន ៤០ ០០០ដុល្លារនឹងធ្វើឱ្យតម្លៃរថយន្តកើនឡើង ១-២ភាគរយ។
លើសពីនេះ អាជីវកម្មអាម៉េរិកដែលលក់ផលិតផលនៅក្រៅប្រទេសក៏អាចរងផលប៉ះពាល់ពីពន្ធនាំចូលរបស់លោក ត្រាំ ប្រសិនបើប្រទេសផ្សេងទៀតសងសឹក។
ភាពតានតឹងពាណិជ្ជកម្មសកលបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារអាម៉េរិកបានដាក់ពន្ធនាំចូលជាបន្តបន្ទាប់ លើដៃគូរបស់ខ្លួន។ រហូតមកដល់ពេលនេះ លោក ត្រាំ បានដាក់ពន្ធលើទំនិញពីម៉ិកស៊ិក កាណាដា ចិន ដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយកំពុងរៀបចំប្រកាសពន្ធគយលើប្រទេសផ្សេងទៀតទាំងអស់ចាប់ពីដើមខែក្រោយ។ ចិន និងកាណាដា ក៏បានដាក់ពន្ធសងសឹកលើអាម៉េរិកវិញផងដែរ។
ថ្មីៗនេះ កាណាដាបានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដល់រដ្ឋអាម៉េរិកមួយចំនូន បើអាម៉េរិកហ៊ានតម្លើងពន្ធ ២៥ភាគរយបន្ថែមទៀតលើការនាំចូលដែកពីកាណាដា ។ ក្រោយមក អាម៉េរិកសម្រេចយកពន្ធដែកលើកាណាដាតែ ២៥ភាគរយប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: