សហភាពអឺរ៉ុប វាយបកពន្ធអាម៉េរិកតម្លៃ ២៨ពាន់លានដុល្លារ
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ប៉ុន្មានម៉ោងក្រោយដាក់ពន្ធលើដែក និងអាលុយមីញ៉ូមរបស់អាម៉េរិកចូលជាធរមាន សហភាពអឺរ៉ុប (EU) បានវាយបកពន្ធលើទំនិញអាម៉េរិកវិញ ដែលមានតម្លៃប្រមាណ ២៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

«សហភាពអឺរ៉ុបត្រូវតែធ្វើសកម្មភាពដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្ម។ ការឆ្លើយតបរបស់យើងគឺខ្លាំង ប៉ុន្តែសមាមាត្រ។ អាម៉េរិកបានដាក់ពន្ធលើទំនិញអឺរ៉ុបដែលមានតម្លៃ ២៨ពាន់លានដុល្លារ យើងបានឆ្លើយតបជាមួយនឹងពន្ធលើទំនិញរបស់អាម៉េរិកដែលមានតម្លៃ ២៦ពាន់លានអឺរ៉ូ»។ នេះបើតាមលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១២ ខែមីនា។
ចាប់ថ្ងៃទី១២ ខែមីនា ពន្ធនាំចូល ២៥ភាគរយលើអាលុយមីញ៉ូម និងដែកចូលអាម៉េរិកបានចាប់ផ្តើមចូលជាធរមាន សម្រាប់ដៃគូពាណិជ្ជកម្មទាំងអស់របស់ប្រទេសនេះ។
គោលនយោបាយឆ្លើយតបរបស់អឺរ៉ុបមាន២ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៣ ខែមេសា។
ចាប់ពីថ្ងៃទី១ ខែមេសា សហភាពអឺរ៉ុបនឹងដាក់ពន្ធឡើងវិញលើផលិតផលប្រហែល ៨ពាន់លានអឺរ៉ូពីអាម៉េរិក ដែលបច្ចុប្បន្នត្រូវព្យួរពន្ធ។
អំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ បន្ទាប់ពីអាម៉េរិកបានដាក់ពន្ធលើអាលុយមីញ៉ូម និងដែកថែប អឺរ៉ុបបានសងសឹកជាមួយនឹងគោលនយោបាយស្រដៀងគ្នា។ ភាគីទាំងពីរបា នឈានដល់កិច្ចព្រមព្រៀងមួយនៅឆ្នាំ២០២១ ដោយអាម៉េរិកបានដកពន្ធមួយចំនួន ហើយសហភាពអឺរ៉ុបបានផ្អាកពន្ធសងសឹកសម្រាប់ពេលនេះ។
ក្នុងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងកំណត់គោលដៅបន្ថែម ១៨ពាន់លានអឺរ៉ូនៃទំនិញពីអាម៉េរិក។ ផលិតផលដែលបានស្នើឡើង មាននៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មដូចជា អាលុយមីញ៉ូម ដែក វាយនភ័ណ្ឌ ផ្លាស្ទិច បសុបក្សី សាច់គោ ស៊ុត ផលិតផលទឹកដោះគោ ស្ករ បន្លែ គ្រឿងប្រើប្រាស់ក្នុងផ្ទះ។
នៅខាងក្រៅទ្វីបអឺរ៉ុប ប្រទេសមួយចំនួនដែលនាំចេញអាលុយមីញ៉ូម និងដែកថែបទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកក៏មានប្រតិកម្មផងដែរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស Jonathan Reynolds បាននិយាយកាលពីថ្ងៃទី១២ ខែមីនាថា លោក»ខកចិត្ត»ចំពោះការសម្រេចចិត្តរបស់អាម៉េរិក។ ប្រទេសនេះកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្រង់ទ្រាយធំជាមួយក្រុងវ៉ាស៊ីនតោនដើម្បីលុបបំបាត់ពន្ធនាំចូល។
រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Cheong In-kyo នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយ ផលប៉ះពាល់នៃពន្ធគយរបស់អាម៉េរិកលើសេដ្ឋកិច្ចកូរ៉េខាងត្បូង។ ពួកគេគឺជាអ្នកផ្គត់ផ្គង់អាលុយមីញ៉ូម និងដែកថែបធំជាងគេទីបួនដល់អាម៉េរិកក្នុងឆ្នាំ ២០២៤ គិតតាមបរិមាណ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: